អ្នកនាំពាក្យគណបក្សកាន់អំណាច ព្រមានអតីតសមាជិក គ.ជ.ប ដែលលាលែង កុំឱ្យមានមោទនភាពពេករហូតគិតថា អត់ពីខ្លួនការបោះឆ្នោតនឹងមិនល្អនោះ

487 Views
December 1, 2017

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ​ ឥសាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ បានព្រមានដល់អតីតសមាជិកគ.ជ.ប ដែលលាលែងពីតំណែងថា សូមកុំឱ្យមានមោទនភាពហួសហេតុពេក រហូតហ៊ាននិយាយថា អត់ពីខ្លួននៅក្នុង គ.ជ.ប នោះ ការបោះឆ្នោតនៅកម្ពុជា នឹងមិនត្រឹមត្រូវឱ្យសោះ។

ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប រៀបចំជ្រើសតាំងដោយអតីតគណបក្សសង្រ្គោះជាតិ ដែលបានលាលែងពីតំណែងកាលពីប៉ុន្មានសប្តាហ៍មុននោះ បានចេញមុខរិះគន់ថា គ.ជ.ប ដែលរៀបចំថ្មីពេលនេះកំពុងបាត់បង់ធាតុដើម ហើយនឹងមិនរំពឹងថា ការបោះឆ្នោតនៅពេលខាងមុខ មានភាពល្អប្រសើរ ត្រឹមត្រូវ យុត្តិធម៌ នោះទេ។

លោក សុខ ឥសាន បានពន្យល់ថា ចំពោះបញ្ហាអវត្តមានសមាជិករបស់គជប មិនមានពាក់ព័ន្ធដល់គុណភាពនិងប្រសិទ្ធភាពនៃការបោះឆ្នោតនោះទេ។ បើផ្អែកតែលើសមាសភាព គ.ជ.ប ហេតុម៉្តេច បានជានៅពេលដែល មានសមាសភាពគ្រប់មកពីគណបក្សទាំងពីរមានអសនៈក្នុងរដ្ឋសភា ក្រោយបោះឆ្នោតហេីយ គណបក្សប្រឆាំង និងក្រុមរបស់ដែលហៅថាបន្ទប់ស្ថានការណ៏ នៅតែថាការបោះឆ្នោតមិនសេរី ត្រឹមត្រូវ និងយុត្តិធ៌ម ? បញ្ហានេះសរបញ្ជាក់ថា មិនជាប់ពាក់ព័ន្ធ នឹងសមាសភាពគជបទេ វាពាក់ព័ន្ធចេតនានយោបាយរបស់ទុច្ចរិត គណបក្សនយោបាយតែប៉ុណ្ណោះ»។

លោក សុខ ឥសាន បានបន្តទៀតថា «ដូច្នេះនៅពេល គ.ជ.ប ខ្វះសមាសភាពដូចមានកំណត់ក្នុងច្បាប់ ចាំបាច់ត្រូវតែជ្រើសរើសតាមនីតិវិធីដាក់ជំនួស។ មិនមែនលុះត្រាតែមានឈ្មោះ ក ឈ្មោះ ខ ទើប គ.ជ.ប ផ្តល់ភាពសេរី ត្រឹមត្រូវ និងយុត្តិធ៌ម ឲ្យការបោះឆ្នោតបាននោះទេ។ កុំស្មានឬមានមោទនភាពបុគ្គល ហួសហេតុពេក ថាបើអត់ពីខ្លួន ការបោះឆ្នោតមិនល្អនោះឡើយ»

សូមបញ្ជាក់ថា គ.ជ.បថ្មី ត្រូវបានរៀបចំដោយគណបក្សដែលទទួលបានអាសនៈក្នុងរដ្ឋសភា ក្រោយការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ កាលពីឆ្នាំ២០១៣។ តាមច្បាប់ គ.ជ.ប មានសមាសភាពក្បាលម៉ាស៊ីនដឹកនាំចំនួន៩រូប ក្នុងនោះ៤រូប ត្រូវជ្រើសរើសដោយ គណបក្សកាន់កាប់រដ្ឋាភិបាល ហើយ៤រូប ត្រូវជ្រើសរើសដោយគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ដែលមិននៅក្នុងរដ្ឋាភិបាល ចំណែក១រូបទៀតជ្រើសរើសពីអង្គការសង្គមស៊ីវិល សម្រេចរួមដោយគណបក្សមានអាសនៈនៅរដ្ឋសភា។

ក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ គ.ជ.ប៣រូប ក្នុងចំណោម៤រូប ដែលជ្រើសតាំងដោយគណបក្សនេះ ក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៥ បានលាលែងពីតំណែង ក្នុងនោះរួមមាន លោក គួយ ប៊ុនរឿង អនុប្រធានគ.ជ.ប លោក រ៉ុង ឈុន និង លោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប។

រហូតមកដល់ពេលនេះ រដ្ឋសភាដែលពេលនេះកំពុងមានគណបក្សចំនួន៤បំពេញការងារនោះ កំពុងរៀបចំសមាជិកគ.ជ.បថ្មី៣រូប ដើម្បីជំនួសតំណែងអ្នកដែលលាលែង មិនទុកឱ្យគ.ជ.បជាប់គាំងនោះទេ។ បេក្ខជន៣រូប ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ប្រកាសទទួលយក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញ ក្នុងនោះមាន លោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ិនប៉ិច លោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា និង លោក ឌឹម សុវណ្ណារុំ មកពីអង្គការសង្គមស៊ីវិល។ បេក្ខជនទាំង៣រូប នឹងត្រូវរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅកិច្ចប្រជុំពេញអង្គខាងមុខនេះ។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោកគឺជាបេក្ខជនសមាជិកគ.ជ.បថ្មីម្នាក់ ដែលឯករាជ្យ ហើយកើតចេញពីសង្គមស៊ីវិល។ លោករំពឹងថា លោកនឹងបំពេញការងារដោយឯករាជ្យ នៅគ.ជ.ប៕

ប្រភព៖ freshnews

Facebook Comment

Related Articles