ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ចិន ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ នៅកម្ពុជា

912 Views
January 10, 2018

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ប្រទេសចិន គឺជាដៃគូដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជាធាតុផ្សំដ៏សំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

 

 

 

 

ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News នៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង មកកាន់ប្រទេសកម្ពុជានោះ លោក ស៊ុន ចាន់ថុល បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពាន ផ្លូវដែក កំពង់ផែ អាកាសយានដ្ឋាន ពិតជាចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ហើយប្រទេសចិនបានដើរតួនាទី និងគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

 

 

 

 

«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគឺល្អឥតខ្ចោះ ពីព្រោះផ្លូវជាតិភាគច្រើននៅកម្ពុជាត្រូវបានសាងសង់ក្រោមកម្ចីសម្បទាន និងជំនួយឥតសំណងពីប្រទេសចិន»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា មានផ្លូវថ្នល់ជាង ២,០០០គីឡូម៉ែត្រ ស្ពានធំៗឆ្លងកាត់ទន្លេចំនួន៧ និងកំពង់ផែកុងតឺន័រថ្មីមួយនៃកំពង់ផែស្វយ័តភ្នំពេញត្រូវបានស្ថាបនាក្រោមជំនួយរបស់ចិន។ ក្រៅពីផ្តល់ជំនួយហិរញ្ញវត្ថុប្រទេសចិន ក៏បានផ្តល់ជំនួយបច្ចេកទេស និងជួយបណ្តុះបណ្តាលមន្រ្តីដឹកជញ្ជូនកម្ពុជាផងដែរ។

លោក ស៊ុន ចាន់ថុល បានបង្ហាញថាប្រទេសចិន នឹងវិនិយោគលើគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីមួយ និងគម្រោងផ្លូវហាយវេប្រវែង ១៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងសម្បទាន BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ) កិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងទាំងនេះ នឹងត្រូវចុះហត្ថលេខានាពេលឆាប់ៗរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន។

 

 

 

 

លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានគូសបញ្ជាក់ថា «ព្រលានយន្តហោះថ្មីនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដោះស្រាយជាមួយនឹងការកើនឡើងចំនួនភ្ញៀវទេសចរទៅកាន់តំបន់បេតិកភណ្ឌពិភពលោកអង្គរ។ សម្រាប់គម្រោងផ្លូវហាយវេភ្នំពេញ-ព្រះសីហនុវា នឹងក្លាយជាមធ្យោបាយដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយសារវាភ្ជាប់ប៉ារ៉ាម៉ែត្រសេដ្ឋកិច្ចរាជធានីភ្នំពេញ និងកំណាត់សេដ្ឋកិច្ចព្រះសីហនុ»

លោកបន្តថា «បង្គោលសេដ្ឋកិច្ចធំៗទាំងពីរត្រូវភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកដោយផ្លូវហាយវេ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត»

 

 

 

 

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាលចិន ជាប្រទេសបានផ្តល់កម្ចីសម្រាប់សាងសង់ផ្លូវ និងស្ពាននៅកម្ពុជា ច្រើនជាងគេមានទំហំទឹកប្រាក់រហូតដល់ជាង ២ពាន់លានដុល្លារអាមេរិក។ ស្ពានឆ្លងកាត់ទន្លេសរុបចំនួន ៧ខ្សែដែលបានសាងសង់រួចនោះរួមមាន៖ ស្ពានស្ពានកោះធំ ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានតាខ្មៅ។

ក្រៅការផ្តល់កម្ចីសាងសង់ស្ពានឆ្លងកាត់ទន្លេទៅ រដ្ឋាភិបាលចិន បានផ្តល់កម្ចីជួយសាងសង់ផ្លូវនៅកម្ពុជារួចរាល់បានប្រវែងជិត ២ពាន់គីឡូម៉ែត្រ និងកំពុងសាងសង់ជិត ៧រយគីឡូម៉ែត្រ និងត្រៀមសាងសង់មួយចំនួនទៀត៕

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles