ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសវីរកងទ័ពកំពុងឈរជើងតាមបន្ទាប់ព្រំដែន ថែរក្សាសុខភាព ខណៈអាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី១៩ ដល់ ២២ ខែធ្នូ!
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាការណ៍អាកាសធាតុ ចុះត្រជាក់នៅកម្ពុជា ដោយបានបញ្ជាក់ថា បន្ទាប់ពីបានតាមដានពីស្ថានភាពអាកាសធាតុរួចមក ឃើញថា ចាប់ពីថ្ងៃទី១៩ ដល់ ២២ ខែធ្នូ ឆ្នាំ២០១៧ សម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលមកគ្របដណ្តប់លើជ្រោយឥណ្ឌូចិន ស្របពេលខ្យល់មូសុងឥសានខ្លាំង ក៏បង្កើតឥទ្ធិពលមកលើកម្ពុជា ដែលលក្ខណៈបែបនេះ ធ្វើឲ្យសីតុណ្ហភាពនៅកម្ពុជាថយចុះខ្លាំង ឯល្បឿនខ្យល់ជំនោរបក់មកពីទិសខាងជើង ក៏មានឥទ្ធិពលខ្លាំង។
ក្រសួងបានបញ្ជាក់ទៀតថា ដោយឥទ្ធិពលបែបនេះ នឹងធ្វើឲ្យអាកាសធាតុកម្ពុជា៖
១៖ ចាប់ពីថ្ងៃទី១៩ ដល់ ២២ ខែធ្នូ ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន មានសីតុណ្ហភាពអប្បបរមា ពី១៦ ដល់ ១៧ អង្សាសេ។
២៖ ចាប់ពីថ្ងៃទី២០ ដល់ ២២ ខែធ្នូ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ និងកំពង់ធំ សីតុណ្ហភាពអប្បបរមា មានពី១៨ ដល់ ១៩អង្សាសេ ។
៣៖ ចាប់ពីថ្ងៃទី២០ ដល់ ២៣ ខែធ្នូ៖ បណ្តាលខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី២០ ដល់ ២២អង្សាសេ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសវីរកងទ័ពកំពុងឈរជើងតាមបន្ទាប់ព្រំដែន ថែរក្សាសុខភាព ក្នុងពេលអាកាសធាតុចុះត្រជាក់ខ្លាំងនេះ៕
ប្រភព៖ freshnews