រឿងរ៉ាវខ្លះៗដែលលោកអ្នកមិនទាន់ដឹងពីឥទ្ធិពលនៃគម្រោងសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មី នៅខេត្តកណ្តាល លើផ្ទៃដី២៦០០ហិកតា តម្លៃវិនិយោគ១៥០០លានដុល្លារ

1353 Views
February 5, 2018

(ភ្នំពេញ)៖ លោកអ្នកប្រាកដជាបានជ្រាបដំណឹងខ្លះៗហើយ នូវព័ត៌មានអំពីការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ដែលចេះតែបន្តកើនឡើងជារៀងរាល់ឆ្នាំមកកាន់ប្រទេសកម្ពុជា។

ព្រលានយន្តហោះថ្មីនេះ ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រីទម្លាយថា នឹងត្រូវសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល ចាប់ពីក្រុងតាខ្មៅលាតសន្ធឹងដល់ស្រុកកណ្តាលស្ទឹង (ប៉ែកខាងកើតផ្លូវជាតិលេខ២) ហើយនឹងអាចថ្ពក់ភ្ជាប់ជាមួយទឹកដីស្រុកស្អាងខ្លះ និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។

ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។

រូបភាពតំណាង

ដើម្បីផ្តល់ព័ត៌មានបន្ថែមជុំវិញ នឹងគម្រោងសាងសងព្រលានយន្តហោះថ្មីនេះ បណ្តាញព័ត៌មាន Fresh News សូមលើកយកនូវព័ត៌មានខ្លះៗដែលលោកអ្នកប្រហែលជាមិនទាន់បានដឹង៖

១៖ Fresh News ទម្លាយផែនទីប្លង់ច្បាស់លាស់នៃទីតាំងព្រលានយន្តហោះ ដែលនឹងត្រូវបានសាងសង់នៅខេត្តកណ្តាល

តើតាមប្លង់ផែនទីនៃទីតាំងច្បាស់លាស់ត្រូវសង់ព្រលានយន្តហោះថ្មី ដែល Fresh News ទទួលបានពីមន្ត្រីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ទីតាំងព្រលានយន្តហោះថ្មីនេះ ត្រូវស្ថាបនានៅតំបន់វាលស្រែ និងដីបឹង ដែលនៅមិនឆ្ងាយពី១០គីឡូម៉ែត្រឡើយ ពីកន្ទុយនៃមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ដែលភ្ជាប់ពីតំបន់អភិវឌ្ឍន៍បឹងទំពុនទៅដល់សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

បើតាមផែនទីដែលត្រូវបានទម្លាយនេះ រាជរដ្ឋាភិបាលត្រូវស្ថាបនាមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រនេះ ឆ្ពោះទៅកាន់ទីតាំងព្រលានយន្តហោះថ្មី រួចបន្តទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ដើម្បីប្រើប្រាស់ផ្លូវនេះ ជាផ្លូវយុទ្ធសាស្ត្រ លំហូរចរាចរណ៍ពីពីព្រលានយន្តហោះថ្មីឆ្ពោះមកកាន់រាជធានីភ្នំពេញ បេះដូងរបស់កម្ពុជា។ (សូមមើលផែនទី)

ប្តង់ទីតាំងព្រលានយន្តហោះថ្មី

២៖ តើព្រលានយន្តហោះថ្មីនឹងត្រូវសាងសង់នៅពេលណា?

បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រលានយន្តហោះថ្មី ដែលវិនិយោគរហូតដល់១,៥០០លានដុល្លារនេះ នឹងត្រូវចំណាយពេល២ ឬ៣ឆ្នាំទៀត ទើបសាងសង់ ព្រោះនៅមានការងារមួយចំនួនទៀតត្រូវបញ្ចប់។

លោក ស៊ិន ចាន់សេរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ខ្ញុំអាចនិយាយបានថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងដំណើរការនៅពេលឆាប់ៗខាងមុខ ឬអាច២-៣ឆ្នាំខាងមុខ ព្រោះក្រុមហ៊ុនត្រូវការរៀបចំការងារឲ្យបានល្អិតល្អន់ ទាំងការរៀបចំប្លង់ព្រលានយន្តហោះ និងការងារផ្សេងទៀត»។

លោកបន្តថា រាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគ ត្រូវការពេលពិភាក្សាគ្នាឲ្យលម្អិត អំពីលក្ខខណ្ឌនៃការបង្កើត ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះ រួមទាំងបច្ចេកទេសផងដែរ ខណៈកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍ចិន សម្រាប់ គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មីនេះ ក៏ត្រូវការចំណាយពេលសម្រាប់បំពេញលក្ខខណ្ឌឲ្យសព្វគ្រប់ផងដែរ។

ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច, ទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រជុំជាមួយក្រុមហ៊ុន OCIC ពិភាក្សាពីគម្រោងសាងសង់ព្រលានយន្តហោះថ្មី 

៣៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និយាយអ្វីខ្លះពីព្រលានយន្តហោះថ្មីនេះ?

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការនី ជាង១ម៉ឺន៦ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន២០ នៅតំបន់ព្រៃទា ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា គ.ស ២០១៨ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរដែលចេះតែកើតឡើងជារៀងរាល់ឆ្នាំ កម្ពុជាបាននិងកំពុងគិតគូរអំពីការសាងសង់ព្រលានយន្តហោះភ្នំពេញ និងសៀមរាបថ្មី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ចំនួនទេសចរកាន់តែមានការកើតឡើង ដែលឆ្នាំកន្លងទៅនេះ យើងទទួលទេសចររហូតដល់៥លាន៦សែននាក់ ដែលចាត់ទុកថាជា ប្រទេសដ៏តូចមួយទទួលទេសចរដ៏ខ្ពស់ រហូតដល់យើងគិតគូរស្តីអំពីបញ្ហាការកសាងព្រលានយន្តហោះថ្មី ទាំងនៅទីក្រុងភ្នំពេញ និងនៅទីក្រុងសៀមរាប ដោយសារតែសមត្ថភាពទទួលនៃព្រលានយន្តហោះរបស់យើងមិនគ្រប់គ្រាន់សម្រាប់គោលដៅវែងឆ្ងាយទៅមុខទៀតទេ យើងចាប់ផ្តើមគិតពីឥឡូវសម្រាប់កំណើនរយៈពេលវែងរបស់យើង តាមរយៈការវិនិយោគកសាងនូវព្រលានយន្តហោះថ្មីទាំងនៅភ្នំពេញ និងសៀមរាប»។

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់ព្រៃទារ

៤៖ ប្រជាពលរដ្ឋ និងឈ្មួញរកស៊ីដីធ្លី ផ្អើលសម្រុកទិញដីនៅជិតតំបន់គម្រោងសង់ព្រលានយន្តហោះថ្មី នាំឲ្យដីឡើងថ្លៃកប់ពពក ខណៈកសិករខ្លះក្លាយជាអ្នកមានដោយមិនដឹងខ្លួន

ក្រោយពីគម្រោងព្រលានយន្តហោះថ្មី លើផ្ទៃដី២៦០០ហិកតា ត្រូវបានប្រកាសថា ត្រូវសាងសង់នៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងនោះ ធ្វើឲ្យដីធ្លីនៅតំបន់នោះឡើងថ្លៃកប់ពពក ត្រឹមតែរយៈពេលជាង១សប្តាហ៍ប៉ុណ្ណោះ តម្លៃដីដែលធ្លាប់តែ១ម៉ែត្រការ៉េពី១០ ទៅ១៥ដុល្លារ ឬ១ហិកតា១០ម៉ឺន ទៅ១៥ម៉ឺនដុល្លារ បានកើនដល់មួយម៉ែត្រការ៉េ៤០ដុល្លារ ដល់ ១០០ដុល្លារ ឬ១ហិកតាពី៤០ម៉ឺនទៅ១លានដុល្លារក៏មាន។

លោក សុខ ខឿន អាយុជាង៣០ឆ្នាំ ដែលមានផ្ទះនៅតាមដងផ្លូវចូលទៅកាន់វត្តអង្គពោល ដែលមានចំងាយពីផ្លូវជាតិលេខ២ ប្រមាណតែ២គីឡូម៉ែត្រ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានថ្លែងថា «ចាប់តាំងពីគម្រោងព្រលានយន្តហោះត្រូវបានប្រកាសមក អ្នករកទិញដីមួយថ្ងៃមិនតិចទេ បានជិះទាំងរថយន្តមកដើរសួររកទិញដីស្រែរបស់ប្រជាពលរដ្ឋ តាំងពីព្រឹករហូតដល់យប់»។

បើតាមលោក សុខ ខឿន ដីស្រែក្នុងភូមិរបស់លោកឡើងថ្លៃខ្លាំងណាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយឡើងពី១ម៉ែត្រការ៉េពី១០ដុល្លារ ដល់ ៥០ដុល្លារ ឬលើសពីនេះទៀត។ លោកបន្ថែមថា អ្នកស្រុកខ្លះដែលមានដីស្រែច្រើន ពួកគាត់ក្លាយជាអ្នកមានដោយមិនដឹងខ្លួនឡើយ ឬអាចនិយាយម្យ៉ាងទៀតថា ដូចគាស់កំណប់ដែលកប់ទុកជាច្រើនឆ្នាំមកអីចឹង។

ជាមួយគ្នានេះលោក ផេង ដែលជាអ្នកចង់ទិញដីម្តុំព្រលានយន្តហោះថ្មីផងដែរនោះ បានលើកឡើងថា ឥឡូវនេះដីនៅតំបន់នោះឡើងថ្លៃសម្បើបណាស់។ នៅចុងខែមករា ឆ្នាំ២០១៨ លោកបានចំណាយពេល ទៅរកទិញដីនៅតំបន់ដែលឆ្ងាយប្រមាណពី៧ ទៅ១០គីឡូម៉ែត្រ ពីតំបន់ដែលគេថាសង់ព្រលានយន្តហោះ ដោយដី១ម៉ែត្រការ៉េថ្លៃពី៧០ដុល្លារ ដល់ ១០០ដុល្លារឯណោះ។

៥៖ ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F មានន័យដូចម្តេច?

អ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអាកាសចរណ៍ស៉ីវិលបានពន្យល់ថា ព្រលានយន្តហោះប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

មន្ត្រីដដែលនេះបញ្ជាក់ទៀតថា ព្រលានយន្តហោះភ្នំពេញថ្មីនេះ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះធំ និងទំនើបជាងគេនៅតំបន់អាស៊ី ឲ្យទំនើបជាងព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ និងព្រលានយន្តហោះរបស់សិង្ហបុរី។

យន្តហោះខ្នាតយក្ស Airbus A380

យន្តហោះខ្នាតយក្ស Boeing 747-800

៦៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នឹងក្លាយជាមហាវិថីតាំងបង្ហាញផលិតផលទំនិញដ៏អស្ចារ្យ

នៅពេលដែលព្រលានយន្តហោះភ្នំពេញថ្មី ចាប់ផ្តើមដំណើរការនោះ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅផ្លូវ៦០ម៉ែត្រ នឹងដើរតួនាទីយ៉ាងសំខាន់ ជាចរន្តលំហូរចរាចរណ៍ពីព្រលានយន្តហោះ មកកាន់រាជធានីភ្នំពេញ។ នៅពេលនោះមហាវិថីសម្តេចតេជោ ហ៊ុន សែន នឹងក្លាយជាមហាវិថីតាំងបង្ហាញផលិតផលទំនិញជូនភ្ញៀវជាតិ និងអន្តរជាតិ, គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលអញ្ជើញមករាជធានីភ្នំពេញ ដែលមិនខុសអ្វីពីមហាវិថីសហព័ន្ធរុស្ស៊ី នាពេលបច្ចុប្បន្ននេះឡើយ។

បើក្រឡែកមើលមហាវិថីសម្តេចតេជោ ហ៊ុន សែន នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនរថយន្តដ៏ល្បីល្បាញលើពិភពលោករបស់អាល្លឺម៉ង់ គឺ Mercedes-Benz ហាក់បានដឹងពីគម្រោងអនាគត នៃមហាវិថីសម្តេចតេជោ ហ៊ុន សែន នេះ គឺជាក្រុមហ៊ុនដំបូងគេ បើកមជ្ឈមណ្ឌល តាំងបង្ហាញរថយន្តរបស់ខ្លួននៅលើមហាវិថីនោះ។ ប៉ុន្តែមិនយូរប៉ុន្មានទេ ក្រុមហ៊ុនផ្សេងទៀតនឹងបង្ខំចិត្តបើកការិយាល័យ និងមជ្ឈមណ្ឌលតាំងបង្ហាញផលិតផលរបស់ខ្លួន នៅតាមបណ្តាយមហាវិថីនោះដែរ។

 មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)

៧៖ គម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗមួយចំនួនត្រូវបានប្រកាសឡើង នៅភាគខាងត្បូងរាជធានីភ្នំពេញ ទិសដែលត្រូវអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី

ទន្ទឹមនឹងព័ត៌មានស្តីពីការសាងសង់ព្រលានយន្តហោះ ត្រូវបានបង្ហាញឡើងនោះ គម្រោងអភិវឌ្ឍន៍លំនៅឋានធំៗ និងថ្មីបន្ថែមទៀត ក៏បានប្រកាសខ្លួនផងដែរ នៅភាគខាងត្បូងរាជធានីភ្នំពេញ បន្ថែមលើគម្រោងអភិវឌ្ឍន៍ ដែលកំពុងមានស្រាប់នៅតំបន់នោះ។

ជាក់ស្តែងនាពេលថ្មីៗនេះ បុរី ប៉េង ហួត ដឹស្តា ដាយមិន ដែលគ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជាង៤០ហិចតា ត្រូវបានប្រកាសឡើងផងដែរ ដែលត្រូវសាងសង់លំនៅឋានប្រកបដោយប្រណិតភាព និងភាពស៊ីវីល័យនៃការរស់នៅ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន។

ជាងនេះទៅទៀតនោះ បុរីពិភពថ្មីរបស់អ្នកឧញ៉ា ហុង ពីវ ក៏បានបើកលក់រួចហើយលើដីទីតាំងប្រមាណជាង៥០ហិចតា ដែលទីតាំងបុរីនេះស្ថិតនៅចំងាយប្រមាណ៣គីឡូម៉ែត្រ ពីទីតាំងព្រលានយន្តហោះថ្មីនេះ។

សម្រាប់តំបន់ជិតនឹងព្រលានយន្តហោះថ្មីនេះ ត្រូវបានអ្នកជំនាញលើកឡើងថា នៅប្រទេសជឿនលឿនទីតាំងទាំងនោះ ត្រូវបានគេអភិវឌ្ឍន៍ទៅជាតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។ យ៉ាងណាសំណង់នៅជុំវិញព្រលានយន្តហោះត្រូវបានកំណត់កម្ពស់ឧបសគ្គ និងគ្រប់គ្រងដោយបទបញ្ញត្តិមិនអាចសង់អគារខ្ពស់ៗបាននោះទេ។

គម្រោងអភិវឌ្ឍន៍លំនៅឋានរបស់បុរី ប៉េង ហួត កំពុងអភិវឌ្ឍន៍នៅតាមមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ)

៨៖ ប្រសិនបើព្រលានយន្តហោះថ្មី ដំណើរការនៅឆ្នាំ២០២៥ តើព្រលានយន្តហោះភ្នំពេញបច្ចុប្បន្នត្រូវដោះស្រាយយ៉ាងណា ឬយកទៅធ្វើអ្វី?

សំណួរនេះ គឺជាចម្ងល់ដែលមានមនុស្សមិនតិចទេ។ ព្រលានយន្តហោះទាំងអស់ដែលកំពុងដំណើរការនៅកម្ពុជា រួមមានព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប និងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគផ្តាច់មុខឲ្យក្រុមហ៊ុន SCA របស់ប្រទេសបារាំង។ នៅឆ្នាំ២០៤០ ទើបបញ្ចប់សិទ្ធិវិនិយោគ ប្រសិនបើសិនមានការកែប្រែកិច្ចសន្យា អាចនឹងមានការផ្តល់សំណង ឬការចរចាររកការព្រមព្រៀងគ្នាផ្សេង។

មន្ត្រីជំនាញជាន់ខ្ពស់របស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ប្រសិនបើព្រលានយន្តហោះថ្មីដំណើរការនោះ ព្រលានយន្តហោះភ្នំពេញបច្ចុប្បន្ន អាចនឹងត្រូវប្រើប្រាស់ក្នុងគោលបំណងផ្សេងៗតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ ចំពោះសំណងដល់ក្រុមហ៊ុន SCA របស់បារាំងវិញ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខុសពីកិច្ចព្រមព្រៀងព្រលានយន្តហោះអន្តរជាតិសៀមរាប ដោយព្រលានយន្តហោះនៅខេត្តសៀមរាប គឺត្រូវផ្តល់សំណងជូនក្រុមហ៊ុន ប្រសិនព្រលានយន្តហោះថ្មីដំណើរការ។ តែសម្រាប់ព្រលានយន្តហោះភ្នំពេញ រាជរដ្ឋាភិបាល និងក្រុមហ៊ុន អាចនឹងមានការព្រមព្រៀងផ្សេងក្រៅពីសំណង។

ព្រលានយន្តហោះភ្នំពេញបច្ចុប្បន្ន

សូមជម្រាបថា គិតទាំងព្រលានយន្តហោះភ្នំពេញថ្មីនេះ ប្រទេសចិនបានជួយដល់ការអភិវឌ្ឍព្រលានយន្តហោះថ្មីៗនៅកម្ពុជាចំនួន៣ហើយ ដែលព្រលានយន្តថ្មី២ទៀតរួមមាន៖ ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវសាងសង់នៅឆ្នាំ២០១៨នេះ ដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUP គ្រោងវិនិយោគនូវទឹកប្រាក់៩០០លានដុល្លារអាមេរិក ដែលមានកុងត្រារយៈពេល៥៥ឆ្នាំ នៅស្រុកសូតនិគម លើផ្ទៃដី៧០០ហិកតា និង ព្រលានយន្ដហោះកោះកុង ក៏ត្រូវសាងសង់លើផ្ទៃដីប្រមាណ៧៥០ហិកតា នៅក្នុងស្រុកបទុមសារគរ ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុនចិន ឈ្មោះថា Union Development Group ដែលវិនិយោគលើទឹកប្រាក់ ប្រមាណ៣៥០លានដុល្លារអាមេរិក៕ ដោយ៖ ប៉ា ជេដ្ឋា

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពី គោលការណ៍បង្កើតក្រុមហ៊ុនវិនិយោគសាងសងព្រលានយន្តហោះថ្មី 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles