ក្រសួងសុខាភិបាល ព្រមានពីការផ្ទុះឡើងនៃជំងឺគ្រុនឈាម ខណៈ៣សប្តាហ៍ដើមឆ្នាំនេះ ជំងឺគ្រុនឈានកើតឡើងជាង៣០០ករណី ស្លាប់១ករណី គួរឲ្យបារម្ភ!

711 Views
February 3, 2018

(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានថ្លែងថា នៅឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលត្រូវដល់វដ្ដនៃការផ្ទុះ ឬក៏រាលត្បាតធំម្ដងទៀត នៃជំងឺគ្រុនឈាម ដោយ៣សប្ដាហ៍ដើមឆ្នាំនេះ គឺសា្ថនភាពជំងឺគ្រុនឈាម មានការកើនឡើង គួរឲ្យចាប់អារម្មណ៍ រហូតដល់ទៅ១២០% ។

 

 

 

 

លោកវេជ្ជបណ្ឌិត ថ្លែងក្នុងឱកាសចុះទៅអប់រំ និងដាក់ថ្នាំបាណកឃាដ (អាបែត) ជូនប្រជាពលរដ្ឋ នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ តាមកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ថា ៣សបា្ដហ៍ដើមឆ្នាំ២០១៨នេះ ជំងឺគ្រុនឈាម នេះបានកើតឡើងលើប្រជាពលរដ្ឋយើង ចំនួន៣១៦ករណី ស្លាប់១ករណី

ដែលមានការកើនឡើងជាងឆ្នាំ២០១៧ ដោយក្នុងកំឡុងពេល៣ខែដើមឆ្នាំដូចគ្នា មានត្រឹមតែ១៣៨ករណី និងគ្មានស្លាប់នោះទេ។

 

 

 

លោកវេជ្ជបណ្ឌិត ថ្លែងទៀតថា «ដើម្បីគ្រប់គ្រងហានិភ័យ នៃការរាលត្បាតដោយជំងឺគ្រុនឈាម ក្នុងឆ្នាំ២០១៨នេះ ឲ្យទាន់ពេលវេលា យើងបានរៀបចំនូវយុទ្ធសាស្ដ្ររួចរាល់ហើយ ក្នុងការធ្វើផែនការសម្រាប់ភ្នាក់ងារសុខាភិបាល គឺចុះអនុវត្ដន៍ការងារឲ្យទាន់ពេលវេលា ដោយពង្រឹងបណ្ដាញគ្រប់គ្រងកម្មវិធីគ្រប់កម្រិតជាមួយដៃគូពាក់ព័ន្ធ, ពង្រឹងសេវាពិនិត្យ រោគវិនិច្ឆ័យ និងព្យាបាល ដោយក្ដាប់ចំនួនករណីឲ្យបានច្បាស់លាស់, ត្រូវពង្រឹងការងាគ្រប់គ្រងភ្នាក់ងារចម្លងរួមមានការវាយតម្លៃ ធ្វើបច្ចុប្បន្នភាព និងត្រៀមរៀបចំថ្នាំអាបែន ថ្នាំបាញ់មូស និងម៉ាស៊ីនបាញ់ថ្នាំមូស, ត្រូវលើកកម្ពស់សេវាអប់រំសុខភាពតាមសហគមន៍ សាលារៀន ទីប្រជុំជន និងវត្ដអារ៉ាម ជាមួយនឹងផ្ទាំងរូបភាព និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំងវិធានការការណ៍មួយចំនួនទៀត»

 

 

 

 

លោកវេជ្ជបណ្ឌិត បន្ដថា «លើសពីនោះ យើងបានត្រៀមរួចជាស្រេច នូវថ្នាំអាបែត ជាង៣៥០តោន ថ្នាំបាញ់មូស ដែលបានចែកចាយកន្លងមក ជាង៥,៦៩០លីត្រ ទូទាំងប្រទេស ហើយយើងនៅមានក្នុងស្ដុកបន្ថែម១,៤០០លីត្រទៀត ដើម្បីត្រៀមទប់នឹងសភាពការណ៍ ព្រោះអីទៅតាមស្ថានភាពវិភាគ គឺ៥ទៅ៦ឆ្នាំនឹងកើតមានជំងឺគ្រុនឈាមធំនេះម្ដង គឺអាចរាលត្បាតខ្លាំងម្ដង នេះមិនមែនមានតែនៅកម្ពុជាទេ គឺនៅទូទាំងពិភពលោក តែកាលពីឆ្នាំ២០១៧យើងមានសុវត្ថិភាព តែឆ្នាំ២០១៨នេះ វាអាចនឹងផ្ទុះឡើងនៃជំងឺគ្រុនឈាមនេះគ្រប់ពេល។ សម្រាប់នៅតាមមន្ទីរពេទ្យទូទាំងប្រទេសវិញ គឺយើងបានត្រៀមរួចហើយ នូវសេរ៉ូមជិត៥ម៉ឺនកំប្លោកឯណោះ»។

 

 

 

 

ប្រទេសកម្ពុជាទទួលរងគ្រោះដោយការរាតត្បាតក្នុងទ្រង់ទ្រាយធំ នៃជំងឺគ្រុនឈាម ជាប្រចាំរវាង ៣-៥ ឆ្នាំម្តង។ ចាប់ពីឆ្នាំ ១៩៨០-២០១៧ កម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរ ពីការរាតត្បាតនៃជំងឺគ្រុនឈាម ដែលបណ្តាលមានកុមារ ប្រមាណ ១០,០០០ ទៅ ១២,០០០នាក់ ត្រូវដាក់ឲ្យសំរាកព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ក្នុងនោះកុមារប្រមាណ១០០នាក់ បានស្លាប់បាត់បង់ជីវិតក្នុងមួយឆ្នាំៗ។

 

 

 

នៅឆ្នាំ២០១៦ មានអ្នកជំងឺសង្ស័យគ្រុនឈាមចំនួន ១២.៨៤៣ករណី (បើគិតជា អាំងស៊ីដង់ ឬករណីថ្មី គឺ ៧៧.៥% ក្នុងចំណោមប្រជាជន ១០០,០០០នាក់) ត្រូវបានរាយការណ៍តាមប្រព័ន្ធរបាយការណ៍កម្មវិធីជាតិ ក្នុងនោះមានកុមារចំនួន ១៨នាក់ បានស្លាប់ (បើគិតជាអត្រាស្លាប់គឺ ០,១%) ។

 

 

 

 

ករណីឈឺ និងស្លាប់នៃជំងឺគ្រុនឈាម នៅឆ្នាំ២០១៧ ករណីនៃជំងឺគ្រុនឈាមដែលរាយការណ៍សរុបមានចំនួន៦៣.៧២ករណី ។ មួយភាគធំនៃករណីឈឺដែលបានរាយការណ៍ គឺកើតមានលើក្រុមកុមារ ចាប់ពីអាយុ៥ឆ្នាំ ទៅក្រោម១០ឆ្នាំ (២,៤៣៤ករណី ឬ ៣៨,២%) បន្ទាប់មកលើកុមារអាយុពី១០ឆ្នាំទៅក្រោម១៥ឆ្នាំ (២,២៧១ករណី ឬ៣៥,៦%) កុមារអាយុក្រោម៥ឆ្នាំ (១,៣០៥ករណី ឬ១០,៧%) និងកុមារអាយុក្រោមលើសពី ១៥ឆ្នាំ (៣៦២ ករណីឬ ៥.៦%)។

 

 

 

 

គួរកត់សម្គាល់ថា ករណីឈឺលើកុមារទៅតាមភេទ មិនមានភាពខុសគ្នាប៉ុន្មានទេ រវាងក្មេងប្រុស(មានចំនួន៣,២៦៤ករណី ស្មើនឹង ៥១.២%) និងក្មេងស្រី (មានចំនួន ៣,១០៨ករណីស្មើនឹង ៤៨.៨%) ។ ក្នុងចំណោម ៦៣.៧២ករណី នៃជំងឺគ្រុនឈាមដែលបានរាយការណ៍ ក្នុងនោះនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញមានចំនួន ២,៩៨៤ករណី មន្ទីរពេទ្យកុមារជាតិ ១,១៧៦ករណី មន្ទីរពេទ្យជ័យវរហ្ម័នទី៧សៀមរាប ១,៣៣២ករណីមន្ទីរពេទ្យកុមារអង្គរសៀមរាប ៣,១៣ករណី និងមន្ទីរពេទ្យរាជធានីខេត្តទាំង២៥ ចំនួន៥.៦៧ករណី ។បើគិតជាអត្រាអាំងស៊ីដង់នៃជំងឺគ្រុនឈាម គឺ៣៨.២% ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០១៧ គឺថយចុះ ៥០% ប្រៀបធៀបនឹងឆ្នាំ២០១៦។

 

 

 

 

នៅឆ្នាំ២០១៧ សភាពការណ៍គ្រុនឈាមមានការប្រែប្រួល ដោយការផ្លាស់ប្តូរប្រភេទវីរុសគ្រុនឈាម។ ខេត្តមួយចំនួនបានទទួលការរាតត្បាតជំងឺគ្រុនឈាម ដូចជា ខេត្តមណ្ឌលគីរី ព្រះវិហារ តាកែវ ព្រៃវែង កំពង់ស្ពឺ និងសៀមរាប ប៉ុន្តែការរាតត្បាតត្រូវបានទប់ស្កាត់ទាន់ពេលវេលា។ ខណៈពេលដែលជំងឺហ្ស៊ីកាកំពុងរាតត្បាត គឺជួនពេលគ្នានឹងការរាតត្បាត នៃជំងឺគ្រុនឈាមផងដែរ។ ក្រសួងសុខាភិបាលបានដាក់វិធានការឲ្យរាជធានីខេត្តនិមួយៗ បាញ់ថ្នាំទប់ស្កាត់ការរាតត្បាតជំងឺហ្ស៊ីកាដែលអំណោយផលល្អផងដែរ ដល់ការទប់ស្កាត់ជំងឺគ្រុនឈាម៕

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles