រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើដល់មន្ត្រីពង្រឹងកិច្ចសហការដើម្បីបម្រើប្រជាជន
នៅក្នុងឱកាសចុះសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់មន្ត្រីទាំងអស់ពង្រឹងកិច្ចសហការគ្នា ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព សំដៅឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ស្ពឺ សូមបន្តសកម្មភាពក្នុងការផ្តល់សេវាសាធារណៈ និងចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ តាមហាងទំនិញ និងទីផ្សារ ក៏ដូចជាចុះត្រួតពិនិត្យនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ទំនិញខូចគុណភាព ការលួចបន្លំបរិមាណឬគុណភាពប្រេង និងប្រតិបត្តិការធុរកិច្ចបែបទុច្ចរិត ដោយធ្វើឲ្យការប្រកួតប្រជែងមានសមភាព និងអ្នកប្រើប្រាស់ប្រកបដោយការជឿជាក់។

ទន្ទឹមនឹងនេះដែរ មន្ត្រីកាំកុងត្រូលក៏ត្រូវចុះអប់រំដល់សិស្សានុសិស្ស និងប្រជាជន មុននឹងទិញទំនិញ ត្រូវពិនិត្យមើលការបរិច្ឆេទ ការវិចខ្ចប់ អនាម័យ កំប៉ុងកំពិត ឬមានជ្រេះ ជាដើម ដែលអ្នកលក់កង្វះអនាម័យ។

រដ្ឋមន្ដ្រី ប៉ាន សូរស័ក្កិបានបន្តទៀតថា ដើម្បីជួយសម្រួលដល់ការនាំទំនិញ និងកសិផលឆ្លងកាត់ព្រំដែន ក្រសួងបានធ្វើប្រតិភូកម្មលើការចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (CO) ជូនមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងប៉ៃលិន។ ប្រសិនបើកិច្ចការនេះ អាចដំណើរការដោយរលូន ក្រសួងនឹងពង្រីកការផ្តល់សេវា CO ជូនមន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តផ្សេងៗថែមទៀត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានសំណូមពរដល់មន្ត្រីទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និង ខិតខំពង្រឹងសមត្ថភាពភាសាចំនួនបី (ភាសាជំនាញ, ភាសាកុំព្យូទ័រ, ភាសាអង់គ្លេស) ដើម្បីជាទុនក្នុងការងារបំពេញការងារប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈជូនវិស័យឯកជន នៅក្នុងខេត្តកំពង់ស្ពឺ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី ក៏បានប្រគល់ថវិកាចំនួន ២លានរៀល និងសម្ភារៈការិយាល័យមួយចំនួន ជូនថ្នាក់ដឹកនាំមន្ទីរមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់ក្នុងការចំណាយទៅតាមតម្រូវការជាក់ស្តែង៕





ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា