ម្ចាស់​មេ​ដាយ​មាស ៣​ជំនាន់​កម្ពុជា កែ ឡេង ជំ​រុញ​​​ឲ្យ​​​​យុវ​​​ជន​​​​ជំនាន់​ក្រោយ​​​​ចៀស​​​​ឲ្យ​​​​ឆ្ងាយ​​​​ពី​​​​អ​​​បាយ​​​មុខ និង​​ចូល​​រួម​​ហាត់​​​កីឡា ដើម្បី​​សុខ​​ភាព

495 Views
November 29, 2017

វីរៈកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាស៣ ជំនាន់ផ្នែកប៉េតង់នារី បានជំរុញឲ្យយុវជនខ្មែរជំនាន់ក្រោយចៀសឲ្យឆ្ងាយរឿងអបាយមុខ ដែលសង្គមស្អប់ខ្ពើម ដូចជាការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ មិនតែប៉ុណ្ណោះសូមយុវជនជំនាន់ក្រោយត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីខ្លួនឯង គ្រួសារ សង្គមជាតិ និងចូលរួមហាត់កីឡាទាំងអស់គ្នា ដើម្បីសុខភាពមាំមួន។

អ្នកស្រី កែ ឡេង ថ្លែងជំរុញបែបនេះក្នុងឱកាសដែលក្រុមហ៊ុនហ៊ុនឆ្នោតកីឡាជាតិ រៀបចំពិធីផ្តល់រង្វាន់លើកទឹកចិត្ត និងសម្ភារៈមួយចំនួនដល់អ្នកស្រី ដោយមានការចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកឧកញ៉ា ឈិន យ៉ុងសៀង ប្រធានប្រតិបត្តិក្រុមហ៊ុនឆ្នោតកីឡាជាតិ នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្នាក់ការក្រុមឆ្នោតកីឡាជាតិ រាជធានីភ្នំពេញ។

កីឡាការិនី កែ ឡេង ទទួលបានមេដាយមាសពិភពលោក១គ្រឿងទៀត ពីព្រឹត្តិការណ៍ 16th Women Petanque World Championship ដែលរៀបចំនៅក្រុង Kaihua ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី៨-១២ ខែវិច្ឆិកា។ នេះជាមេដាយមាសពិភពលោក៣លើកជាប់គ្នារបស់វីរៈកីឡាការិនីកម្ពុជា កែ ឡេង បន្ទាប់រកបានលើកដំបូងនៅឆ្នាំ២០១៣នៅប្រទេសបារាំង និងលើកទី២ នៅឆ្នាំ២០១៥ នៅថៃ។

សូមរំលឹកផងដែរថា កម្ពុជាបានបញ្ជូនអត្តពលិកកីឡាប៉េតង់ផ្នែកនារី ៤រូប (កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និង ស្រ៊ាង សុរ៉ាឃីម) ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប៉េតង់ពិភពលោក ឆ្នាំ២០១៧ នៅទីក្រុង Kaihua ប្រទេសចិន ដែលមាន ៤៣ប្រទេសចូលរួម។ សម្រេចជាលទ្ធផលកីឡាការិនី កែ ឡេង ដណ្តើមបានមេដាយមាស ១គ្រឿង ដែលជាមេដាយធ្លាប់ឈ្នះ ២សម័យកាលជាប់គ្នាគឺក្នុងឆ្នាំ២០១៣ នៅបារាំង និងឆ្នាំ២០១៥ នៅប្រទេសថៃ មុនពេលចាប់ដៃគូវាយ ៣នាក់ទល់នឹង ៣នាក់ បានឈ្នះត្រឹមមេដាយសំរឹទ្ធ ១គ្រឿងទៀត ក្រោយចាញ់ក្រុមកីឡាការិនីបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ៕

ប្រភព៖ freshnews

Facebook Comment

Related Articles