មេគ្រឿងញៀន មកចែកចាយនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ រួមជាមួយថ្នាំ២៨កញ្ចប់ ត្រូវបានកម្លាំងនគរបាលតាមបង្ក្រាបបាន

519 Views
December 4, 2017

កម្លាំង​នគរបាល​ស្រុក​កំពង់​សិលា​ ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបន្តប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួនមេចែកចាយគ្រឿងញៀនម្នាក់ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ​ក្នុង​ភូមិ​បឹង​ត្រាច​ ឃុំ​ចំការ​ហ្លួង​ ដោយដកហូតថ្នាំចំនួន២៨កញ្ចប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧នេះថា ជនសង្ស័យ​ឈ្មោះ កែវ​ ផានិត​ ​អាយុ​១៧ឆ្នាំ​ មាន​ទីលំនៅ​កំពង់​កណ្តាល​ ឃុំ​កំពង់​បាយ​ ស្រុក​កំពត​ ខេត្ត​កំពត​ មុខ​របរ​ជា​សិស្ស​ ហើយក្រោយការចាប់ខ្លួនកម្លាំងនគរបាលរបស់លោកបានដកហូត​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ចំនួន​២​៨​កញ្ចប់​ (មាន​៧​កញ្ចប់​ធំ​ និង​២​១​កញ្ចប់​តូច)។

លោក​វរសេនីយ៍ទោ ហួត​ ចន្ធី​ អធិការ​នគរបាល​ស្រុក​កំពង់​សិលា​ បាន​បញ្ជាក់​ថា មុខ​សញ្ញា​គ្រឿងញៀន​ម្នាក់​ នេះ​មិន​មែន​ជា​មនុស្ស​នៅ​ក្នុង​មូលដ្ឋាន​ឡើយ គឺមក​ពី​ចំងាយ​តែមាន​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​ ទើបសមត្ថកិច្ច​បាន​តាម​ដាន ហើយ​ឃាត់​ខ្លួន​មកសួរនាំ ទើប​បែក​ធ្លាយ​រក​ឃើញ​ថ្នាំ​ញៀន​តែម្តង។

ករណី​នេះ​សមត្ថកិច្ចជំនាញ ​កំពុង​កសាង​សំណុំរឿង តាម​នីតិវិធី​បញ្ជូន​ទៅ​សាលា​ដំបូង​ ដើម្បីចាត់ការតាមច្បាប់៕

ប្រភព៖ freshnews

Facebook Comment

Related Articles