ក្រុមចាប់ជំរិតតាមទូរស័ព្ទ៥នាក់ មុនបញ្ជូនទៅតុលាការត្រូវបានក្រសួងមហាផ្ទៃ បង្ហាញអត្តសញ្ញាណ

452 Views
December 15, 2017

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំសន្និសីទកាសែត បង្ហាញមុខក្រុមចាប់ជំរិតតាមទូរស័ព្ទ៥នាក់ ដែលមានជនជាតិនីហ្សេរីយ៉ា៤នាក់ និងស្ដ្រីខ្មែរម្នាក់ មុនពេលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។

 

 

លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់បងប្អូនអ្នកលេង Facebook សូមមានការប្រុងប្រយ័ត្នចំពោះការឆបោកតាមរយៈ Facebook ក្នុងការដាក់លេខសម្ងាត់ ការអេដហ្វ្រេន ក្នុងការលេងហ្វេសបុកជាដើម។

 

 

 

សូមជម្រាបថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុប៥នាក់ ជាបន្ដបន្ទាប់ ក្នុងនោះ​ជនជាតិនីហ្សេរីយ៉ា​៤នាក់ និងស្ដ្រីខ្មែរម្នាក់ ដែលពាក់ព័ន្ធករណីឆបោកប្រាក់តាមទូរស័ព្ទ​ ពីស្ដ្រីម្នាក់ដែលមានទីលំនៅក្នុងខណ្ឌសែនសុខ។

 

 

 

ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា និងលោក​ឧត្តមសេនីយ៍ នឹម ច័ន្ទតាណា សហការជាមួយអធិការដ្ឋាននគរបាល​ខណ្ឌដង្កោ​, កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

 

 

មន្ដ្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលបានឃាត់ខ្លួន ទី១៖​ឈ្មោះ ILOANYA CLANCYEMEKA ​អាយុ​៣០ឆ្នាំ, ទី២៖ឈ្មោះ MMADU UGONNA ​អាយុ​២៥ឆ្នាំ, ទី៣៖ឈ្មោះ OKWOR GODUAIN CHIMA ​អាយុ​៣៥ឆ្នាំ, ទី៤៖ឈ្មោះ ​OBI ELXIS KEMECHUKWUY ​អាយុ​៣០ឆ្នាំ និងទី៥៖ឈ្មោះ ស៊ុ ពិសី ភេទស្រី ជាជនជាតិខ្មែរ។

 

 

 

ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតបាន ម៉ូតូម៉ាក Honda PCX ​១គ្រឿងពណ៌ស+ទឹកក្រូច ពាក់ស្លាកលេខ​ភ្នំពេញ​1GS-​8173, កាត ATM, ប័ណ្ណសម្គាល់យានយន្ត ស្លាកលេខ​ភ្នំពេញ1GS-8173, ប័ណ្ណពត៌មានគណនី និងទូរស័ព្ទ ០៣គ្រឿង ពីឈ្មោះ ស៊ុ ពិសី។ ដោយឡែកកុំព្យូទ័រចំនួន ០៣​គ្រឿង, ទូរស័ព្ទចំនួន ០៧​គ្រឿង, លិខិតឆ្លងដែនចំនួន​០៣, អត្តសញ្ញាណបណ្ណ ២សន្លឹក, កាតគ្រីម៉ូតូ MIO ចំនួន០១សន្លឹក, ស៊ីមកាត​១១ស៊ីម (Smart)​, ស៊ីមកាតបរទេស ០៤ស៊ីម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត​ ពីផ្ទះលេខ២៤ ផ្លូវ២៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក​កុំព្យូទ័រ ០១គឿង, ទូរស័ព្ទ ០១គ្រឿងម៉ាក​Sumsung, ទូរស័ព្ទ០២គ្រឿង, លិខិតឆ្លងដែន ជនជាតិនីហ្សេរីយ៉ា ចំនួន​០៣ក្បាល​, វិក័យប័ត្រវេប្រាក់​មួយចំនួន និងសម្ភារៈមួយចំនួនទៀត ដកហូតពីផ្ទះលេខ​១០២ ផ្លូវ២៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

 

 

សូមជម្រាបថា បើតាមពាក្យបណ្ដឹងរបស់ស្ដ្រីរងគ្រោះ ឈ្មោះ ម៉ុច ចាន់ណារី អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានឲ្យដឹងថា ខ្លួនបានស្គាល់ជនជាតិបរទេសម្នាក់ ​នៅប្រទេសអង់គ្លេស តែមិនដែលជួបមុខគ្នានោះទេ ហើយក្រោយមកបុរសនោះ​បានប្រាប់នាងថា គេផ្ញើកាដូឲ្យពីបរទេស រួចនៅថ្ងៃទី១១ ខែធ្នូម្សិលមិញនេះ ​កាដូនោះបានមកដល់ស្រុកខ្មែរ ដោយតម្រូវឲ្យនាងផ្ញើលុយ១,០០០ដុល្លារ ដើម្បីបើកយកកាដូ​។

 

 

ស្ដ្រីបញ្ជាក់ទៀតថា បន្ទាប់ពីនាងបានផ្ញើលុយ១,០០០ដុល្លាររួចមក គេបានទូរស័ព្ទមកថាឲ្យនាងផ្ញើលុយ២,០០០ដុល្លារបន្ថែមថា ពេលនោះទើបនាងសង្ស័យថាត្រូវចាញ់បោកគេ ទើបទៅដាក់ពាក្យបណ្ដឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតែម្ដង៕

 

ប្រភព៖ Fresh News

Facebook Comment

Related Articles