សម្តេចតេជោ ហ៊ុន សែន៖ ពិភពលោកកំពុងបារម្ភចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង តែកម្ពុជាមិនមែនជាគោលដៅវាយប្រហារនុយក្លេអ៊ែរនោះទេ

521 Views
December 5, 2017

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង កំពុងបង្កការគំរាមកំហែង និងភ័យខ្លាចខ្លាំងដល់បណ្តាប្រទេសនៅលើពិភពលោក បន្ទាប់ពីប្រទេសនេះបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបទទួលបានជោគជ័យកាលពីសប្តាហ៍កន្លងទៅនេះ។ តែទោះជាយ៉ាងណាសម្តេចតេជោ រំពឹងថា កម្ពុជា មិនមែនជាគោលដៅនៃការវាយប្រហារអាវុធនុយក្លេអ៊ែរនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពេលអញ្ជើញបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជានាព្រឹកថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា «ឥឡូវនាំគ្នាខ្លាច ខ្លាចនោះនាំគ្នាខ្លាចយកតែមែនទែនហើយមិនមែនខ្លាចលេងទេ។ តាំងពីកូរ៉េខាងជើងដាក់មួយគ្រាប់កាលពីអាទិត្យមុននេះ គឺបាញ់ដល់កន្លែងណា ក៏ដល់ដែរ ឥឡូវនេះចាប់ផ្តើមនាំគ្នាខ្លាចហើយ។ ពិភពលោកឥឡូវមិនដឹងទៅជាស្អីហើយ គំរាមគ្នាចុះ គំរាមគ្នាឡើង ឥឡូវកូរ៉េខាងជើងគំរាមពេញមួយពិភពលោក នាំគ្នាខ្លាចកូរ៉េខាងជើងអស់ហើយ។ សង្ឃឹមថា ពិភពលោកនឹងមានការស្ងប់ស្ងាត់ដោយការសន្ទនា ដោយស្មារតីស្ថាបនា ប្រហែលកម្ពុជា ជាប្រទេសតូចមួយមិនមែនជាមិនមែនជាគោលដៅវាយប្រហារនុយក្លេអ៊ែរពីកូរ៉េខាងជើង ឬភេរវកម្មនោះទេ»

សូមបញ្ជាក់ថា កាលពីព្រឹកព្រលឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ ប្រទេសកូរ៉េខាងជើងបានប្រកាសពីជោគជ័យនៃកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីមីស៊ីលឆ្លងទ្វីប ICBM មួយគ្រាប់បានបាញ់សាកល្បងដោយជោគជ័យ ហើយធ្លាក់ក្នុងដែនសមុទ្រក្បែរប្រទេសជប៉ុន។ ការទទួលបានជោគជ័យនៃការបាញ់សាកល្បងមីស៊ីលមួយគ្រាប់នេះ កំពុងក្លាយជាគំរាមកំហែងដល់ពិភពលោក ហើយប្រទេសជាច្រើនលើពិភពលោកដូចជាកូរ៉េខាងត្បូង ជប៉ុន អាមេរិក និងអង្គការសហប្រជាជាតិផងដែរ រួមគ្នាសម្តែងប្រតិកម្មតបចំពោះភាពគឃ្លើន និងការបាញ់សាកល្បងមីស៊ីលនេះ៕

ប្រភព៖ freshnews

Facebook Comment

Related Articles