ក្រោយបញ្ជាអភិបាលរាជធានីភ្នំពេញ, អាជ្ញាធរព្រមានធ្ងន់ៗ បិទអាជីវកម្មដេប៉ូខ្សាច់មួយចំនួន និងចាប់រថយន្ដដឹកដី ដែលមិនគ្រប មិនលាងកង់ និងបើកលឿនខុសបច្ចេកទេស នៅទូទាំងខណ្ឌឬស្សីកែវ

510 Views
January 3, 2018

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានចេញមកព្រមានធ្ងន់ៗ បិទអាជីវកម្មដេប៉ូខ្សាច់មួយចំនួន និងចាប់រថយន្ដដឹកដី ដែលមិនគ្រប មិនលាងកង់ និងបើកលឿនខុសបច្ចេកទេស នៅទូទាំងខណ្ឌឬស្សីកែវ។

 

 

 

 

លោកអភិបាលខណ្ឌ បានថ្លែងថា រាល់រថយន្តមិនលាងកង់ ដឹកទាំងដីសើម មិនបានគ្របដណ្ដប់ប៉ាតង់លើឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស បណ្ដាលឲ្យហូរទឹក និងជ្រុះដីធ្លាក់យ៉ាងរប៉ាត់រប៉ាយពេញតាមដងផ្លូវ គឺនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង រួមទាំងប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរផងដែរ។ លោកនឹងស្នើសុំទៅអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីចាត់វិធានការបិទទីតាំងនោះចោលតែម្ដង ដោយមិនអាចលើកលែងបានឡើយ។

 

 

 

 

លោក ជា ពិសី ព្រមានថា «ប្រសិនបើម្ចាស់ដេប៉ូខ្សាច់នីមួយៗ ឬអ្នកបើកបររថយន្ដដឹកដី នៅតែបន្តបំពានយ៉ាងគគ្លើន មិនគោរតាមលក្ខណៈបទដ្ឋានបច្ចេកទេសដូចជា៖ ការបង្កើតឲ្យមានទីតាំងសម្រាប់ លាងកង់រថយន្ដ, មិនត្រូវដឹកដីដែលទទឹក, មិនមានការគ្របប៉ាតង់លើរថយន្ដឲ្យបានត្រឹមត្រូវ, ដឹកដីខ្សាច់ចេញពីដេប៉ូនីមួយៗ ហូរទឹក ជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញតាមដងផ្លូវ ធ្វើឲ្យបាត់បង់ទាំង សណ្ដាប់ធ្នាប់សាធារណៈ ដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋ នោះទីតាំងទាំងនោះនឹងប្រឈមបិទចោលតែម្តង»។

 

 

 

 

លោក ជា ពិសី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រលប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា «ក្រោយទទួលបានការណែនាំពី អភិបាលរាជធានីភ្នំពេញភ្លាមៗ ខ្ញុំប្រាមដាច់ខាត មិនអនុញ្ញាតឲ្យមានរថយន្ដដឹកដី ចូលក្នុងរាជធានីភ្នំពេញយ៉ាងអនាធិប្បតេយ្យទៀតនោះទេ»

 

 

 

 

លោក ជា ពិសី បានថ្លែងថា កន្លងមកអ្នកបើកបររថយន្ដ ដឹកដី ដែលមិនអនុវត្តតាមការណែនាំ ហើយនៅតែបន្តបំពានប្រាកដជា ត្រូវចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល៥ថ្ងៃ ក្នុងជំហានទី១-ទី២ អ្នកបើកបរនៅតែគគ្លើន មិនអនុវត្តតាមការណែនាំដដែល ជាដដែលទេនោះ នឹងចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល២០ថ្ងៃ បូករួមនិងទី៣ ចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល១ខែតែម្ដង ដោយមិនលើកលែងបានឡើយ ព្រោះដើម្បីបង្ការ ការហូរទឹក និងជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញតាមដងផ្លូវ ដែលអាចធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ពិសេសធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើបរិស្ថានជុំវិញសុខភាពរបស់ប្រជាពលរដ្ឋ។

 

 

 

 

សូមបញ្ជាក់ថា កាលពីពេលថ្មីៗមកនេះ លោកអភិបាលខណ្ឌ បានបញ្ជាឲ្យកម្លាំងប្រជាការពារខណ្ឌ ឃាត់ចាប់រថយន្ដបែនធុនធំចំនួន១៥គ្រឿង ដែលធ្វើចរាចរដឹកដី ខុសលក្ខណៈបទដ្ឋានបច្ចេកទេស ដូចជា បើកលឿនៗ មិនគ្រប មិនលាងកង់ បណ្ដាលឲ្យហុយ ហៀរហូរទឹក ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជុំវិញការរស់នៅ ជាពិសេសសុខភាពប្រជាពលរដ្ឋ លើដងផ្លូវជាតិលេខ៥ និងផ្លូវ៥៩៨ (ហៅផ្លូវជាសុផារ៉ា) នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដើម្បីយកមករក្សាទុកនៅសាលាខណ្ឌ ក្រោយពីធ្វើការណែនាំជាច្រើនលើកច្រើនសារមកហើយនៅតែមិនព្រមស្ដាប់ បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ពិសេសមានការណែនាំពីលោក ឃួង ស្រេង ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ លើបទដ្ឋានបច្ចេកទេសមួយចំនួន បើទោះបីជាមានច្បាប់បើកអាជីវកម្ម អាជ្ញាប័ណ្ណ ត្រឹមត្រូវយ៉ាងណាក៏ដោយ៕

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

 

ព័ត៌មានផ្សេងៗ៖

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៩ ខែមករា នឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ពិសេសនៅតំបន់មាត់សមុទ្រ​

 http://www.mekongjournal.com/posts/58540

Facebook Comment

Related Articles