ក្នុងមួយឆ្នាំប្រជាជនកម្ពុជា ចំណាយថវិកាជាង៣៦០លានដុល្លារ ក្នុងការទិញបារី និងព្យាបាលជំងឺដោយសារជក់បារី

783 Views
January 19, 2018

ការប្រើបា្រស់ថ្នាំជក់ ជាបញ្ហាសុខភាពសាធារណៈ ដែលបច្ចុប្បន្ននេះ មានប្រជាជនកម្ពុជា ប្រមាណ២លាននាក់ កំពុងប្រើបា្រស់ផលិតផលថ្នាំជក់ និងចំណាយថវិកាសម្រាប់ទិញបារី ប្រមាណ២០១.៥លានដុល្លារ និងលើការព្យាបាលជំងឺ និងការបាត់បង់កម្លាំងពលកម្មបណ្តាលពីជំងឺ ដែលបង្កដោយថ្នាំជក់ប្រមាណ១៦២.៧លានដុល្លារជារៀងរាល់ឆ្នាំ។

 

 

 

 

ថ្លែងក្នុងកិច្ចប្រជុំ ស្តីពីយុទ្ធសាស្រ្ត ក្នុងការទប់ស្កាត់ការប្រើបា្រស់ផលិតផលថ្នាំជក់នៅកម្ពុជា និងការបង្កើតបណ្តាញសម្ព័ន្ធទីក្រុងគ្មានផ្សែងបារី ក្នុងចំណោមរាជធានី ភ្នំពេញ ខេត្តចំនួន៥ទៀត នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នាទីស្ដីការក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា ផលប៉ះពាល់សុខភាពនៃការប្រើប្រាស់ថ្នាំជក់ បណ្ដាលឲ្យមនុស្សស្លាប់មុនអាយុ រហូតដល់ទៅ១៥ឆ្នាំ ហើយមនុស្សស្លាប់ប្រមាណ ៧.២លាននាក់ជារៀងរាល់ឆ្នាំ ដែលមាន៨០% ស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍ និងមាន១២% នៃមនុស្សពេញវ័យស្លាប់ទូទាំងពិភពលោក។

 

 

 

 

លោកសាស្ដ្រាចារ្យបន្តថា ការប្រើបា្រស់ផលិតផលថ្នាំជក់ បានធ្វើឲ្យកើនឡើងនូវថ្លៃចំណាយក្នុងគ្រួសារ និងថ្លៃព្យាបាលជំងឺ ដែលបណ្តាលមកពីការប្រើបា្រស់ផលិតផលថ្នាំជក់។ ផលិតផលថ្នាំជក់នៅលើទីផ្សារកាន់តែមានតម្លៃសមរម្យ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ មានភាពទាក់ទាញគួរឲ្យកត់សម្គាល់ តាមរយៈការផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ នៅកន្លែងលក់រាយផលិតផលថ្នាំជក់ និងតាមរយៈនារីផ្សព្វផ្សាយ។ លើសពីនេះ អត្រាស្រូបផ្សែងផលិតផលថ្នាំជក់ក្នុងចំណោមមនុស្សពេញវ័យមានការកើនឡើង។ ក្នុងនោះមានអ្នកមិនជក់ផលិតផលថ្នាំជក់ប្រមាណ៦.៩៧លាននាក់ បានរងការស្រូបផ្សែងផលិតផលថ្នាំជក់នៅតាមផ្ទះ កន្លែងធ្វើការ និងកន្លែងសាធារណៈ។

 

 

 

 

រដ្ឋលេខាធិការរូបនេះថ្លែងទៀតថា «ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារការប្រើបា្រស់ផលិតផលថ្នាំជក់នៅប្រទេសកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព និងធានាឲ្យបាននិរន្តរភាពការងារ ត្រួតពិនិត្យផលិតផលថ្នាំជក់ទាមទារឲ្យមានការគាំទ្រ និងប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធរួមមាន អ្នកបង្កើតគោលនយោបាយសុខភាពសាធារណៈ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គការដៃគូពាក់ព័ន្ធនានា ក្នុងការបង្កើត និងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទង នឹងការត្រួតពិនិត្យផលិតផលថ្នាំជក់»

 

 

 

 

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងគាំទ្រដល់ក្រសួងសុខាភិបាល ចំពោះការតាំងចិត្ដខិតខំប្រឹងប្រែង ក្នុងការបង្កើត និងអនុវត្ដច្បាប់ លិខិតបទដ្ឋានគតិយុត្ដ ការពង្រឹង និងផ្ដល់វគ្គបណ្ដុះបណ្ដាល ដល់ថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ការប្រើបា្រស់ផលិតផលថ្នាំជក់នៅកម្ពុជា។

 

 

 

 

លោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងនឹងស្វែងរកការគាំទ្រមតិ ដើម្បីពង្រីកទំហំសារព្រមានសុខភាព ការអប់រំសាធារណជន ពីផលប៉ះពាល់ នៃការប្រើបា្រស់ផលិតផលថ្នាំជក់ និងការដំឡើងពន្ធផលិតផលថ្នាំជក់ និងការពារការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់មកលើការបង្កើត និងអនុវត្តគោលនយោបាយសុខភាពសាធារណៈ និងរៀបចំកិច្ចប្រជុំយ៉ាងតិច១ដងក្នុងមួយឆ្នាំ ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាពីយុទ្ធសាស្រ្តនានា៕

 

 

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles