អាជីវករនៅម្តុំ​មុខវាំងនិងកោះពេជ្រថា ការលក់ដូរថយចុះ​ប្រមាណ៥០%

879 Views
January 20, 2018

អាជីវករមួយចំនួនលក់ដូរ​ពេលរាត្រីក្នុងរាជធានីភ្នំពេញ នៅម្តុំមាត់ទន្លេ កោះពេជ្រ និងមុខព្រះបរមរាជវាំងជាកន្លែងដែលពលរដ្ឋដើរកំសាន្តនោះ បានត្អូញត្អែរថា ប្រមាណ៤ខែចុងក្រោយនេះការលក់ដូររបស់ពួកគាត់បានធ្លាក់ធ្លាក់ចុះប្រមាណ៥០%។​​

អ្នកលក់ប្រហិត ពងទាកូន និងខ្ចៅស្ងោរ នៅក្បែរព្រះបរមរាជវំាងជិត​២០ឆ្នាំ​ អ្នកស្រី សួ​ន ណាវី​ បានរៀប​រាប់ការលក់ដូររបស់គាត់បានថយចុះច្រើនរយៈពេល៤ទៅ៥ខែមកនេះ​។  អ្នកស្រីថា រូបគាត់មានជីវភាពក្រីក្រមិនមានមុខរបរអ្វីផ្សេងសម្រាប់ចិញ្ចឹមជីវិតទេ។​

 

អាជីវករលក់សំលៀកបំពាក់ និងស្បែកជើង ​នៅកោះពេជ្យ លោក អ៊ុំ សម្បត្តិ​ បានឲ្យដឹងដែរថា កាលពីមុនគាត់​លក់ចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង១១យប់​ រកចំណូលបានប្រហែល២០០ដុល្លារ​លក់ក្នុង១ពេល​។​ ប៉ុន្តែលោក​ថា នៅដើម​ឆ្នាំ២០១៨​នេះ​​លក់បានប្រហែលជា៥០ដុល្លារក្នុង១ពេល​ ដោយថាករណីនេះ បង់ថ្លៃតូប ទឹក និងភ្លើងជាដើម មិនចំណេញនោះទេ។

អ្នកស្រីនិយាយថា «ពីមុនអាចលក់បាន១០០ ឬ២០០ដុល្លារដែរ ឥឡូវសល់ត្រឹម​៥០ដុល្លារ​ ពិបាកដែររាល់ថ្ងៃ​ មិនដឹងរកអ្វី[មុខ​របរអ្វី​] ចេះតែទ្រាំៗទៅ»។

 

 

អាជីវករលក់ដូរ​ពេលរាត្រីក្នុងរាជធានីភ្នំពេញ (ណាត សុភាព)

 

 

 

អាជីវករលក់ភេសជ្ជៈគ្រប់មុខ នៅមុខវត្តបុទុមវត្តី  អ្នកស្រី​​ ម៉ាក់ លីហ្សា​ គត់សម្គាល់ថា ចំនួនអ្នកដើរលំហែកាយនៅតាមសួនសាធារណៈទាំងនេះហាក់ថយចុះជាងមុន នាំឲ្យរូបគាត់និង​ អ្នកលក់ដូរនៅក្បែរៗនោះលក់មិនសូវដាច់។​ ពេលនិយាយដល់ការលក់មិនសូវដាច់ អ្នកស្រីនឹកបារម្ភពីជីវភាព។​

អ្នកស្រីនិយាយថា «ការចិញ្ចឹមកូនចៅ លក់អត់ដាច់ ប៉ះពាល់ដែរ​ ប៉ះពាល់តំាងពីកូនរៀន​ ការជួលផ្ទះ…និយាយឲ្យចំការរកស៊ីមុខរបរប៉ុណ្នឹង​ ខ្ចីលុយគេថែម ដ៏ចឹងប៉ះពាល់សេដ្ឋកិច្ចគ្រួសារយើង​។

ប្រជាពលរដ្ឋដែលដើរកំសាន្តនៅតាមមាត់ទន្លេ អ្នកស្រី លីម ខាន់​ បា​ន​ឲ្យដឹងថា បច្ចុប្បន្ននេះ គាត់មិនសូវ​ចាយលុយច្រើនដូចកាលពីឆ្នាំកន្លង​ទៅនោះទេ ដោយថាបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ចនៅកម្ពុជា។

អ្នកស្រីនិយាយថា «ខ្ញុំឭចាស់ៗគាត់ចេះតែប្រាប់ខ្ញុំថា តិចទៀតបោះឆ្នោតម៉េចម៉ាទៅ​ ចេះទុកលុយនៅនឹងខ្លួនទៅ ត្រៀមដ៏ពេលយើង​ម៉េចទៅ យើងទៅផ្ទះ​ ទៅស្រុក ចឹងទៅចាយត្បិតត្បៀត​​»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា សន ជ័យ យល់ថា ស្ថានការនយោបាយបច្ចុប្បន្ននេះ ធ្វើឲ្យប៉ះពាល់អារម្មណ៍​ប្រជា​ពល​រដ្ឋខ្លំាង ជាពិសេសអ្នកធ្វើអាជីវកម្មនិងអ្នកជំនួញធំៗ។ ប៉ុន្តែលោកថា ជំរើសល្អ រដ្ឋាភិបាលត្រូវ​រកដំណោះស្រាយនយោបាយ​មួយប្រកប​ដោយការ​ទុកចិត្ត ទំាងអ្នកវិនិយោគបរទេស និងប្រជាពលរដ្ឋខ្មែរ​ ទើបទទួលបានផលវិជ្ជមាន​។

លោកយល់ថា «ការដោះស្រាយ​បញ្ហានយោបាយ​ ហើយនិងការធ្វើឲ្យប្រសើរឡើងនូវ​ សុខដុមរម្យនា​ផ្នែកនយោបាយក្នុងប្រទេសមួយ ទាក់ទាញវិនិយោគបរទេស ទំាងអស់នេះ​ វានាំមកនូវ​ការជឿទុកចិត្តកាន់តែខ្លំាង​ ឬក៏អាចទាក់ទាញក្នុង​ការជឿទុកចិត្ត​ពីប្រជាពលរដ្ឋបាន​»។

សរុបមកវិញ អ្នកលក់ដូរមួយចំនួននៅតាមមុខវំាង មុខវត្តបុទុមវត្តី មាត់ទន្លេសាប ផ្សាររាត្រី​ និងកោះពេជ្យ ជាដើម បានអះ​អាង​ប្រហាក់​ប្រហែល​គ្នាថា ពួកគេនៅតែបារម្ភពីការលក់ដូរមិនសូវ​ដាច់ និងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ​ ដោយថាពួក​គេ​ ធ្លាប់ស្តាប់វិទ្យុ និងសារព័ត៌​មានផ្សាយ​ថា សហគមន៍អន្តរ​ជាតិលោកសេរីបាន​ដាក់សម្ពាធផ្នែក​សេដ្ឋកិច្ច​លើកម្ពុជា បន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិ​៕

 

 

ប្រភព៖ vod

Facebook Comment

Related Articles