គ.ជ.ប ថាបក្សកាន់អំណាចអាច​ទទួលបានអាសនៈឃុំសង្កាត់ជាង៩០ភាគរយ

655 Views
December 1, 2017

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ​ឲ្យដឹងថា ស្ថាប័ននេះ បាន​បែង​ចែអាសនៈ​ក្រុមប្រឹក្សា​ឃុំសង្កាត់ របស់អតីតគណបក្សសង្គ្រោះជាតិ ជាង៥ពាន់អាសនៈ ឲ្យទៅបក្សចំនួន៧ ដោយថា​ គណបក្ស ​ដែល​​​ទទួល​​​បានច្រើនជាងគេ គឺ​បក្សកាន់អំណាច ខណៈបក្ស៤ទៀត ប្រកាសមិនទទួលយក​​។

គណបក្ស​ ដែល​ទទួលបាន​អាសនៈទំាងនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្ស ហ្វ៊ុន ស៊ិនប៉ិច គណ​បក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្ស​សាធារណ​រដ្ឋប្រជា​ធិប​​តេយ្យ​ និងគណបក្សជនជាតិ​ដើម​ប្រជាធិបតេយ្យកម្ពុជា​។ ដោយឡែក គណបក្ស ដែលប្រកាសមិន​ទទួល​យក អាសនៈរួមមាន​ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្ស​អំណាច​ខ្មែរ គណបក្សសំបុក​ឃ្មុំ​សង្គមប្រជា​ធិ​បតេយ្យ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បានប្រាប់ VOD នៅថ្ងៃទី១ខែធ្នូនេះថា បើតាម​លទ្ធ​ផល​ក្រៅផ្លូវការ គឺ គ.ជ.ប បានសម្រេច​​បែងចែកអាសនៈ​របស់អតីត​បក្សប្រឆំាង​ជាង៥ពាន់​អាសនៈ ឲ្យទៅ​គណ​បក្ស​ចំនួន៧នោះ ដោយថា ក្នុងនោះ​បក្សប្រជាជនកម្ពុជា ទទួល​បានអាសនៈច្រើនជាងគេ​ ពោល​ប្រហែលជាង​៩០ភាគរយ​ នៃ​អាសនៈ​បក្ស​​ប្រឆំាង ជាង​៥ពាន់អាសនៈ។

លោក សោម សូរីដា បានពន្យល់ពីរបៀបនៃការចែកអាសនៈដូចនេះថា «ប្រសិនបើឃុំសង្កាត់ ជាប់តែ​គណបក្សមួយ​ គឺបញ្ជីបេក្ខជនគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោតរបស់​គណបក្សនោះ​ នឹងទទួល​បាន​តំណែងជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់​ ជាមេឃុំ ចៅសង្កាត់ និងជំទប់ទី១ ទី២ នៅក្នុងឃុំសង្កាត់ហ្នឹង!​ ប៉ុន្តែ ក្នុងករណីឃុំសង្កាត់ហ្នឹង មានតែគណបក្សពីរជាប់ឆ្នោត​ នោះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់​ ឬមេឃុំ ចៅសង្កាត់​គឺបានទៅគណបក្សដែលមានអាសនៈច្រើនជាងគេ​ ហើយជំទប់ទី១ ក៏ត្រូវ​បានទៅគណបក្ស​ដែលមានអាសនៈច្រើនជាងគេ​ ចំណែកឯជំទប់ទី២ គឺបានទៅគណបក្សដែលជាប់​លំដាប់ទី២​»។

ទោះជាយ៉ាងណាលោក សូរីដា អះអាង​ថា លទ្ធផលផ្លូវ​ការ គ.ជ.ប អាចនឹងប្រកាសនៅថ្ងៃនេះ ឬយ៉ាង​យូរ​ នៅ​ថ្ងៃស្អែក។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ គណ​បក្ស​​ប្រ​​ជាជនកម្ពុជា ដែល​​ធ្លាប់គ្រប់គ្រងតំណែងមេឃុំនិងចៅសង្កាត់ ចំនួន ១ ៥៩២ កាលពីឆ្នាំ២០១២នោះ បា​ន​ថយ​​​ចុះនៅត្រឹម ១១៥៦ វិញ នៅ​ឆ្នាំ២០១៧នេះ។ ចំណែ​ក គណ​បក្សប្រឆាំង ដែលធ្លាប់គ្រប់គ្រង តំណែងមេឃុំនិងចៅសង្កាត់ចំនួន៤០នៅឆ្នាំ២០១២ បានកើនឡើងដល់ ៤៨៩​ នៅឆ្នាំ២០១៧នេះ។

ការបែងចែកអាសនៈរដ្ឋសភាទាំង៥៥ និង អសនៈឃុំសង្កាត់ជាង៤០០ របស់អតី​ត​បក្ស​សង្គ្រោះជាតិ ឲ្យ​ទៅបក្ស​ផ្សេងៗ ធ្វើឡើងបន្ទាប់ពី​តុលាការកំពូល បានសម្រេចរំលាយ​គណបក្ស​សង្គ្រោះ​​​​​ជា​​​តិ​កាលពីថ្ងៃទី១៦ខែវិច្ឆកា តាមបណ្តឹងក្រសួងមហាផ្ទៃ។

ទាក់ទងបញ្ហានេះ សហ​រដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ព្រមាន​ដាក់​ទណ្ឌកម្មនានា​​​លើ​​ប្រទេស​កម្ពុជា ដោយ​ថា​ ប្រទេស​នេះ ​បាន​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ ក្រោយ​ពី​រំលាយ និង​បង្ក្រាប​​ទៅ​លើ​បក្ស​ប្រឆាំង៕

ប្រភព៖ vod

Facebook Comment

Related Articles