បក្សកុម្មុយនីស្តចិន ប្រកាសធ្វើជាបង្អែកដ៏រឹងមាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសកម្ពុជា

652 Views
November 30, 2017

បក្សកុម្មុយនីស្តចិន បានប្រកាសយ៉ាងមហោឡារឹកថា នឹងធ្វើជាបង្អែកដ៏រឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសឲ្យប្រកបដោយសុខសន្តិភាព និងទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត។

ការប្រកាសនេះបានធ្វើឡើងក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចរវាងលោក សុង ថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តីចិន ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីក្រុងបេកាំង ប្រទេសចិន។

ក្នុងពិធីស្រស់ស្រូបអាហារនោះ លោក សុង ថាវ បានហៅដំណើររបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់រវាងគណបក្សកុម្មុយនីស្តចិន និងបក្សនយោបាយ១២២លើពិភពលោក គឺជាការផ្តល់នូវមហាកិត្តិ យសដ៏ខ្ពង់ខ្ពស់បំផុត ចំពោះបក្ស រដ្ឋ និងប្រជាជនចិន ក្នុងពង្រីកនូវកាលានុវត្តភាពរបស់ខ្លួនលើការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឲ្យកាន់តែរឹងមាំថែមទៀត។

ក្នុងពិធីស្រស់ស្រូបអាហារប្រកបដោយភាពស្និទ្ធស្នាលនោះ លោក សុង ថាវ បានថ្លែងទៀតថា ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនចិន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាមិត្តដ៏ល្អ មិត្តគួរជាទីទុកបំផុតសម្រាប់ថ្នាក់ដឹកនាំបក្សរដ្ឋ និងប្រជាជនចិន។

មន្ត្រីជាន់ខ្ពស់គណបក្សមជ្ឈឹមបក្សកុម្មុយនីស្តចិនរូបនេះ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការពង្រឹងសន្តិភាព សន្តិសុខ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម មានការរីកចម្រើនលើគ្រប់វិស័យ ដែលនោះបានបង្ហាញឲ្យឃើញពីប្រៀបឈ្នះ ក្នុងនាមជាមេដឹកនាំកំពូលមួយរូប ដែលមានបញ្ញាញាណឈ្លាសវៃ និងប៉ិនប្រសព្វបំផុត។

លោក សុង ថាវ បានគូសបញ្ជាក់ថា ការពង្រឹងបាននូវសុខ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមនោះហើយ គឺជាកត្តាមិនអាចខ្វះបាន ក្នុងការដឹកនាំកសាងសេដ្ឋកិច្ចឲ្យកាន់ តែរីកចម្រើន ហើយឯកឧត្តមមានជំនឿថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ កម្ពុជានិងមានការអភិវឌ្ឍរីកចម្រើនជាក់ជាមិនខាន។

ក្នុងន័យនេះ លោក សុង ថាវ បានបញ្ជាក់ចំពោះមុខសម្តេចតេជោ ហ៊ុន សែន ថា ថ្នាក់ដឹកនាំកំពូលៗនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន នឹងធ្វើជាខ្នងបង្អែកដ៏រឹងមាំសម្រាប់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាល និងប្រទេសកម្ពុជា សម្រាប់រយៈពេលយូរអង្វែងតទៅមុខទៀត។

ឆ្លើយតបជាមួយសមានចិត្តប្រកបដោយភាពកក់ក្តៅរបស់បក្សកុម្មុយនីស្តចិននេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្ររបស់ប្រទេសចិន មិនត្រឹមតែបានរួមចំណែកជួយដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជួយកម្ពុជាពង្រឹងឯករាជ្យភាព និងការខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនចិន ដែលតែងតែគាំទ្រផ្តល់ការជួយឧបត្ថម្ភគ្រប់បែបយ៉ាង ក្នុងការជួយដល់ដំណើរការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ៕

ប្រភព៖ freshnews

Facebook Comment

Related Articles