ពេញមួយថ្ងៃនេះ អាជ្ញាធរខេត្តកំពង់ចាម ត្រួតពិនិត្យរថយន្ត២៧០គ្រឿង, រកឃើញរថយន្តតទ្រុងខុសបច្ចេកទេស៧គ្រឿង និងបានកាត់ចោលនៅនឹងកន្លែងតែម្តង

(កំពង់ចាម)៖ អាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពង់ចាម សហការជាមួយមន្រ្តីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន ពេញមួយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការចុះស្ទាក់ចាប់ត្រួតពិនិត្យ រថយន្តធន់ធំប្រភេទដឹកទំនិញ រហូតដល់២៧០គ្រឿង តែរកឃើញរថយន្តចំនួន០៧គ្រឿង ដែលតទ្រុងខុសបច្ចេកទេស និងបានកាត់ចោលនៅនឹងកន្លែងតែម្តង។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «គិតចាប់ពីម៉ោង៧៖០០ព្រឹក ដល់ម៉ោង១៦៖០០ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ លទ្ធផលប្រតិបត្តិការត្រួតពិនិត្យរថយន្តធុនធ្ងន់ក្នុងខេត្តកំពង់ចាម សរុបចំនួន២៧០គ្រឿង ក្នុងនោះ៖ រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន០៧គ្រឿង និងរថយន្តត្រឹមត្រូវតាមច្បាប់ចំនួន២៦៣គ្រឿង»។
លោកស្នងការថា នៅវេលាម៉ោង០០៖០០យប់ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាដល់សមត្ថកិច្ចចម្រុះរួមមាន៖ ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធខេត្ត រដ្ឋបាលស្រុកទាំង១០ និងមន្ទីរសាធារណការខេត្ត ចុះត្រួតពិនិត្យចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស នៅតាមទីតាំងគោលដៅចំនួន១០កន្លែង និងបានត្រួតពិនិត្យរថយន្ដសរុប ១,១៦៦គ្រឿង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម៕
ប្រភព៖ freshnews