សម្តេច ហ៊ុន សែន ណែនាំ​តំណាងរោងចក្រឲ្យឈប់ជេរប្រមាថកម្មករ

710 Views
January 4, 2018

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំទៅតំណាងរោងចក្រទាំងអស់ឲ្យឈប់ប្រើពាក្យសម្តីជេរប្រមាថទៅលើកម្មករ ដោយថាប្រសិនបើអ្នកណាមិនគោរពតាមទេត្រូវបណ្តេញចេញពីការងារ។

ក្នុង​ពិធីជួបសំណេះសំណាលជាមួយកម្មករនៅថ្ងៃទី៣ ខែមករានេះ សម្តេច ហ៊ុន សែន បានថ្លែងថា កន្លងមកពីលោកទទួល ព័ត៌មានថា ថ្នាក់ដឹកនាំរោងចក្រមួយចំនួនបានប្រើពាក្យសម្តីជេរប្រមាថដល់កម្មករពេលកំពុងបំពេញការងារ ហើយសម្តេចស្នើឲ្យតំណាងរោងចក្រទាំងអស់ត្រូវបញ្ឈប់សកម្មភាពទាំងនេះ។

សម្តេចបន្ថែមថា «សិទ្ធិកម្មករត្រូវតែមាន យើងគ្រាន់តែទៅស៊ីឈ្មួល ក៏ប៉ុន្តែយើងមិនមែនជាកញ្ជាស់ដាច់ថ្លៃ ទុកឲ្យអ្នកឯងជេរប្រមាថតាមចិត្តចិត្តទេ។ សូមគ្រប់រោងចក្រ គ្រប់អ្នកទទួលខុសត្រូវទាំងអស់ត្រូវស្តាប់ឲ្យបាន ប្រទេសកម្ពុជាមិនមែនជាប្រទេសសម្រាប់អ្នកប្រទេសក្រៅជេរប្រមាថ ហើយចេញខោក ចូលវាយទេ»។

 

 

សម្តេចនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចុះជួបជាមួយកម្មករ-កម្មការិនី (FB: លោក ហ៊ុន សែន)

 

 

កម្មកររោងចក្រហ្គាវ័ន្តស្ថិតក្នុងតាខ្មៅអះអាងប្រហាក់ប្រហែលគ្នាថា ចាប់តាំងពីរោងចក្រនោះ មានវិវាទការងារជាមួយកម្មកររយៈពេលជិត១ឆ្នាំមកនេះ ថៅកែតែងតែបង្ករផលលំបាកនិងធ្វើបាបដល់កម្មករ។

កម្មករផ្នែកដេរម្នាក់អ្នក ស្រី ស ចន្ថា ធ្វើការនៅរោងចក្រហ្គាវ័ន្តក្នុងក្រុងតាខ្មៅបានសាទរចំពោះប្រសាសន៍របស់ លោក ហ៊ុន សែន។​ អ្នកស្រីបន្តថា កន្លងមកថៅកែរោងចក្រនេះតែងតែប្រើពាក្យសម្តីជេរប្រមាថ និងប្រើហិង្សារមកលើកម្មករ ហើយថា ពេលកម្មករប្តឹងអាជ្ញាធរមិនដែលរកដំណោះស្រាយជូ​ននោះទេ។

អ្នកស្រីបន្ថែមថា «ធ្លាប់ជេរប្រមាថមើលងាយត្រូវគាត់មានអីនៅជិតដៃគាត់យកមកគប់លើកម្មករឲ្យតែគាត់ខឹង ហើយយកអាវបោះលើកម្មករសំខាន់ឲ្យតែគាត់ម៉ូម៉ៅខឹង និយាយទៅគឺថាជេរប្រមាថមើលគ្របសពបែបយ៉ាងម៉ង។ ហើយកន្លងក៏មានរបួសគេ ដឹកយកពេទេ»។

ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ បានសាទរប្រសាសន៍សម្តេច ហ៊ុន សែន នេះដែរ ដោយថា កន្លងមកទាំងតំណាងរោងចក្រ និងអាជ្ញាធរមួយចំនួន ជាពិសេសទាហ៊ាន និងប៉ូលីស តែងតែប្រើប្រាស់ពាក្យសម្តីជេរប្រមាថ និងគំរាមកំហែងមកលើកកម្មករ ប៉ុន្តែលោក អាត់ ធន់ ហាក់មានជំនឿខ្លះ អត់ខ្លះ ចំពោះប្រសិទ្ធិភាព នៃការអនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី​។

លោកបន្ថែមថា «អញ្ចឹងប្រសិនបើគាត់[លោក ហ៊ុន សែន]អាចធ្វើអាហ្នឹងបាន ខ្ញុំគិតថាវាជារឿងល្អមែនទែនព្រោះកម្មករយើងធ្វើ ការម្ងៃៗហ្នឹងគេជេរមុខក្រោយៗវាលែងថ្លៃថ្នូរ ធ្វើការទាំងរងសម្ពាធ។ ចំពោះប្រសាសន៍នេះ ខ្ញុំគិតថា វាអាចមានរឿងពីរ រឿងទី១ថៅកែគេមិនស្តាប់ទេ ពួកអ្នកគ្រប់គ្រងគេមិនស្តាប់ទេ ព្រោះវាជាបច្ចេកទេសគេធ្វើរាល់ថ្ងៃ វាជាទម្លាប់ទៅហើយ ប៉ុន្តែរឿងទី២អាចគេស្តាប់ប្រសិនជាគាត់ហ្នឹងមានវិធានការច្បាស់លាស់។ ឧទារហ៍ថា បើមានអ្នករាយការណ៍មក  ក្រសួង ឬមន្ទីរការងារហ្នឹងត្រូវធ្វើការដោះស្រាយភ្លាម បើមិនធ្វើដកចោលទៅ ខ្ញុំគិតថា អាចធ្វើបាន តែបើគ្រាន់តែនិយាយតែមាត់ ខ្ញុំគិតថាគេអត់ស្តាប់ទេ ជាពិសេសថៅកែចិនហ្នឹងតែហ្មង»។

វិអូឌីមិនអាចសុំការឆ្លើយតបពីអគ្គ​លេ​ខា​ធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា បានទេ ជុំវិញបញ្ហានេះ។តែទោះយ៉ាងណាលោក ហ៊ុន សែន ថា តំណាងរោងចក្រមួយចំនួនបានសន្យាបជាមួយលោកថា នឹងមិនឲ្យ បញ្ហាជេរប្រមាថនោះកើតឡើងទេ ហើយថា បើរកឃើញថា បុគ្គលណាមួយមិនគោរពតាមទេនឹងបណ្តេញចេញពីការងារ៕

 

ប្រភព៖ vod

 

ព័ត៌មានផ្សេងៗ៖

ពលរដ្ឋបុរីកីឡាបញ្ជាក់ជំហរនៅប្រឈមការបណ្តេញចេញនៅថ្ងៃទី៥ខែមករា

 http://www.mekongjournal.com/posts/58783

Facebook Comment

Related Articles