គិតត្រឹមថ្ងៃនេះ រថយន្តជិត២០០០គ្រឿង ក្នុងនោះកាត់ទ្រុង២៤គ្រឿង ដឹកសំពីងសំពោង៣១៥គ្រឿង និងពិន័យដឹកលើសទម្ងន់១គ្រឿង នៅទូទាំងខេត្តព្រះវិហារ

724 Views
February 26, 2018

(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានបើកប្រតិបត្តិការចាប់ឃាត់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស តាមគោលដៅនានាទូទាំងខេត្ត ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានត្រួតពិនិត្យរថយន្តជិត២០០០គ្រឿង ក្នុងនោះ រកឃើញរថយន្តដឹកសំពីងសំពោងចំនួន៣១៥គ្រឿង ព្រមទាំងរកឃើញរថយន្តតទ្រុងកែច្នៃខុសបច្ចេកទេស ចំនួន២៤គ្រឿង ដោយបានកាត់ចោលនៅនឹងកន្លែងតែម្តង ព្រមទាំងធ្វើការពិន័យរថយន្តមួយគ្រឿងដឹកលើសទម្ងន់ផងដែរ។

 

 

 

 

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ដោយមានការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គណៈកម្មការក្រុមការងារត្រួតពិតនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត បានចុះត្រួតពិនិត្យរថយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់។ ជាលទ្ធផលបានឃាត់រថយន្តកែខុសលក្ខណៈបច្ចេកទេស ចំនួន២៤គ្រឿង ដោយកាត់ទ្រុងចោលនៅនឹងកន្លែងតែម្ដង។

 

 

 

 

លោកបន្តថា ក្នុងចំណោមរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ទាំង២៤គ្រឿងនេះ មានរថយន្តមួយគ្រឿង មិនត្រឹមតែកែច្នៃខុសលក្ខណៈបច្ចេកទេសទេ គឺដឹកលើសទម្ងន់ (ដឹកថ្ម) រហូត១៧តោនឯណោះ។ ចំពោះការអនុវត្តរបស់ក្រុមការងារ បានធ្វើការពិន័យរថយន្តដែលដឹកលើសទម្ងន់នេះ មួយតោន៣០ម៉ឺនរៀល គុណឲ្យ១៧តោន ស្មើនិងថវិកា៥២៤៤០០០រៀលបង់ចូលរដ្ឋ ក្រៅពីនោះឲ្យរើទម្ងន់ដែលលើស ទម្លាក់ចុះ និងកាត់ទ្រុងដែលកែច្នៃខុសបច្ចេកទេសចេញ ទើបយើងអនុញ្ញាតឲ្យចរាចរណ៍ទៅមុខទៀតបាន។

 

 

 

លោកបញ្ជាក់ផងដែរថា «តាមពិតក្រុមការងារយើង មិនចង់ធ្វើការពិន័យរថយន្តនេះទេ តែក្រុមហ៊ុនរថយន្តដឹកថ្មនេះ គឺក្រុមការងារបានធ្វើការអប់រំជាច្រើនដងមកហើយ លើសពីនេះ យើងបានធ្វើកិច្ចសន្យា តែហាក់ដូចមិនអនុវត្តតាមសោះ ដូច្នេះហើយទើបក្រុមការងារយើង សម្រេចចិត្តអនុវត្តតាមច្បាប់ដោយមិនលើកលែង ហើយសូមអំពាវនាវឲ្យម្ចាស់រថយន្តផ្សេងៗទៀត ត្រូវចូលរួមអនុវត្តតាមគោលការណ៍ច្បាប់ឲ្យបានគ្រប់ៗគ្នា គឺមិនត្រូវកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ជាដាច់ខាត។ ដោយឡែក បើតាមការសង្កេតនៅខេត្តព្រះវិហារ មិនមានកន្លែងកែច្នៃរថយន្តនោះទេ ហើយរថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើចរាចរណ៍ក្នុងទឹកដីខេត្តព្រះវិហារ ភាគច្រើនគឺរថយន្តមកពីខេត្តផ្សេងៗ»។

 

 

 

 

លោកបានបន្តថា «រហូតមកដល់ពេលនេះ ក្នុងទឹកដីខេត្តព្រះវិហារ ឲ្យតែមានរថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ គឺក្រុមការងារនឹងបន្តអនុវត្តចាប់ឃាត់ និងកាត់ទ្រុងនៅនិងកន្លែង ដោយមិនមានការលើកលែងនោះឡើយ នេះបើយោងទៅតាមច្បាប់»

លោក សំ លាងទ្រី បានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមការងារត្រួតពិនិត្យយានយន្តខុសបច្ចេកទេស ឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមគោលដៅនានា ក្នុងខេត្តជាលទ្ធផលមាន៖

* រថយន្តត្រូវធ្វើការត្រួតពិនិត្យ១៦៤៥គ្រឿងគ្រឿង
* រថយន្តពិនិត្យឃើញត្រឹមត្រូវ៧៤៨គ្រឿង
* រថយន្តបានណែនាំដឹកសំពីងសំពោង៣១៥គ្រឿង
* រថយន្តពុំមានឯកសារគ្រប់គ្រាន់២៦០គ្រឿង
* រថយន្តត្រូវបានដោះចង្អើរកន្ទុយ១០០គ្រឿង
* រថយន្តគ្មានស្លាកលេខ៦២គ្រឿង
* រថយន្តគ្មានបណ្ណ័បើកបរ១២៨នាក់
* កាត់ទ្រុងរថយន្តកែច្នៃខុសបច្ចេកទេស២៤គ្រឿងនិងធ្វើការពិនយ័ជាប្រាក់រថយន្តដឹកលើសទម្ងន់មួយគ្រឿងផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖​​ http://www.freshnewsasia.com/index.php/en/localnews/79552-2018-02-26-01-37-43.html

 

Facebook Comment

Related Articles