ថ្ងៃសែនចូលឆ្នាំចិន-វៀតណាម​ មានគ្រោះអគ្គិភ័យ២ករណី បានកើតឡើងក្នុងរាជធានីភ្នំពេញ

660 Views
February 16, 2018

(ភ្នំពេញ)៖ យ៉ាងហោចណាស់ សម្រាប់ថ្ងៃសែនចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ  គិតត្រឹមម៉ោង១១យប់ មានករណីគ្រោះអគ្គិភ័យ២ករណីបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ ដោយបានបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់មួយចំនួនធំផងដែរ។

 

 

 

 

សម្រាប់ករណីគ្រោះអគ្គិភ័យទី១កើតឡើង នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈនេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង ស្នើនឹង៣៤ខ្ទប់។

 

 

 

 

មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់សង្គមនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ហើយក៏ត្រូវបានសមត្ថកិច្ចអន្ដរាគមន៍បាញ់ទឹកពន្លត់វិញនៅវេលាម៉ោងជាង៥ផងដែរ ដោយប្រើប្រាស់ឡានទឹក២០គ្រឿង។

 

 

 

 

ដោយឡែកករណីទី២ ឆេះផ្ទះល្វែងក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ​នៅវេលាម៉ោងប្រមាណជាង៩យប់នេះ ប៉ុន្ដែមិនបានរីករាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ ដោយកម្លាំងសមត្ថកិច្ចចេញជួយអន្ដរាគមន៍ទាន់ពេល ដោយគ្រាន់តែបំផ្លាញទ្រព្យសម្បតិ្ដ អស់មួយចំនួនប៉ុណ្ណោះ។ ដោយឡែក សម្រាប់មូលហេតុវិញ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សន្និដ្ឋានជំហ៊ានដំបូងថា អាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

 

 

 

 

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀន ក្នុងឱកាសពិធីបុណ្យនេះ និងអំពាវនាដល់ប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តតាមទីជិតឆ្ងាយ សូមគោរពច្បាប់ចរាចរណ៍ និងមានសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ៕

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles