តុលាការកោះអញ្ជើញ មេធាវីកងយោធពលខេមរភូមិន្ទ ចូលបំភ្លឺនៅថ្ងៃទី១៨ ខែធ្នូ ក្នុងនាមដើមបណ្តឹង លើសំណុំរឿងញុះញង់ឱ្យកងទ័ពប្រឆាំងរដ្ឋាភិបាល

674 Views
December 12, 2017

លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ បានកោះអញ្ជើញ លោក វង្ស ភក្តី មេធាវីរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ឱ្យចូលផ្តល់ចម្លើយ ក្នុងនាមដើមបណ្តឹងជូនតុលាការ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ពាក់ព័ន្ធនឹងការប្តឹង លោក សម រង្ស៊ី ពីបទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថ។

ក្នុងលិខិតអញ្ជើញរបស់ លោក សៀង សុខ បានកំណត់ឱ្យ លោក វង្ស ភក្តី ចូលបំភ្លឺនៅសាលាដំបូងរាជធា​នីភ្នំពេញ វេលាម៉ោង ៩៖០០នាទីព្រឹក នៅជាន់ទី២ បន្ទប់ «ប»។ ទន្ទឹមគ្នានឺងការកោះហៅមេធាវីដើមបណ្តឹងនេះ លោក សៀង សុខ ក៏បានចេញដីការកោះហៅលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ជុំវិញករណីខាងលើ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ លោក វង្ស ភក្តី មេធាវីរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំ​ស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា៖ «នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧នេះ ឈ្មោះ សម រង្ស៊ី បានញុះញង់ឲ្យកងកម្លាំងកុំឲ្យស្តាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើឲ្យខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត»

ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ៕

ប្រភព៖​ ​freshnews

Facebook Comment

Related Articles