នាយឧត្ដមសេនីយ៍ ម៉ឹង សំផន ​ប្រាប់ឲ្យកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ត្រូវបង្ក្រាបបទល្មើសខុសច្បាប់ និងឈានទៅកម្ទេចកម្លាំងដែលកើតដោយអំពើខុសច្បាប់

959 Views
February 1, 2018

(ស្វាយរៀង)៖ ​ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារយោធាប្រចាំ​​ឆ្នាំ​២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៨ នៅតំបន់ប្រតិបត្តិការសឹករងស្វាយរៀង នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ​នាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាង​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ទៅលើ ការងារសន្តិសុខ ក្នុងខេត្តស្វាយរៀង ដោយលោកបានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្ក្រាបបទល្មើសខុសច្បាប់ និងឈានទៅកម្ទេចកម្លាំង ដែលកើតដោយអំពើខុសច្បាប់។

 

 

 

 

 

នៅក្នុងសន្និបាត​នោះ ក៏មានការអញ្ជើញចូលរួមពី លោក ម៉ែន វិបុល អភិបាល​ខេត្ត និងជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកឧត្ដមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការរងយោធភូមិភាគទី២ និង​ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង​។

 

 

 

 

 

ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់, នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានសំដែងនូវការកោតសរសើរ និងវាយ​តំលៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងឯកភាពតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ដែលក្នុងឆ្នាំ​២០១៧ កន្លងមក បានខិតខំយក​អស់កម្លាំងកាយចិត្ត ក្នុងការបំពេញតួនាទីភារកិច្ច​សំដៅ​ពង្រឹងកិច្ចការ ការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សង្គមជូនប្រជាពលរដ្ឋ និង​ចូលរួមចំណែកក្នុងការកសាង ស្តារ និង​អភិវឌ្ឍន៍ប្រទេសជាតិ​។

 

 

 

 

 

លោក ម៉ឹង សំផន បានសង្កត់ធ្ងន់ថា​ ដោយសារមានការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើ​​ឲ្យប្រទេសជាតិ​មានសន្តិភាព និង​ការអភិវឌ្ឍន៍ ដូចនេះកងយោធពលខេមរភូមិន្ទ ត្រូវការពារឲ្យបាននូវសន្តិភាព ដែលមានក្នុងពេលបច្ចុប្បន្ន ដើម្បីធានាដល់ការអភិវឌ្ឍន៍យូរអង្វែងទៅថ្ងៃអនាគត​ និងដើម្បីឈានទៅ​សម្រេចគោលដៅខាងលើនេះ គឺទាមទារឲ្យកងទ័ព​ត្រូវមានភាព ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ចំពោះជាតិ និង​មាតុភូមិ ត្រូវគោរពស្រឡាញ់ប្រជាជន មានឆន្ទៈប្រយុទ្ធប្តូរផ្តាច់ មានសមត្ថភាព គ្រប់គ្រាន់ក្នុងកិច្ចការពារជាតិ​ មាតុភូមិ។

 

 

 

 

 

 

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានផ្ដាំផ្ញើ និង​បានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួន ដល់តំបន់ប្រតិបត្តិការសឹករងស្វាយរៀង និង​កងកម្លាំងទាំងអស់ឲ្យសហការគ្នា បំពេញតួនាទីភារកិច្ចឲ្យបានកាន់តែល្អប្រសើរថែម លើកិច្ចការការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង​ត្រូវប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលមានបំណងធ្វើបដិវត្តន៍ពណ៌ នាំទៅដល់ការបំផ្លាញនូវសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងសេចក្ដីសុខរបស់ប្រជាជន ដើម្បីធានាឲ្យបាននូវ​សន្តិសុខ សុវត្ថិភាព សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ​។

 

 

 

 

 

 

លោក ម៉ឹង សំផន ក៏បាននាំយកនូវអំណោយ​របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងស្វាយរៀងមាន​៖ អង្ករ​៥​តោន មី​១០០​កេស ត្រីខ​១០​កេស និង​ថវិកា​១០លានរៀល ផ្តល់ជូន​កងរាជអាវុធហត្ថខេត្តស្វាយរៀង មាន​ថវិកា​៥​លានរៀល ​មី​១០០កេស ​និង​ស្នងការដ្ឋាននគរបាលខេត្ត ទទួលបានថវិកា​៥លានរៀល និង​មី​១០០កេស​៕

 

 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles