សម្ដេចតេជោ ហ៊ុន សែន៖ ការរីកចម្រើនលើវិស័យទេសចរណ៍ បញ្ជាក់កាន់តែច្បាស់ទៀតថា កម្ពុជាមានសន្តិភាព ស្ថិរភាព

649 Views
December 5, 2017

ក្នុងសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ សម្ដេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបញ្ជាក់ថា ការរីកចម្រើនលើវិស័យទេសចរណ៍នៅកម្ពុជាបច្ចុប្បន្ន មិនអាចកាត់ផ្ដាច់ចេញពីកត្តាសន្តិសុខបានជាដាច់ខាត ដែលបញ្ជាក់កាន់តែច្បាស់ថែមទៀតថា កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាពពេញលេញ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អប្រសើរ ហើយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក៏មានលំនឹងល្អផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧ សម្រាប់ប្រារព្ធពិធីបុណ្យសមុទ្រ លើកទី៦ (ជុំទី២) នៅខេត្តកែប ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» អមដោយកម្មវិធីពិសេសៗជាច្រើនទៀត ពោលនៅសល់តែជិត២០ថ្ងៃទៀតប៉ុណ្ណោះ។

សារលិខិតអបអរសាទរព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការរីកចម្រើនទាំងនេះ (វិស័យទេសចរណ៍) ក៏មិនអាចកាត់ផ្ដាច់ចេញពីកត្តាសន្តិសុខ ពោលគឺបានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថែមទៀត កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាពពេញលេញ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អប្រសើរ ហើយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក៏មានលំនឹងល្អ»

សម្តេចតេជោបានបន្តថា ការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាមិនមែនធ្វើឡើង សម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែយើងត្រូវគិតគូរឲ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និងគ្រប់គ្រងភ្ញៀវទេសចរឲ្យបានហ្មត់ចត់ ពិសេសស្របពេលដែលពិភពលោកទាំងមូល បាននិងកំពុងប្រឈមនឹងការវិវត្តថ្មីៗឥតឈប់ឈរ ទាំងលើសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រ ទាមទារចាំបាច់ឲ្យមានការអភិវឌ្ឍទីក្រុងស្អាត ទីក្រុងបៃតង ឆ្នេរសមុទ្របៃតង និងកោះបៃតង ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីគោលការណ៍ណែនាំលើការអភិវឌ្ឍរមណីដ្ឋានឆ្នេរសមុទ្រ ដែលជាគំរូអភិវឌ្ឍគិតគូរដល់ការអភិរក្ស ថែរក្សាសម្បត្តិវប្បធម៌ ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព ពោលអភិវឌ្ឍន៍ដើម្បីអភិរក្ស ដោយត្រូវធានាឲ្យបាននូវនិរន្តរភាព ​និងតុល្យភាពផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។

ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទេសចរជាតិ-អន្តរជាតិ វិស័យឯកជន ប្រជាពលរដ្ឋ ចូលរួមឲ្យបានផុសផុលក្នុងពិធីបុណ្យសមុទ្រ នាពេលខាងមុខនេះ ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ទេសចរជាតិ-អន្តរជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមឲ្យកាន់តែសកម្មក្នុងចលនាប្រលងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត បដិសណ្ឋារកិច្ចល្អ» និងសហការថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានដែលជាកត្តាចម្បងមិនអាចខ្លះបាន ក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រឲ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។

សូមរំឭកថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាជាង ៥០ម៉ឺននាក់​ និងទទួលបានជោគជ័យយ៉ាងធំធេង៕

ប្រភព៖ freshnews

Facebook Comment

Related Articles