អភិបាលខេត្តព្រះសីហនុ បង្ហាញផលប៉ះពាល់របស់ជនបរទេស, ខេត្តព្រះសីហនុមានជនបរទេសជាង ៦ពាន់នាក់ ហើយផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន

690 Views
January 26, 2018

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានធ្វើរបាយការណ៍មួយបង្ហាញពីផលប៉ះពាល់របស់​ជនបរទេសនៅក្នុង​ខេត្តជាប់សមុទ្រមួយនេះ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ របាយការណ៍នេះបានធ្វើឡើង​បន្ទាប់ពីមានការរិះគន់ និងការលើកឡើងជាបន្តបន្ទាប់ថា ជនជាតិចិន ដែលមានចំនួនយ៉ាងច្រើននៅខេត្តព្រះសីហនុ កំពុងបង្កបញ្ហាជាច្រើនប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការលេងកម្សាន្តរបស់ភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ។

 

 

 

 

របាយការណ៍របស់លោក យន្ត មីន ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា ជនបរទេសដែលកំពុងមានវត្តមាននៅក្នុង​ខេត្តព្រះសីហនុមានចំនួនសរុប ៦,៣៨៥នាក់ ស្មើនិង ៦១សញ្ជាតិ។ ក្នុងនោះជនជាតិចិន មានចំនួន ៤,៤៩៨នាក់ ជនជាតិឥណ្ឌូនេស៊ី ៩០៩នាក់ ជនជាតិហ្វីលីពីន ១២៧នាក់ ជនជាតិម៉ាឡេស៊ី ១២២នាក់ ជនជាតិថៃ ៧២នាក់ ជនជាតិរុស្ស៊ី ៧០នាក់ ជនជាតិវៀតណាម ៦៧នាក់ ជនជាតិបារាំង ៥៦នាក់ ជនជាតិឥណ្ឌា ៥២នាក់ ជនជាតិអង់គ្លេស ៥១នាក់ និងជនជាតិផ្សេងៗទៀត ៣៦១នាក់។

 

 

 

 

ក្នុងរបាយការណ៍បានបង្ហាញទៀតថា ជនបរទេសទាំងនេះ ចែកចេញ៣ប្រភេទ គឺជនបរទេសជាអ្នកវិនិយោគ, ជនបរទេសជាអ្នកទេសចរ និងជនបរទេសជាអ្នកបម្រើការក្នុងកាស៊ីណូ កម្មករសំណង់ និងអ្នកផ្តល់សេវាផ្សេងៗ។

លោក យន្ត មីន បានគូសបញ្ជាក់ថា ជនបរទេសដែលមានវត្តមានក្នុងខេត្តព្រះសីហនុ គឺផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន។ បើតាមលោក យន្ត មីន ផលវិជ្ជមានរបស់ជនបរទេសនោះរួមមាន៖ រោងចក្រមានចំនួនកើនឡើង ហើយបានផ្តល់ការងារជូនកូន​ចៅប្រជាពលរដ្ឋ​កម្មករ-កម្មការិនីកាន់តែច្រើនឡើង, វិស័យដីធ្លី និងអចលនទ្រព្យមានតម្លៃកើនឡើង, សំណង់អគារពាណិជ្ជកម្មខ្ពស់ៗមានចំនួនកាន់តែច្រើន, មានសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋានធំៗសម្រាប់ទទួលភ្ញៀវទេសចរជនជាតិចិន, កសិផល និងផលិតផលក្នុងស្រុកមានទីផ្សារល្អ, បង្កើនឱកាសការងារជូនប្រជាពលរដ្ឋខ្មែរបានច្រើន, ប្រាក់ចំណូលពន្ធមានការកើនឡើង, ទេសភាពទីក្រុងពេលរាត្រីមានសោភណភាព ស្រស់ស្អាត ដោយមានភ្លើងបំភ្លឺតាមដងផ្លូវ អគារសណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋាននានា។

 

 

 

 

ទន្ទឹមនឹងផលវិជ្ជមាន ផលអវិជ្ជមានក៏កើតមានផងដែរ។ ផលអវិជ្ជមាន ដែលបានគូសរំលេចក្នុងរបាយការណ៍រួមមាន៖ បង្កឱកាសដល់​ជនជាតិចិនជាពួកម៉ាហ្វីយ៉ាមួយចំនួនបន្លំចូលមកប្រព្រឹត្តបទល្មើសផ្សេងៗ និងចាប់ជម្រិតអ្នកវិនិយោគជនជាតិចិន បង្កអសន្តិសុខក្នុងខេត្ត, កម្មករបរទេសតាមការដ្ឋានសំណង់មានចំនួនច្រើនលើសពីច្បាប់កំណត់, ជនបរទេសបើកហាងរកស៊ីតូចតាច នាំឲ្យប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ, ជនបរទេសបើករថយន្តដោយគ្មានច្បាប់អនុញ្ញាត រថយន្តជនបរទេសមួយ​ចំនួនមានស្លាកលេខ ខ.ម, ន.ប ស្លាកសញ្ញាក្បាលតោ ហើយមិនសូវគោរពច្បាប់ចរាចរណ៍, ជនបរទេសខ្លះផឹកស៊ីស្រវឹង ស្រែឡូឡា ឈ្លោះប្រកែកគ្នា វាយតប់គ្នានៅតាមភោជនីយដ្ឋាន និងតាមទីសាធារណៈ ហើយមានជនជាតិចិនខ្លះបានជួលផ្តាច់សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនធំធ្វើឲ្យការផ្តល់សេវាស្នាក់​នៅសម្រាប់ភ្ញៀវទេសចរមិនតាមតម្រូវការ…។

 

 

 

 

ទោះជាយ៉ាងណាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក៏បានដាក់ចេញជាវិធានការ និងចាត់វិធានការភ្លាមៗផងដែរ ទៅលើបញ្ហាទាំងអស់នេះ។ នេះបើតាមការបញ្ជាក់របស់លោក យន្ត មីន អភិបាលខេត្តព្រះសីហន៕

 

 

ប្រភព​៖ freshnews

Facebook Comment

Related Articles