សម្តេចតេជោ ហ៊ុន សែន៖ កងទ័ពគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយនោះឡើយ

1716 Views
December 12, 2017

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹកកងទ័ពថា កងទ័ពទាំងអស់មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះឡើយ តែគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានបន្ថែមថា កងទ័ពមិនអាចឈរជើងបានរឹងមាំ និងយូរអង្វែងជាមួយអំពើផ្តាច់ការនោះទេ។

ប្រសាសន៍ក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនានានៃសាលាបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។

នៅចំពោះមុខមេទ័ពកំពូលៗ និងកងទ័ពជាច្រើនពាន់នាក់សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «កងទ័ពជាកូនចៅរបស់ប្រជាជន ហើយកើតចេញពីប្រជាជន ដូច្នេះអ្វីៗទាំងឡាយត្រូវធ្វើ ដើម្បីឲ្យស្របជាមួយផលប្រយោជន៍របស់ប្រជាជន។ កងទ័ពមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ប៉ុន្តែកងទ័ពគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជនរបស់យើង»

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥រូបនេះ ក៏បានក្រើនរំលឹកកងទ័ពផងដែរថា កងទ័ពអាចឈរជើងបានយូរអង្វែង ដោយសារការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ហើយអំពើផ្តាច់ការទាំងឡាយរបស់កងទ័ពមិនអាចឈរជើងបានរឹងមាំនោះឡើយ។ សម្តេចបានលើកជាឧទាហរណ៍ថា របប ប៉ុល ពុត ដែលជារបបដ៏ព្រៃផ្សៃ និងឃោរឃៅ និងមានកងទ័ពរហូតដល់ទៅ ១៨ម៉ឺននាក់ តែទីបំផុតត្រូវដួលរំលំដោយសារតែចលនារបស់ប្រជាពលរដ្ឋ។

ក្នុងន័យនេះដើម្បីរក្សាបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ សម្តេចតេជោ បានរំលឹកដល់កងទ័ពត្រូវរួមគ្នាបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងគោលនិយោបាយ «ឃឿនការពារជាតិរបស់ប្រជាជន» ដែលសម្តេចធ្លាប់បានដាក់ចេញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ដែលបានគាំទ្រយ៉ាងសស្រាក់សស្រាំចំពោះកងទ័ពកម្ពុជា ជាពិសេសនៅអំឡុងពេលកម្ពុជាមានបញ្ហាជាមួយប្រទេសជិតខាង គឺប្រជាពលរដ្ឋបានចេញមកគាំទ្រកងទ័ពយ៉ាងផុលផុសជាទីបំផុត៕

ប្រភព៖ freshnews

Facebook Comment

Related Articles