ពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យនៅផ្សារក្រុងសែនមនោរម្យ ជាង២០០គ្រួសារ ដែលខូចខាតខ្ទង់លានដុល្លារ រហូតមានស្លាប់ និងរបួស ថ្ងៃនេះបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា​

925 Views
February 12, 2018

(មណ្ឌលគិរី)៖ គ្រួសាររងគ្រោះដោយសារគ្រោះអគ្គិភ័យ នៅក្រុងសែនមនោរម្យ ជាង២០០គ្រួសារ រួមទាំងគ្រួសារសព និងរបួសក្នុងហេតុការណ៍នេះ ទទួលបានអំណោយមនុស្សធម៌ ពីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងសប្បុរសជននានា ក្នុងខេត្តមណ្ឌលគិរី។

 

 

 

 

 

 

ជាក់ស្ដែង លោក ស្វាយ សំអ៊ាង អភិបាលខេត្តណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល និងនាំយក​អំណោយមនុស្សធម៌មួយចំនួនផ្តល់ជូនគ្រួសាររងគ្រោះ​ ក្នុងនោះមានថវិកា និងសម្ភារៈមួយចំនួនផងដែរ។

 

 

 

 

លោក​អភិបាលខេត្ត បានថ្លែងប្រាប់អង្គភាព Fresh ​News នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ក្រោយការកើតហេតុគ្រួសាររងគ្រោះអាជ្ញាធរខេត្ត ក្រុង ដែលជាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ក៏ដូចជានាយកសាខាកាកបាទក្រហមខេត្ត ព្រះសង្ឃ សប្បុរសជនផងដែរ បាននាំ​ជំនួយមនុស្សធម៌រួមមាន ថវិកា​ សម្ភារៈផ្សេងៗ ដើម្បីធ្វើការដោះស្រាយបឋមចំពោះមុខ។

 

 

 

 

ក្នុងនោះលោកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាអនុប្រធានកិត្តិយស សាខាខេត្តមណ្ឌលគិរី បានឧបត្ថម្ភថវិកាបន្ថែមចំនួន១២,០០០,០០០រៀល ដើម្បីរួមចំណែកក្នុងការផ្តល់ជំនួយមនុស្សធម៌ ដល់គ្រួសាររងគ្រោះ គ្រួសារសព គ្រួសាររងរបួសហេតុការណ៍នោះ ក៏ដូចជាជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះចំនួន២គ្រួសារផងដែរ ក្នុងស្រុកកែវសីមាមួយគ្រួសារ និងមួយគ្រួសារទៀត ក្នុងស្រុកកោះញែក ដែលគ្រួសារនោះរងគ្រោះដោយគ្រោះអគ្គីភ័យដូចគ្នា។

 

 

 

 

លោក ស្វាយ សំអ៊ាង បានថ្លែងបន្តទៀតថា ​អំណោយមនុស្សធម៌ជាថវិកា និងសម្ភារៈមួយចំនួនចែកជូនដល់ដៃគ្រួសារសព និងគ្រួសាររងគ្រោះ រួមមាន ជូនគ្រួសារសព២គ្រួសារ ក្នុងមួយគ្រួសារ​ថវិកាចំនួន៣លានរៀល និងសម្ភារៈមួយចំនួន និងអ្នករងរបួសចំ​នួន៣នាក់ និងម្ចាស់តូប ផ្ទះចំនួន២១១នាក់ ទទួលបាន អង្ករ កន្ទេល តង់ មុង ភួយ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ។ល។

 

 

 

សកម្មភាពទាំងនេះក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលលោកតែងតែ​នាំអំណោយមនុស្សធម៌ ប្រកបដោយទឹកចិត្តព្រហ្មវិហារធម៌ ទៅចែកជូន ​ចាស់ជរាគ្មានទីពឹង គ្រួសារទីទល់ក្រីក្រ គ្រួសាររងគ្រោះ និងគ្រួសារងាយរងគ្រោះ ដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗគ្មានការអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ក្នុងចក្ខុវិស័យបែបនេះ វាជាចលករជំរុញឲ្យទឹកចិត្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស មានការពេញចិត្តពេញថ្លើមចំពោះសកម្មភាព ដ៏ប្រពៃបែបនេះជារៀងរហូត៕​

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles