ក្រុមភេរវកម្មISជ្រើសរើសមីយ៉ាន់ម៉ាជាកន្លែងថ្មីឈរជើង

908 Views
February 9, 2018

 

ក្រុមភេរវកម្មIS ជាក្រុមអ្នកកាន់សាសនាឥស្លាម​និកាយជីហាតនិយមជ្រុល បង្កើតឡើងកាលពីឆ្នាំ១៩៩៩ ហើយក្រុមនេះ បានធ្វើសកម្មភាពខ្លាំងក្លាកាលពីឆ្នាំ២០១៤ វាយប្រហារដណ្តើមទឹកដីនៅមជ្ឈឹមបូព៌ាគឺប្រទេសស៊ីរី និង អ៊ីរ៉ាក់។​ គោលបំណងគឺដណ្តើមយកប្រទេសទាំងពីរនេះ ហើយបង្កើតជារដ្ឋឥស្លាមធំបំ​ផុតលើពិភពលោក។​

នៅប៉ុន្មានឆ្នាំមកនេះ សង្គ្រាមមិនចាញ់ មិនឈ្នះដោយសារមានការលូកដៃចូលពីប្រទេសមហាអំណាច មានទាំងសហរដ្ឋអាមេរិក​និងរុស្ស៊ី។ ការមិនចាញ់មិនឈ្នះអូសបន្លាយធ្វើឲ្យក្រុមភេរវកម្មនេះចុះខ្សោយ ហើយចេះតែប្រឹងប្រែងអូសទាញឲ្យមានកម្លាំងថ្មីចូលរួម និង ស្វែងរកមូលនិធិជុំវិញពិភពលោកតាមបណ្តាញសម្ងាត់។​ ក្រុម IS រាតត្បាតវាយប្រហារនៅតំបន់ផ្សេងៗ និងរកទីតាំងឈរជើងថ្មី។​

 

 

 

 

ឈានដល់ឆ្នាំ២០១៧ សហគមន៍អន្តរជាតិ​បានព្រមានថា ប្រទេសបីនៅតំបន់អាស៊ានប្រឈមមុខខ្ពស់ពីគ្រោះថ្នាក់ដោយសារសកម្មភាពពួកក្រុមភេរវកម្មISក្នុងនោះរួមមានប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី និង ប្រទេសហ្វីលីពីន។ នៅចុងឆ្នាំ២០១៧ ទីក្រុងម៉ារ៉ាវីភាគខាងត្បូងនៃប្រទេសហ្វីលីនត្រូវបានក្រុមIS សហការជាមួយក្រុមឧទ្ទាមនៅតំបន់នោះវាយយក។ ក្រោយមកហ្វីលីពីនវាយដណ្តើមបានវិញ តែការផ្ទុះអាវុធនៅតែបន្តកើតមាន។​

ដោយមិនអាចយកទីក្រុងម៉ារ៉ាវីបានដូចបំណងក្រុមនេះ បន្តស្វែងរកទីតាំងថ្មីបន្តទៀត។​ ទីតាំងដែលផ្តល់ឱឲ្យក្រុមISចាប់យកគឺជា ទីកន្លែងមានជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃ  កន្លែងដែលមានក្រុមប៉ះបោរច្រើន ឬ កន្លែងដែលមានភាពចលាចល។​ ទីតាំងបន្ទាប់ដែលក្រុមISអាចចាប់យកគឺ ប្រទេសមីយ៉ាន់ម៉ា។​

ហេតុអ្វីបានជាមីយ៉ាន់ម៉ាជាគោលដៅឈរជើងថ្មីរបស់IS?

 

 

 

 

 

មីយ៉ាន់ម៉ាជាប្រទេសដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ចិន ឥណ្ឌា បង់ក្លាដេស និង ប្រទេសឡាវ។ ប្រទេសនេះបែងចែកជា១៤ខេត្ត ៧រដ្ឋ ហើយរដ្ឋមួយចំនួនកំពុងមានក្រុម​ប៉ះបោរប្រដាប់អាវុធដើម្បីផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល។​

ក្រុមបះបោរមាន​ចំនួន៩ក្រុមកំពុងតែធ្វើសកម្មច្បាំងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដោយក្រុមខ្លះកើតឡើងតាំងពីឆ្នាំ១៩៦០ ហើយក៏មានក្រុមដែលទើបកើតឡើងនៅក្នុងឆ្នាំ២០១៦ដែរ។​

 

វិបត្តិធំចុងក្រោយនៅប្រទេសមីយ៉ាន់ម៉ាគឺ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។  កាលពីខែសីហាឆ្នាំ២០១៧ ក្រុមយោធាបើកយុទ្ធនាការបង្ក្រាបលើជនជាតិភាគតិចទាំងនេះ ដែលក្រុមអ្នកឃ្លាំមើលហៅថា ជាយុទ្ធការលុបបំបាត់ពូជសាសន៍រ៉ូហ៊ីងយ៉ា។

របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា ជនជាតិភាគតិចនេះប្រមាណ​៧០០ ០០០នាក់ បានរត់ឆ្លងដែនចូលទៅក្នុងទឹកដីនៃប្រទេសបង់ក្លាដេស។

អ្នកដែលរត់ឆ្លងដែនដើម្បីរស់នោះថ្លែងថា យោធាបានដុតបំផ្លាញផ្ទះ បាញ់សម្លាប់អ្នកភូមិ ធ្វើទារុណកម្ម រំលោភផ្លូវភេទលើ

 

ស្ត្រី និង ក្មេងស្រីជាដើម។​ សហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិ​ក៏បានថ្កោលទោសលើទង្វើរំលោភបំពានទាំងនេះ។

អង្គការឃ្លាំមើលនានាបង្ហាញរបាយការណ៍បឋមថា អ្នកស្លាប់ដោយសារយុទ្ធនាការបង្ក្រាបនេះ មានរហូតដល់រាប់ម៉ឺននាក់។​

រហូតដល់ដើមឆ្នាំ២០១៨នេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងតែធ្វើការជាមួយបង់ក្លាដេសដើម្បីទទួលយកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាឲ្យត្រលប់ទៅរដ្ឋរ៉ាឃីនប្រទេសមីយ៉ាន់ម៉ាវិញ។​ ប៉ុន្តែអ្វីជាកង្វល់គេបារម្ភខ្លាចក្រុមISបញ្ជ្រៀតចូលតាមរយៈនេះ ខណៈជនជាតិរ៉ូហ៊ីងយ៉ាកំពុងតែមានកំហឹងស្រាប់ផងនោះ។​

ប្រតិកម្មពីប្រទេសអាស៊ាន

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៨នៅក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា ក្រុមភេរវកម្មISកំពុងតែក្លាយជាបញ្ហាស្មុគស្មាញនិងគ្រោះថ្នាក់នៅអាស៊ាន​។

 

 

 

ឥណ្ឌូនេស៊ីជាប្រទេសកាន់សាសនាឥស្លាមធំជាងគេលើពិភពលោក បានសន្យាជួយពង្រឹងសមត្ថភាពដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការការពារនិងប្រឆាំងក្រុមIS​។​ ទោះយ៉ាងណាក្រុមIS មិនទាន់ធ្វើសកម្មភាពណាមួយលេចធ្លោរនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅឡើយទេ។​

 

 

ប្រភព៖ vod

Facebook Comment

Related Articles