អ្នកកាសែតខ្មែរ ឈានជើងចូលជំរុំអាស៊ាន

533 Views
January 24, 2018

អ្នកកាសែតខ្មែរមួយក្រុមនឹងនាំគ្នាដើរចូលជំរុំអាស៊ាននៅចុងសប្តាហ៏នេះ ដើម្បីមានសម្លេងទប់ទល់និងតតាំងលើវេទិកាបញ្ចេញមតិឬវេទិកាស្មេររបស់អ្នកសារព័ត៌មាននៅក្នុងតំបន់។

ជំរុំអាស៊ានរបស់អ្នកសារព័ត៌មានគឺជាសហព័ន្ធអ្នកកាសែតអាស៊ានដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥ ប្រាំបីឆ្នាំក្រោយអាស៊ានត្រូវបានបង្កើត តែសមាគមអ្នកកាសែតកម្ពុជាពុំ
មានឱកាសដើម្បីចូលរួមស្តាប់ឬចែករំលែកបទពិសោធន៍ម្តងណាឡើយ សូម្បីខ្លឹមសារគេជួបប្រជុំគ្នាម្តងៗ ក៏យើងពុំបានដឹងដែរ ។ ប៉ុន្តែចាប់ពីដើមឆ្នាំ២០១៨នេះទៅ អ្នកកាសែតខ្មែរចាប់ផ្តើមមានសម្លេងមួយស្មើគ្នា អាចជជែករកខុសរកត្រូវជាមួយនឹងអ្នកកាសែតមកពី៧ប្រទេសទៀតនៅក្នុងតំបន់ ។

លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា (កអក) នឹងចេញដំណើរទៅប្រទេសថៃនៅថ្ងៃពុធនេះ ជាមួយសហការីមួយចំនួនទៀតរួមមាន លោក លាង ដឺលុច, លោក នៅ សម្ផស្ស និងលោក ខៀវ កូឡា ជាគណៈនាយករបស់ កអក ដើម្បីចូលរួមទទួលនូវការប្រកាសជាផ្លូវការនៃការបញ្ចូល «កអក» ទៅក្នុងសហព័ន្ធអ្នកកាសែតអាស៊ាន (CAJ) ។

 

 

 

 

CAJ នឹងបើកកិច្ចប្រជុំធំ២ឆ្នាំម្តងរបស់ខ្លួន (មហាសន្និបាត) ចាប់ពីថ្ងៃ២៤-២៧ ហើយនៅរសៀលថ្ងៃទី២៦ខាងមុខនេះ CAJ នឹងប្រកាសបញ្ចូល «កអក» ជាសមាជិកទី៨ របស់ CAJ ។ លោក ពុយ គា នឹងត្រូវឡើងថ្លែងពីសភាពការណ៍សារព័ត៌មាននៅកម្ពុជា និងតួនាទីរបស់ កអក ។ នៅសល់សមាគមអ្នកកាសែតមកពី២ប្រទេសទៀត គឺភូមា និងប្រ៊ុយណេ ដែលពុំទាន់បានចូលជាសមាជិក CAJ ។

ឆ្លើយតបនឹងសំណួរថា តើអ្នកកាសែតខ្មែរបានផលប្រយោជន៍អ្វីពីការចូលជាសមាជិករបស់សមាគមអ្នកកាសែតអាស៊ាន លោក ពុយ គា បានឆ្លើយថា អ្នកកាសែតខ្មែរពុំអាចគេងយោលអង្រឹង នៅពេលអ្នកកាសែតមកពីប្រទេស៧ទៀតក្នុងតំបន់អាស៊ានគេនិយាយពីខ្មែរ ទោះក្នុងបរិបទអាក្រក់ឬល្អក៏យើងមានសម្លេងស្មើគ្នា ដើម្បីជជែកវែកញែកជាមួយអ្នកកាសែតទាំងនោះ ។ លោកបន្តថា សូម្បីសមាគមអ្នកកាសែតចិន នៅក្រៅតំបន់អាស៊ាន ក៏គេនៅតែប្រឹងប្រែងសុំចូលជាសមាជិកអង្កេតការណ៍របស់ CAJ ដែរ ចុះហេតុអ្វីយើងត្រូវ «គេងស្តាប់ភ្លេង»។

CAJ ត្រូវបានបង្កើតឡើងដោយសមាគមអ្នកកាសែតមកពី៥ប្រទេស ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងសឹង្ហបុរី ក្រោយមកមានវៀតណាម និងឡាវ ។

ក្លិបអ្នកកាសែតកម្ពុជា មានសមាជិកគណៈនាយកចំនួន៩រូប រួមទាំងលោក ប៉ែន បូណា ដែលជាប្រធានក្លិប និងលោក ឆាយ សុផល, លោក ជេត សន, លោក ទាវ សារមុន្នី និងលោក ខាន់ សុឃន និងសមាជិកប្រមាណជា៤០០នាក់ ៕

 

 

ប្រភព៖ freshnewsas

Facebook Comment

Related Articles