យើងរួមដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន

422 Views
December 12, 2017

នាថ្ងៃ៨រោច ខែមគិសិរ ឆ្នាំរកា ពន្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅឯសណ្ឋាគារវ៉ៃគោ នៃក្រុងស្វាយរៀង ក្រសួងធម្មការ និងសាសនា រួមជាមួយនឹងអង្គការDanmission អង្គការវិទ្យាស្ថានសន្ទនាមេគង្គ អង្គការFelm Cambodia  និងអង្គការដៃគូជាច្រើនទៀតបានរៀបចំសិក្ខាសាលា កិច្ចសន្ទនាអន្តរសាសនា ស្តីពីការចូលរួមទាំងអស់គ្នាដើម្បីឱ្យជីវិត និងសហគមន៍របស់យើងគ្មានគ្រឿងញៀន ក្រោមអធិបតីភាព​​​​​​​​​​​​ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។ សិក្ខាសាលានេះដែរ​ មានការចូលរួមព្រះមេគុណទាំងពីខណៈ ព្រះសង្ឃ ឯកឧត្តមអភិបាលរងនៃក្រុងស្វាយរៀង  ប្រធានអង្គការDanmission  តំណាងនៃគណមេដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាម គ្រិស្តសាសនិក និងសាសនាចំរុះផ្សេងទៀតដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងច្បាស់លើវិស័យសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាមិនដែលមានជំលោះ ឬសង្រ្គាមដែលកើតមានឡើងតាមរយះសាសនានោះឡើយ ដែលប្រទេសជិតខាងយកគំរូតាម។ “ដោយយោងតាមមាត្រា៤៣ នៃច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបើកសិទ្ធិសេរីភាពយ៉ាងទូលាយលើប្រជាជនទាំងឡាយក្នុងការជ្រើសរើសជំនឿរៀងៗខ្លួន”។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថាៈ ”មេដឹកនាំសាសនា ជាអ្នកដឹកនាំឱ្យមនុស្សនូវអំពើកុសលដើម្បីជោគជ័យទាំងក្នុងសង្គម និងជីវភាពប្រចាំថ្ងៃរបស់ខ្លួន ហើយអាចទទួលបានសុខសន្តិភាព”។ “មានតែយើងទាំងអស់គ្នាសហការគ្នាតែប៉ុណ្ណោះទេ ទើបអាចដោះស្រាយបញ្ហាបានកុំថាឡើយបញ្ហាគ្រឿនញៀន សូម្បីតែបញ្ហាផ្សេងក៏អាចរកដំណោះស្រាយបានដែរ”។ សិក្ខាសាលានេះបានផ្តល់នូវចំណេះដឹង ក៏ដូចជាបទពិសោធនថ្មីទៅដល់សិក្ខាកាមនូវបញ្ហាគ្រឿងញៀន និងផលប៉ះពាល់នៃការប្រើប្រាស់វា។ ជាចុងបញ្ចប់ឯកឧត្តម ហ៊ឹម វិបុលឬទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនាបានធ្វើសេចក្តីប្រកាសរួម ដែលមានដូចតទៅ៖

១)សហគមន៍សាសនាសូមចូលរួមការផ្សព្វផ្សាយ   ស្តីពីបញ្ហាគ្រឿងញៀន ជាមួយរាជរដ្ឋាភិបាលដល់សហគមន៍មូលដ្ឋាន ដើម្បីឱ្យជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន។

២)សហគមន៍សាសនាបេ្តជ្ញាចូលរួមការអប់រំសន្តិភាពផ្លូវចិត្តដល់ជនរងគ្រោះ ពីបញ្ហាគ្រឿងញៀនតាមសហគមន៍មូលដ្ឋាន  ដើម្បីព្យាបាល និង  ស្តានីតិសម្បទា  កាត់បន្ថយភាពក្រីក្រ  និងអំពើហឹង្សាក្នុងគ្រួសារ និងសហគមន៍។

៣)រួមគ្នាបួងសួងលើបញ្ហាសង្គម និងគ្រឿងញៀន។

៤)​អប់រំសុខភាព ផ្លូវចិត្ត សីលធម៌ ដល់សហគមន៍មូលដ្ឋាន  ដើម្បីការពារជីវិត  និងសហគមន៍យើងគ្នា-នគ្រឿងញៀន។

៥)បន្តធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនតាមរយៈកិច្ចសន្ទនាអន្តរសាសនា។

៦)ចូលរួមទិវាប្រយុទ្ឋប្រឆាំងគ្រឿងញៀនអន្តរជាតិ។

៧)អប់រំ និងផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនដោយអន្តរសាសនាតាមបណ្តាញសារព័ត៌មាន។

៨)ផ្សព្វផ្សាយគោលការណ៍សន្តិភាព និងការអភិវឌ្ឍដោយគ្មានគ្រឿងញៀន។

៩)រៀបចំបណ្តុះបណ្តាលគ្រូបង្គោលប្រឹក្សាអំពីបញ្ហាគ្រឿងញៀនតាមសហគមន៍សាសនា។

១០)ចូលរួម​រៀបចំផែនការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនជាមួយក្រសួងធម្មការ និងសាសនា​ ដល់  សហគមន៍មូលដ្ឋាន។

១១)ដឹកនាំបង្កើតឱ្យមានការធ្វើលំហាត់ប្រាណ(ពលកម្ម កីឡា និងសិល្បៈ) និងជំនាញខ្លីៗ

តាមសេចក្តីប្រកាសរួមទាំង១១ចំណុច ខាងលើនេះ អង្គសិក្ខាសាលាកិច្ចសន្ទនាអន្តរជំនឿ-សាសនា

បានឯកភាពគ្នា និងអនុវត្តន៍ តាមសហគមន៍សាសនារៀងៗខ្លួន។

 

Facebook Comment

Related Articles