សម្តេច ហ៊ុន សែន ថាកម្ពុជានឹងរស់ដោយឈប់ពឹងខ្យល់អុកស៊ីសែនពីអ្នកដទៃ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងបញ្ចេញប្រាក់១០០លានដុល្លារ ដើម្បីបង្កើតការងារនៅក្នុងស្រុក ដោយថាកម្ពុជាមិនរស់រងចាំតែការដាក់ខ្យល់អុកស៊ីសែនពីអ្នកដទៃឡើយ ខណៈប្រទេសលោកសេរីកំពុងគំរាមដាក់ទណ្ឌកម្ម ដោយសារតែការរំលាយបក្សប្រឆាំង និងចាប់ខ្លួនលោក កឹម សុខា។
តុលាការកំពូលរបស់កម្ពុជា កាលពីថ្ងៃទី១៦ខែវិច្ឆិកា បានប្រកាសរំលាយ អតីតគណបក្សសង្គ្រោះជាតិ ចោទថាគណបក្សនេះ បានឃុបឃិតជាមួយបរទេស ចង់ផ្តួលរលំរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយលោក ហ៊ុន សែន និងបានប្រកាសឲ្យមន្ត្រីបក្សប្រឆាំង១១៨នាក់ ផ្អាកធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។
ប៉ុន្តែចំណាត់ការនេះ ត្រូវបានប្រទេសលោកសេរី មានសហរដ្ឋអាមេរិក ប្រកាសរឹតបន្តឹងផ្នែកទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួន និងប្រកាសផ្តាច់ជំនួយដល់ គ.ជ.ប និងកំពុងគំរាមដាល់ទណ្ឌកម្មផ្សេងទៀត។ ចំណែក សភាអឺរុបឯណោះវិញ បានបើកផ្លូវ ពិនិត្យទ្បើងវិញការអនុគ្រោះពន្ធគយ ចំពោះទំនិញរបស់កម្ពុជា ដែលនាំទៅលក់ទីផ្សារអឺរ៉ុប ទាំងផលិតផលសម្លៀកបំពាក់កាត់ដេរ និងផលិតផលកសិកម្ម ដោយព្រមានថា បើរដ្ឋាភិបាល មិនធ្វើឲ្យស្ថានការនយោបាយនៅកម្ពុជាវិលទៅរកស្ថានភាពដើម។

ទោះជាយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចុះជួបកម្មករ នៅរាជធានីភ្នំពេញ នាថ្ងៃទី២០ខែធ្នូនេះ ថ្លែងថា រដ្ឋាភិបាល នឹងបញ្ចេញប្រាក់១០០លានដុល្លារអាមេរិក ដើម្បីបង្កើតធនាគារខ្នាតតូច និងមធ្យម ដើម្បីជំរុញការអភិវឌ្ឍជាតិ និងបង្កើនការងារក្នុងស្រុក ដោយថា កម្ពុជាមិនត្រូវរស់នៅរងចាំតែអ្នកដទៃដាក់ខ្យល់អុកស៊ីសែនឲ្យនោះទេ។
អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ លើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាមានធនាគារអភិវឌ្ឍជនបទ សម្រាប់ធ្វើកិច្ចការនេះ ប៉ុន្តែលោកថា អ្វីដែលជាបញ្ហា គឺយន្តការដែលមានស្រាប់ មិនដំណើរការទៅប្រកបដោយប្រសិទ្ធិភាព។
លោក ង៉ែត ជូ ឲ្យដឹងដែរថា បើរដ្ឋាភិបាលគ្រាន់តែបញ្ចេញលុយ ហើយគ្មានយន្តផ្សេងទៀតសម្រាប់ពង្រឹងប្រសិទ្ធិភាពទេ លោកថា ជម្រើសថ្មី របស់រដ្ឋាភិបាលនេះ ក៏មិនអាចទប់នឹងសម្ពាធអន្តរជាតិបានដែរ។
អ្នកតាមដាន ធ្លាប់ផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរបន្តដើរលើគន្លងប្រជាធិបតេយ្យ ដូចដែលប្រទេសលោកសេរីចង់បាន ដើម្បីពារប្រយោជន៍កម្មករ ក្នុងវិស័យកាត់ដេរ រាប់ម៉ឺននាក់ និងពលរដ្ឋក្រីក្រច្រើនលាននាក់ផ្សេងទៀត។
របាយការណ៍របស់ការិយាល័យស្ថិតិអាមេរិកនិងសហភាពអឺរ៉ុប បង្ហាញថា កម្ពុជា បាននាំផលិតផលកាត់ដេរមានតម្លៃជិត៣ពាន់លានដុល្លារចូលទៅទីផ្សារអាមេរិក និងជិត ៥ពាន់លានដុល្លារទៀត ចូលទៅទីផ្សារអឺរ៉ុប កាលពីឆ្នាំ២០១៦៕
ប្រភព៖ vod
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា