រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋ កុំបរិភោគ ឬលក់បក្សីឈឺ ឬងាប់ ក្នុងឱកាសចូលឆ្នាំចិន ព្រោះខ្លាចឆ្លងជំងឺ H5N1

598 Views
February 2, 2018

(​ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស ឲ្យប្រុងប្រយ័ត្នលើការបរិភោគអាហារ ពិសេសសាច់តែម្ដង កុំបរិភោគសាច់បក្សីឈឺ ឬងាប់ ដើម្បីការពារការឆ្លងនូវជំងឺផ្ដាសាយបក្សី H5N1។

រដ្ឋមន្ដ្រីថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្ដគម្រោងជំនួយគ្លីនិកចល័ត នាទីស្ដីការក្រសួង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ថា «នេះជាការងារមួយ ដែលយើងត្រូវប្រុងប្រយ័ត្ន ព្រោះជាទូទៅជំងឺផ្ដាសាយបក្សី តែងតែកើតមានឡើងនៅរដូវត្រជាក់ ដូចជារដូវនេះ ហើយថ្ងៃបុណ្យចូលឆ្នាំចិន នឹងខិតមកដល់ខាងមុខនេះហើយ គឺមានតម្រូវការសាច់ច្រើន ដូចនេះសូមប្រជាពលរដ្ឋយើង ប្រុងប្រយ័ត្ន ពេលមាន មាន់ ទារ ងាប់ ត្រូវកប់ កុំយកទៅលក់ ហើយបើឃើញងាប់ច្រើន ត្រូវមកប្រាប់ពេទ្យសត្វ ដើម្បីជួយបង្ការកុំឲ្យសត្វឆ្លងមកសត្វបន្ថែមទៀត និងមនុស្សមកមនុស្ស ពិសេសកុំឲ្យក្មេងៗប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ហើយត្រូវមានអនាម័យ តែបើឃើញមានរោគសញ្ញាអ្វីប្លែក ប្រញាប់មកមន្ទីរពេទ្យភ្លាមៗផងដែរ» ។

 

 

 

 

រោគសញ្ញាជំងឺនេះមានដូចជា គ្រុនក្តៅលើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញាក្អក ឬ ឈឺក ឬដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល៧ថ្ងៃមុនចេញ
រោគសញ្ញា។ បើចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាពឬមន្ទីរពេទ្យជិតបំផុត ដើម្បីធ្វើការព្យាបាល ហើយកម្ពុជាក៏មានឱសថ សម្រាប់ប្រឆាំងនឹងជំងឺនេះផងដែរ។

កាលពីខែមករា ឆ្នាំ២០១៨កន្លងទៅនេះ វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើវិភាគរកឃើញមេរោគផ្តាសាយបក្សីលើសំណាកសត្វមាន់ចំនួន ០៣ក្បាល នៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

 

 

 

 

ទោះបីជាយ៉ាងណាជំងឺផ្តាសាយនេះ ត្រូវបានទប់ស្កាត់ទាន់ពេលវេលាមិនមានការរីករាលដាល ឬបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយហើយកាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ ក៏មានផ្ទុះករណីជំងឺផ្តាសាយបក្សីនៅក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំដែរ តែត្រូវបានទប់ស្កាត់ទាន់ពេលវេលា ៕

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles