ទាហាន​​ក្នុងខេត្តឧត្តរមានជ័យរង​ការចោទថា​គំរាម​សម្លាប់អ្នកការពារព្រៃឈើ

735 Views
February 3, 2018

ប្រជាសហគមន៍ព្រៃឈើ​ក្នុងខេត្តឧត្តរមានជ័យចោទថា ទាហានកងពលតូចលេខ៤២បានប្រើអំពើហិង្សា និងគំរាមសម្លាប់ ខណៈ ពួកគេចុះល្បាតព្រៃចាប់បានគោយន្តដឹកឈើរបស់ទាហានម្នាក់នៅកងពលតូចនេះ។

សហជិកសហគមន៍ព្រៃឈើរតនរុក្ខាលោក លឿត ឡោះ ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីថ្ងៃទី២៨មករារូប លោក និងសហគមន៍ព្រៃឈើរុក្ខាវ័ន្ត រូមជាមួយរដ្ឋបាលព្រៃឈើបានចុះល្បាតព្រៃក្នុងសហគមន៍ដោយចាប់បានគោដឹកឈើ និងឃាត់បានអ្នកកាប់ឈើម្នាក់ដែលជាទាហាននៅកងពលតូចលេខ៤២។

លោកបន្តថា ក្រោយឃាត់បាន រូបលោកបានបើកគោយន្តនោះទៅរក្សាទុកនៅទីស្នាក់ការរដ្ឋបាលព្រៃឈើ ដោយ​មាន​មន្ត្រី​រដ្ឋ  បាល​ព្រៃឈើ​ម្នាក់ និងអ្នកកាប់ឈើជិះពីក្រោយ ប៉ុន្តែលោកថា បើកចេញបានឆ្ងាយបន្តិចស្រាប់តែមានមនុស្ស៧នាក់ស្លៀកពាក់ទាហានមកស្ទាក់ផ្លូវឲ្យឈប់​ ហើយប្រើហិង្សាលើលោក និងគំរាម​សម្លាប់ថែមទៀត។

លោកបន្ថែមថា«ខ្ញុំជាអ្នកបើកនាំជនល្មើសទៅកន្លែងរដ្ឋបាលព្រៃឈើ ដល់ទៅតាមផ្លូវវាទូរសព្ទទៅគ្នាវាឲ្យកាក់តាមផ្លូវ ដល់កាក់ តាមផ្លូវវាគំរាមថា ឲ្យគ្នាវាទិញសាំងមក១កានដុតទាំងគោយន្តទាំងខ្ញុំអ្នកបើក។ ហើយពេលដល់កន្លែងចំណុចដែលគ្នាវានៅចាំ មានទាហានច្រើននោះ វាបានក៏បានឲ្យខ្ញុំឈប់ហើយខ្ញុំក៏តាមវា ហើយវាក៏បានចុះពីលើគោយន្តទាញកអាវខ្ញុំហើយទះកំភ្លៀងខ្ញុំ ១ដៃ»។

លោក លឿត ឡោះ ឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលជនល្មើសព្រៃឈើប្រើហិង្សា និងគំរាមកំហែងលើរូបលោក ហើយថា កន្លងមកដោយសារតែលោកសកម្មក្នុងការទប់ស្កាត់បទល្មើសព្រៃឈើត្រូវគេលួចដុតផ្ទះចោលទៀតផង។

ប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខាវ័ន ព្រះតេជគុណ ប៊ុន សាលួត បានសរសេរលើហ្វេសប៊ុករបស់ព្រះអង្គកាលពីថ្ងៃកើតហេតុ ថា ពេលចុះបង្រ្កាបបទល្មើសព្រៃឈើជាមួយរដ្ឋបាលព្រៃឈើ ចាប់បានគោយន្តទាហាន​ដឹកឈើ១គ្រឿង ដោយមានឈើធ្នង់ ចំនួន៧សន្លឹង មានមុខកាត់៤០ ប្រវែង២ម៉ែត២តឹង ប៉ុន្តែព្រះអង្គមានសង្ឃដីការថា ត្រូវទាហាន​កងពលលេខ៤២មកដណ្តើម យកវិញ ហើយបានវាយគណៈកម្មការសហគមន៍ម្នាក់ និងគំរាមដុតទាំងមន្រ្តីរដ្ឋបាលព្រៃឈើថែមទៀត។​

 

 

(ប្រភព៖ សហគមន៍ព្រៃឈើសង្ឃរុក្ខាវ័ន)

 

 

ព្រះអង្គបានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធជួយអន្តរគមន៍ដោះស្រាយ និងមានវិធានការចំពោះករណីនេះ ដោយថា ដើម្បីចៀស វាងកើតមានបញ្ហាអ្វីផ្សេងលើពីនេះដែលធ្វើឲ្យសហគមន៍ព្រៃឈើភ័យខ្លាចមិនហ៊ានចេញល្បាតព្រៃទៀត។

នាយសង្កាត់រដ្ឋបាលព្រៃឈើលោក ខន ខែម និយាយថា ករណីនេះពិតជាកើតឡើងមែន និងថា ជនបង្ករដែលទាហាន​កងពលលេខ៤២នោះមានឈ្មោះ ដូង ហើយថា លោកបានធ្វើកំណត់ហេតុករណីនេះទៅខណ្ឌរដ្ឋព្រៃឈើខេត្តសុំឲ្យធ្វើពាក្យ    បណ្តឹងប្តឹង លោក ដូង និងបក្ខពួកទៅតុលាការដើម្បីឲ្យចាត់ការតាមច្បាប់ និងបញ្ឈប់ការប្រព្រឹត្តបទល្មើសព្រៃឈើ ការប្រើហិង្សា និងគំរាមសម្លាប់ទៅទៀត។

វិអូឌីមិនអាចសុំការបញ្ជាក់ពីទាហានឈ្មោះលោក ដូង បានទេជុំវិញបញ្ហានេះ។

មេបញ្ជាការកងពលតូចលេខ ៤២ លោក សន វ៉ាន និយាយថា លោក ដូង ដែលសហគមន៍ចោទថា ប្រព្រឹត្តបទល្មើស ប្រើហិង្សា និងគំរាមសម្លាប់មកលើអ្នកការពារព្រៃឈើ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកទេ​។​

លោកបន្ថែមថា«ករណីចាប់ឈើថ្ងៃមុខហ្នឹងមិនមែនជាអ្នកក្នុងអង្គភាពខ្ញុំទេ វានៅ៤២ដូចគ្នា ប៉ុន្តែវារៈផ្សេងគ្នា ខ្ញុំបួន២១ គាត់នៅបួន២៤ បងសួរទៅខាងកងពលបានដឹងរឿងហ្នឹងច្បាស់បង»។

មន្រ្តីសមាគមអាដហុកប្រចាំខេត្តរឧត្តរមានជ័យ លោក ស្រី ណារ៉េន ប្រសាសន៍ថា ប្រសិនបើករណីនេះ កើតឡើងមែននោះវាជា ទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលច្បាប់មិនអាចអត់ឱនឲ្យបានឡើយ។

លោកបន្តថា ក្នុងខេត្តឧត្តរមានជ័យនេះ មានច្រើនដងហើយដែលមន្រ្តីទាហានបានប្រើហិង្សារ និងគំរាមមកលើសហគមន៍ពេល ចុះល្បាតព្រៃឈើ។

លោកបន្ថែមថា«អាជ្ញាធរហ្នឹងគួរតែចាត់វិធានការឲ្យបានតឹងរឹងបំផុត ព្រោះតាមដែលខ្ញុំធ្វើការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៅឧត្តរមានជ័យនេះឃើញថា សហគមន៍ព្រៃឈើចំនួន១៣ក្នុងខេត្តនេះកន្លងមកហ្នឹងមានរងគ្រោះច្រើនណាស់ពីសំណាក់អ្នក មានអំណាចប្រើប្រាស់ហិង្សាមកលើអ្នកការពារធនធានធម្មជាតិ ហើយឃើញថា វិធានការរបស់អាជ្ញាធរពាក់ព័ន្ធហ្នឹងអត់ចាត់ វិធានទាន់ពេលវេលា ឬដាក់ទោសទាន់ទៅលើជនប្រព្រឹត្តហ្នឹងឲ្យបានធ្ងន់ធ្ងរទេ ឃើញថា អ្នកដែលប្រព្រឹត្តហ្នឹងមានសេរីភាព ដដែល»។

អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ ស្នើទៅអាជ្ញាធរថ្នាក់លើឲ្យចាត់វិធានការចំពោះជនប្រព្រឹតដែលជាមន្រ្តីក្រោមឱវាទ របស់ខ្លួនតាមច្បាប់ ដោយថា ដើម្បីលើកទឹកចិត្តដល់អ្នកការពារព្រៃឈើ។

កាលពីថ្ងៃទី៣០ខែមករា មន្ត្រី៣នាក់រងការបាញ់សម្លាប់​ ខណៈពួកគេចុះទប់ស្កាត់បទល្មើសព្រៃ ឈើក្នុងខេត្ត មណ្ឌលគិរី ក្នុងនោះមានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ នៃមន្ទីរបរិស្ថាន និងបុគ្គលិករ​បស់​អង្គ​កា​រ WCS លោក ថុល ខ្នា៕

 

 

ប្រភព៖ vod

 

Facebook Comment

Related Articles