អគ្គនាយកស៊ីម៉ាក់ ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកលុបបំបាត់អាវុធថា កម្ពុជាមិនទុកឲ្យប្រជាជន បន្តរងការគំរាមកំហែង និងស្លាប់ដោយគ្រាប់បែករបស់អាមេរិក ដោយគ្មានដំណោះស្រាយនោះទេ​

709 Views
December 2, 2017

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ​២០១៧​ បានជួបពិភាក្សាជាមួយគណៈប្រតិភូ នៃការិយាល័យកាត់បន្ថយ និងលុបបំបាត់អាវុធ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក​ ដែលដឹកនាំដោយលោកស្រី​ Emma Atkinson ជាប្រធានគំរោងជំនួយអន្តរជាតិនេះ​ ព្រមទាំងមន្ត្រីជំនួយការ និងមន្ត្រីស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ។

លោក រតនា បានបញ្ជាក់ថា ក្នុងជំនួបនោះស៊ីម៉ាក់ និងមន្ត្រីអាមេរិក បានពិភាក្សាគ្នាដោយយកចិត្តទុក ក្នុងការបន្តជំនួយសំរាប់ឆ្នាំ២០១៨-២០១៩​ ដែលត្រូវបន្តតាមរយៈការប្រកួតប្រជែង​ ហើយស៊ីម៉ាក់នឹងចូលរួមប្រកួតប្រជែងទទួលថវិកានេះ​ ដើម្បីស្រាវជ្រាវ និងបោសសំអាតគ្រាប់បែក និងគ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិក នៅបណ្តាខេត្តខាងកើតប្រទេសរួម មានខេត្តស្វាយរៀង​ ព្រៃវែង​ ត្បូងឃ្មុំ​ កំពង់ចាមជាដើម។​ នេះជាកេរ្ត៍ដំណែលដែលអាមេរិក ត្រូវចូលរួមទទួលខុសត្រូវ​ ទាំងមនុស្សធម៌ និងសីលធម៌​។

លោក ហេង រតនា​ បានបញ្ជាក់ថា «ខ្ញុំបានជំរាបជូនភាគីអាមេរិកជាថ្មីថា​ កម្ពុជាមិនរង់ចាំ និងទុកឲ្យប្រជាជនកម្ពុជា បន្តរងការគំរាមកំហែង និងស្លាប់ដោយសំណល់ជាតិផ្ទុះទាំងនោះ ដោយគ្មានដំណោះស្រាយនោះទេ​ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានកំណត់គោលដៅដោះស្រាយវិបតិ្តនេះឲ្យខាងតែបាន»។

​បើតាមលោក ហេង រតនា ជំនួយខាងបោសសំអាតអាវុធគីមី មិនបូកបញ្ចូលក្រោមការគ្រប់គ្រង របស់ការិយាល័យកាត់បន្ថយអាវុធ នៃក្រសួងបការបរទេសអាមេរិកនេះទេ គឺអាចមានក្រុមជំនាញនៃក្រសួងផេ្សងទៀត ត្រូវទទួលខុសត្រូវ​។

សូមជម្រាបថា គ្រាប់បែក និងគ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិក លើប្រទេសកម្ពុជា ត្រូវបានរកឃើញជាបន្តបន្ទាប់ ក្នុងរួមទាំងគ្រាប់បែកគីមីផងដែរ ដែលបង្កទុក្ខទោស និងការភ័យខ្លាចដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំង។

បើតាមរបាយការណ៍របស់ស៉ីម៉ាក់ អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាម​ច្រើនឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។​ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺ​មានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក​ មានចំនួនគ្រាប់ទំលាក់ចំនួន ជាង២លាន៥៩ម៉ឺនគ្រាប់​ មានទំងន់ជាង២លាន៨សែនតោន​ (២,៨០៣,៨៦៨,១៥២​គីឡូក្រាម)​ ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួន​ជាង២៧លាន៩សែនគ្រាប់​។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ៕

ប្រភព៖ freshnews

Facebook Comment

Related Articles