អាជ្ញាធរខេត្ដព្រះសីហនុថា ផ្ទះសំណាក់មួយចំនួនចាប់ផ្ដើមដំឡើងថ្លៃ២០ទៅ៣០%

858 Views
December 30, 2017

អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ ឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់មួយចំនួន នៅក្នុងខេត្តនេះ បានចាប់ផ្ដើមដំឡើងថ្លៃឈ្នួល ខណៈបុណ្យចូលឆ្នាំសកលឆ្នាំ២០១៨ នឹងចូលមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។

ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះ​សីហនុ លោក តាំង សុចិត្តគ្រឹស្នា​ ប្រាប់ VOD​ ថា នៅថ្ងៃទី២៩ធ្នូនេះ ម្ចាស់ផ្ទះសំណាក់មួយចំនួន បានដំឡើងថ្លៃឈ្នួល តាមទម្លាប់របស់ពួកគេជារៀងរាល់ឆ្នាំ បើទោះបីជាអាជ្ញាធរ បានចុះណែនាំ និងអំពាវនាវកុំឲ្យតម្លើងថ្លៃក៏ដោយ។

លោកមានប្រសាសន៍ថា ផ្ទះសំណាក់ និងសណ្ឋាគារធំៗ មិនដំឡើងថ្លៃឈ្នួលនោះទេ ប៉ុន្ដែ គឺមានតែផ្ទះសំណាក់តូចៗ ដែលបានដំឡើងថ្លៃ ទោះបីមានការណែនាំជាច្រើនលើកច្រើនសាររួចមកហើយក៏ដោយ។

 

 

ផ្ទះសំណាក់ ហ្សាណាប៊ិច នៅខេត្ដព្រះសីហនុ

 

 

លោកថា៖ «ធម្មតា ជាដឹងស្រាប់ហើយ តែកាលណាបុណ្យទានម្ដងៗ នៅតំបន់ឆ្នេរសមុទ្រ សីហនុយើង​មានភ្ញៀវកើនខ្លាំង ហើយតម្លៃអី វាឡើងខ្លះធម្មតា […] ផ្ទះសំណាក់មួយចំនួន ដូចខ្ញុំស្គាល់ហ្នឹង គេឡើងតែ២០ភាគរយ តែបើអូតែលស្ដង់ដារធំៗ គេក៏មិនឡើងដែរ វាឡើងតែផ្ទះសំណាក់តូចៗ មួយចំនួនហ្នឹង ដែលគាត់ឡើងច្រើនពី២០ដុល្លារ ទៅ៣០ដុល្លារ ឬក៏៣៥អីតិចតួចមួយចំនួន អ្នកខ្លះគេក៏ឡើងតិចតួច២០ ទៅ២៥ដុល្លារ ឬក៏ទៅ៣០ អានេះ ជាការចូលរួម»។

សណ្ឋាគារមួយស្ថិតក្នុងខេត្តព្រះសីហនុ គឺសណ្ឋាគារ Don Bosco Hotel School អះអាងថា សណ្ឋាគារនេះ មិនដំឡើងថ្លៃឈ្នួលនោះទេ។ ប៉ុន្ដែ ដោយសារភ្ញៀវកក់បន្ទប់អស់ហើយ សណ្ឋាគារនេះ ថា បានបង្កើតផ្ទះស្នាក់នៅ (Home Stay) ដែលអាចឲ្យភ្ញៀវទេសចរចំនួន៧នាក់ស្នាក់អាស្រ័យក្នុងមួយផ្ទះ និងយកថ្លៃឈ្នួលពីពួកគេក្នុងម្នាក់១៣ដុល្លារ។

សំលេង៖ «គឺគេងចូលគ្នា ក្នុងមួយបន្ទប់គេងបានប្រហែល៧នាក់ គឺគិតជានាក់ ក្នុងម្នាក់ខាងខ្ញុំគិត១៣ដុល្លារ អត់ផងខាងខ្ញុំតម្លៃថេរ»។

លោក តាំង សុចិត្តគ្រឹស្នា បន្ថែមថា អាជ្ញាធរ បានស្នើឲ្យម្ចាស់ផ្ទះសំណាក់ទាំងអស់ កំណត់តម្លៃឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការតម្លើងថ្លៃឈ្នួលខ្ពស់ពេក និងថា អាជ្ញាធរ នឹងមានវិធានការជាបន្ដបន្ទាប់ បើពួកគេនៅតែមិនគោរពតាមគោលការណ៍ណែនាំ។​

អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាលោក ហូ វណ្ឌី យល់ថា បញ្ហាឡើងថ្លៃជួលបន្ទប់នេះ បានក្លាយជាជំងឺទូទៅ ដោយថា ចំណាត់ការរបស់អាជ្ញាធរ ក៏ពុំសូវមានប្រសិទ្ធភាព។ លោកស្នើឲ្យពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរឹង និងថា ម្ចាស់ផ្ទះសំណាក់ ឬសណ្ឋាគារទាំងនោះ គួរមានក្រមសីលធម៌ និងមិនត្រូវដំឡើងថ្លៃឈ្នួលហួសហេតុពេកនោះទេ។​

លោកថា៖ «កន្លងមក គឺខាងក្រសួង លោកធ្វើការធ្វើណែនាំ មានសារាចរណែនាំ សេចក្ដីជូនដំណឹងអីជាដើម ប៉ុន្ដែមិនឃើញមានប្រសិទ្ធិភាពខ្ពស់ទេ។​ ហើយទាល់តែមានច្បាប់ ពីព្រោះយើងស្ថិតក្នុងប្រទេសយើងទាល់មានច្បាប់យកមកគ្រប់គ្រង ហើយច្បាប់ហ្នឹង ទាលតែប្ដេជ្ញាធ្វើទៀត ទើបទទួកយកបានទាំងអស់គ្នា»។

កាលពីខែធ្នូ​​ ឆ្នាំ២០១៦កន្លងទៅ រដ្ឋលេខា​ធិការ​​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ លោក ​ផៃ ស៊ីផាន ធ្លាប់បាន​ត្អូញត្អែរពី​ការ​ឡើង​ថ្លៃ​ជួល​បន្ទប់​ស្នាក់​នៅ ក្នុង​ខេត្តព្រះ​សីហនុនេះដែរ ខណៈលោកបំពេញបេសកម្មក្នុងឪកាសពិធីបុណ្យសមុទ្រ៕

 

ប្រភព៖ vod

Facebook Comment

Related Articles