រដ្ឋាភិបាល​គ្រោង​កែប្រែ​ច្បាប់សញ្ជាតិ និង​ច្បាប់​អន្តោ​ប្រវេសន៍

311 Views
January 24, 2018

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បានឲ្យ​ដឹង​ថា ក្រសួង​គ្រោង​ស្នើ​ឲ្យ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​អន្តោ​ប្រវេសន៍ និង​ច្បាប់​ស្ដី​ពី​សញ្ជាតិ ទៅ​តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

គេហ​ទំព័រ​នគរបាល​ជាតិ បាន​ផ្សាយ​ថា នៅ​ក្នុង​ពិធី​បិទ​សន្និបាត​​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​អត្តសញ្ញាណកម្ម​ចន្លោះ​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៧ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក ស ខេង បាន​ថ្លែង​ថា ក្រសួង​កំពុង​រៀបចំ​លិខិត​ស្នាម​ផ្សេងៗ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោ​ប្រវេសន៍ និង​ច្បាប់​ស្ដី​ពី​សញ្ជាតិ។

លោក ស ខេង ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា គម្រោង​កែ​ប្រែ​ច្បាប់​ទាំង​ពីរ​នេះ ត្រូវ​បាន​​ធ្វើ​ឡើង​ទៅ​តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា ក្រសួង​ពិត​ជា​គ្រោង​កែ​ច្បាប់​ទាំង​ពីរ​នេះ​មែន ប៉ុន្តែ លោក​ពុំ​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ចំណុច​ណា​ខ្លះ​នឹង​ត្រូវ​ស្នើ​ឲ្យ​កែ​ប្រែ​នោះ។

លោក ខៀវ សុភ័គ អះ​អាង​ថា ការ​កែ​ប្រែ​មាត្រា​ខ្លះ​នៅ​ក្នុង​ច្បាប់​ទាំង​ពីរ​នេះ គឺ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​​ជន​អន្តោ​ប្រវេសន៍​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

 

 

 

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

 

 

លោកថា៖ «ប៉ុន្តែ ឥឡូវ មិនចាំបាច់ឆ្លងកាត់ ៧​ឆ្នាំ បានមានសិទ្ធិទេ បើតាមច្បាប់ទេ! ឥឡូវ បើគេមាន ១​លានដុល្លារ គេដាក់ភ្លាម គេចូលសញ្ជាតិបានភ្លាម។ អ្នក​វិនិយោគ ឥឡូវ អញ្ចឹងបានយើងមើលច្បាប់ហ្នឹង ប៉ុន្តែ យ៉ាងណា ក៏ពូមិនទាន់ដឹងថា ត្រូវកែយ៉ាងម៉េច​ទេ។ យើងពិចារណាអញ្ចឹង ឲ្យស្របតាមការរីកចម្រើនរបស់យើង»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា រដ្ឋាភិបាលគួរតែធ្វើការរឹងបន្តឹងការអនុវត្តច្បាប់ ជា​ជាង​ធ្វើការកែប្រែច្បាប់ ដោយ​លោក​ថា ច្បាប់​ទាំង​ពីរ​ខាង​លើ ត្រូវ​បាន​យក​ទៅ​អនុវត្ត​មិន​ពេញ​លេញ​នោះ​ឡើយ។

លោកថា៖ «ការធ្វើវិសោធកម្មទៅ បង្កភាពស្រួលកាន់តែខ្លាំង​ដល់ជនបទេសទាំងអស់នោះ។ ខ្ញុំគិតថា វាជារឿងមួយឲ្យមានការបារម្ភកាន់តែខ្លាំង។ ខ្ញុំមើលទៅដូចជាប្រទេសវៀតណាមជាដើម គេម្ដងហើយម្ដងទៀតនៅតែទទូចឲ្យកម្ពុជាផ្ដល់សិទ្ធិស្របច្បាប់ក្នុងការរស់នៅក្នុងប្រទេសកម្ពុជា។ អញ្ចឹង ប្រទេសដែលមានព្រំប្រទល់ជាប់គ្នា​បែបនេះ គេត្រូវតែមានការប្រយ័ត្នប្រយែងឲ្យ​បានច្រើនចំពោះការរស់នៅ​របស់ជនបទេសដែលមានព្រំប្រទល់ជាប់គ្នា»។

គម្រោង​កែ​ប្រែ​ច្បាប់​ទាំង​ពីរ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ព្រឹត្តិប័ត្រ​ព័ត៌មាន​អនឡាញ​របស់​រដ្ឋាភិបាល VGP News ចុះ​ផ្សាយ​ថា លោក ហ៊ុន សែន បាន​សម្រេច​យល់​ព្រម​តាម​សំណើ​របស់​នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក ដែល​បាន​ស្នើ​​មក​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ បាន​ឲ្យ​ដឹង​ថា ជន​​បរទេស​ជាង ៧​ម៉ឺន​នាក់ កំពុង​កាន់​កាប់​ឯកសារ​រដ្ឋ​បាល​ខុស​ប្រក្រតី​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ ជន​ជាតិ​វៀតណាម​មាន​ចំនួន​ដល់​ទៅ ៩៩.៤៩​ភាគរយ៕

Facebook Comment

Related Articles