អ្នកប្រើប្រាស់ស៊ីមកាតទូរស័ព្ទចល័តនៅកម្ពុជា ថយចុះពីជិត២០លានស៊ីម មកនៅត្រឹមជាង១៨លានស៊ីម ខណៈអ្នកប្រើប្រាស់ Internet កើនឡើងដល់ជាង១០លាននាក់

1030 Views
February 17, 2018

(ភ្នំពេញ)៖ របាយការណ៍ផ្លូវការដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ចំនួនអ្នកប្រើប្រាស់ស៊ីមកាតទូរស័ព្ទនៅកម្ពុជា បានថយចុះជិត៧ភាគរយនៅឆ្នាំ២០១៧ ធ្លាក់ពីចំនួនជិត២០លានស៊ីម នៅឆ្នាំ២០១៦ មកនៅត្រឹមជាង១៨លានស៊ីមកាតប៉ុណ្ណោះ ខណៈដែលចំនួនប្រជាពលរដ្ឋខ្មែរមានត្រឹមតែជាង១៥លាននាក់។

របាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១៧ ចំនួនស៊ីមកាតទូរស័ព្ទចល័ត ដែលបានជួលជាវយកទៅប្រើប្រាស់១៨,៥៧២,៩៧៣ ស៊ីមកាត ត្រូវនឹង១១៧.១៩% នៃប្រជាជនសរុប១៥,៨៤៨,៤៩៥នាក់ ថយចុះប្រមាណ៦.៧៤% បើធៀបទៅនឹងសិ្ថតិឆ្នាំ២០១៦ ដែលមានរហូតដល់ ១៩,៩១៥,៥០៣ ស៊ីមកាត។

និយ័តករទូរគមនាគមន៍បានបញ្ជាក់ថា «ការថយចុះនេះ បណ្តាលមកពីទីផ្សារឆ្អែត និងការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីទូរគមនាគមន៍ ក្នុងការគ្រប់គ្រងការចុះឈ្មោះជួលជាវស៊ីមកាត»

 

 

 

 

របាយការណ៍​បន្តថា ចំនួនអ្នកជួលជាវបណ្តាញទូរស័ព្ទអចល័ត (មានខ្សែ និងឥតមានខ្សែ) មានចំនួន ១៣២,៩១១ខ្សែ ត្រូវនឹង០.៨៤% នៃប្រជាជនសរុប ថយចុះប្រមាណ៤១.៥១% បើធៀបនឹងស្ថិតិឆ្នាំ២០១៦ មានរហូតដល់ ២២៧,២៦១ ខ្សែ។

ការថយចុះនេះ ត្រូវបាននិយ័តករអះអាងថា បណ្តាលមកពីនិន្នាការ នៃការប្រើប្រាស់បច្ចេកវិទ្យាចល័ត និងការរីកដុះដាលខ្លាំង នៃបច្ចេកវិទ្យាឧបករណ៍ស្មាតរបស់អ្នកប្រើប្រាស់ ទូទាំងសកលលោក។

របាយការណ៍របស់និយ័តករបានបន្ថែមទៀតថា សម្រាប់ចំនួនស៊ីមកាតទូរស័ព្ទចល័ត ដែលបានភ្ជាប់បណ្តាញអ៊ីនធឺណិត (ឬអ៊ីនធឺណិតចល័ត) មានចំនួន ១០,៧០៣,០៥៦ ស៊ីមកាត ត្រូវនឹង ៦៧.១៩% នៃប្រជាជនសរុប និងមានកំណើនកើនឡើងរហូត ៣៣.៧៧% បើធៀបនឹងស្ថិតិឆ្នាំ២០១៦។

ចំពោះចំនួនអ្នកជួលជាវ បណ្តាញអ៊ីនធឺណិតអចល័ត (មានខ្សែ និងឥតប្រើប្រាស់ខ្សែ) មានចំនួន១៣៨,៦៧២ខ្សែ ត្រូវនឹង០.៨៧% នៃប្រជាជនសរុប និងមានកំណើនកើនឡើង៤១.០៧% បើធៀបជាមួយស្ថិតិឆ្នាំ២០១៦។

 

 

 

 

និយ័តករទូរគមនាគមន៍កម្ពុជា បានគត់សំគាល់ឃើញថា កំណើននៃការប្រើប្រាស់អ៊ីនធឺណិត មានសន្ទុះខ្លាំង គឺមកពីរាជរដ្ឋាភិបាលមានផែនការយុទ្ធសាស្រ្ត និងដាក់ចេញនូវគោលនយោបាយ វិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ច្បាស់លាស់និងត្រឹមត្រូវ មានការចូលអភិវឌ្ឍន៍ពីវិស័យឯកជន តាមរយៈការលើកទឹកចិត្តពី រាជរដ្ឋាភិបាលលើការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សម្រាប់ទ្រទ្រង់វិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការរីកចម្រើននៃបច្ចេកវិទ្យា OTT និងការធ្វើទំនើបកម្មឧបករណ៍ស្មាត ព្រមទាំងការរីកដុះដាល នៃតំបន់សេវាទូរគមនាគមន៍ចល័ត និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ IP តាមរយៈខ្សែកាប្លិ៍អុបទិក ក្នុងប្រទេស-អន្តរជាតិក្រោមបាតសមុទ្រនៅកម្ពុជា អាចទាក់ទាញដល់អ្នកប្រើប្រាស់សេវាអ៊ីនធឺណិតបន្ថែមទៀត ជាងការប្រើប្រាស់សេវាសំឡេង។

សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជា​មានប្រតិបត្តិករ (ក្រុមហ៊ុន) ទូរស័ព្ទចល័តចំនួន៧ក្រុមហ៊ុន, ប្រតិបត្តិករអចល័តចំនួន៨ក្រុមហ៊ុន, ប្រតិបត្តករអ៊ីនធីណិតចល័ត៧ក្រុមហ៊ុន និងប្រតិបត្តិករអ៊ីនធឺណិតអចល័តចំនួន៣៤ក្រុមហ៊ុន៕

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles