សម្តេច ហ៊ុន សែន ​ឲ្យផ្អាកនាំឈើចេញពីដីសម្បទានរហូតដល់បោះឆ្នោតហើយ​

541 Views
March 3, 2018

លោកនាយករដ្ឋមន្ត្រីបាន​​សម្រេចឲ្យ​ផ្អាក​ការ​ចេញ​លិខិត​អនុញ្ញាតទៅ​កាន់​ម្ចាស់​គម្រោង​វារី​អគ្គិ​សនី​សេសាន​ក្រោម​២ និង​គម្រោង​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​ទាំង​អស់ ដោយ​រង់​ចាំ​រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​បញ្ចប់​សិន។

ក្នុង​លិខិតចុះ​ថ្ងៃ​ទី​២៧ កុម្ភៈ ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រីតាម​ចំណារ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ សម្រេច​ឲ្យ​ក្រសួង​បរិស្ថាន មាន​វិធាន​ការ​ជា​បន្ទាន់​ក្នុង​ការ​​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការចេញ​លិខិត​អនុញ្ញាត​ដឹក​​ឈើ​ដែល​បាន​មក​ពី​ការ​សំ​អាត​បាត​អាង​វារី​អគ្គីសនី និង​គម្រោង​សម្បទាន​សេដ្ឋកិច្ច​ទាំង​អស់នោះ​​ ដោយ​រង់​ចាំឲ្យ​ផុត​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​បាន​បញ្ចប់​រួច​រាល់​សិន។

អ្នក​នាំពាក្យ​ក្រសួ​ង​បរិស្ថានលោក ស្រ៊ុន ដាររិទ្ធ បាន​ឲ្យ​វី​អូ​ឌី​ដឹងបន្ថែមថាការ​សម្រេច​នេះ​គឺ​ដើម្បី​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល ​រៀប​ចំ​នីតិវិធីថ្មី​ឲ្យ​កាន់​តែ​ច្បាស់​លាស់​ក្នុង​ការ​ប្រមូល​ផល​នៃ​ព្រៃ​ឈើ ក្នុង​តំបន់​វារី​អគ្គិសនី និង​ដីសម្បទាន​សេដ្ឋកិច្ច ជៀស​វាង​ជន​ខិល​ខូច​​ឆ្លៀត​ឱកាស​ប្រព្រឹត្តិ​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ទាំង​នោះ។ លោក​ថា​អនុភាព​នៃ​ការ​សម្រេច​នេះ​គឺ​មាន​ឥទ្ធិ​ពល​ទូ​ទាំង​ប្រទេស​កម្ពុជា។

លោក​ថា​៖ « តាម​ធម្មតា​តាម​ការ​ណែ​នាំ​របស់​យើង​មិន​មែន​ថា​គ្មាន​ទេ​ពី​មុន​មក។ ប៉ុន្តែអ្នក​ដែល​ឆ្លៀត​ឱកាស​តែ​ង​តែ​មើល​ចន្លោះ​ប្រហោង​ដែល​យើង​មាន​ហ្នឹង​គឺ ប្រព្រឹត្តិ​បទ​ល្មើស​ផ្សេង​ៗហ្នឹង​ហើយ​ដែល​យើង ពិបាកក្នុង​ការ​គ្រប់​គ្រង​អញ្ចឹង​បាន​ជា​យើង​បង្កើត​ឲ្យ​មាន​ច្បាប់​ទំ​លាប់​ឲ្យ​បាន​ស្រួល​បួល។ ធ្វើ​មិចឲ្យ​ការ​គ្រប់​គ្រង​របស់​យើ​ង​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ជា​មុន​នោះ​ » ។

 

 

 

 

ប្រសិន​ជា​ក្រុម​ហ៊ុន​ណា​នៅ​តែ​ដឹក​ជញ្ជូន​ឈើក្នុងរយៈពេល​នៃ​ការ​ផ្អាក​ការ​ផ្តល់​អាជ្ញា​ប័ណ្ណដឹក​ជញ្ជូន​នេះ​លោក ស្រ៊ុន ដាររិទ្ធ​ បាន​ព្រមាន​ថាក្រសួង​បរិស្ថាន​និង​ពិចារណារ​ពី​កំហុស​ទាំង​នោះ នឹង​អាច​ឈាន​ដល់​ដក​អាជ្ញា​ប័ណ្ណ​សម្បទាន​សេដ្ឋកិច្ចរបស់​ក្រុម​ហ៊ុន​ទាំង​នោះ​​ផង​ដែរ។

អ្នក​សម្រប​សម្រួល​អង្គការ​អាដហុកប្រចាំ​ខេត្ត​ស្ទឹង​ត្រែងលោក ហូ សំ​អូល មាន​ប្រសាសន៍​គាំ​ទ្រ​ចំពោះ​វិធាន​ការ​របស់​រដ្ឋាភិ​បាល​​នៅ​ពេលនេះ​ តែ​លោក​ថា​រដ្ឋាភិបាល​មិន​គួរ​អនុញ្ញាតឲ្យ​មាន​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ដឹក​ជញ្ជូន និងកាប់​ឈើ​នៅ​តំបន់​ទំនប់​វារី​អគ្គី​សនី​សេសាន​ក្រោ​ម​ពីរ​ទៀត​ទេ ខណៈ​លោក​ជំរុញ​ឲ្យ​ពិនិត្យបន្ថែម​​ឲ្យ​បាន​ច្បាស់​លាស់​ជាមួយ​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ចនានា​។

លោក​ថា៖ « ត្រូវ​បិទ​ៗ​តែ​ម្តង​ទៅ​ព្រោះ​យើង​ឃើញ​ប៉ុន្មាន​ឆ្នាំ​នេះ​មក​ហើយ។ ចាំ​បាច់​លំបាក​មាន​នីតិ​វិធី​ធ្វើ​អី​ទៀត ដូច​ក្រុម​ហ៊ុន​ដួង ស្រួច​ហ្នឹង ត្រូវ​បិទ​ៗ​អញ្ចឹង​តែ​ម្តង​ទៅ។ ឈប់​ឲ្យ​ធ្វើ​អាជីវកម្ម​ទៅ​លើ ដី ព្រៃ​ឈើ ទៅ​លើ​ដី​សម្បទានសង្គម​កិច្ច​អី​អញ្ចឹង។ បើ​សិន​ជាកាប់​ជាលក្ខណៈគ្រួសារអី​យើង​ឃើញ​ថា​រាង​នៅ​មាន​យូរ​បន្តិច ព្រៃ​ឈើ​នៅ​យូរ​ ឬ​មួយ​ក៏គង់​វង្ស។ ប៉ុន្តែ​ប្រសិន​ជាលក្ខណៈ​ក្រុម​ហ៊ុន ដូច​ជា​រាល់​ថ្ងៃ​អ្នក​បោស​សំ​អាត​បាត​អាង​ឮ​តែ​បោស​ មិន​ដឹង​ជា​ប៉ុន្មាន​រយ​ឆ្នាំ​ទេ​ឮតែ​បោស​ហ្នឹង អាហ្នឹង​វា​នឹង​រលាយ​ហើយ គ្មាន​សល់​ទេ » ។

កាលពីឆ្នាំ២០១២ រដ្ឋាភិបាលបានសម្រេចផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ដោយបញ្ជា​ឲ្យពិនិត្យមើល​ឡើង​វិញ​​លើដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានផ្ដល់រួចហើយ។ នៅក្នុងឆ្នាំ២០​១៥ រដ្ឋាភិបាល​ក៏បានសម្រេច​បន្ថយរ​យៈពេល​នៃ​ដីសម្បទានទាំងអស់ពី៩០ឆ្នាំមកនៅ៥០ឆ្នាំផង​ដែរ។

កាលពីថ្ងៃទី២​៥ខែកុម្ភៈ ឆ្នាំ​២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា​ រដ្ឋាភិបាលបានពិនិត្យមើល​ទៅលើ​ដី​សម្ប​ទាន​​សេដ្ឋកិច្ចរួច​រាល់​អស់ហើយ ទាំងផ្នែកកសិកម្ម និងផ្នែកបរិស្ថាន ដែលលោកថាមានផ្ទៃដីសរុបជាង​២លាន​ហិកតា។ លោក​បន្ត​ថា​រដ្ឋាភិបាលបានដកហូតដីសម្បទានសេដ្ឋកិច្ចជិតមួយលានហិកតាទៅគ្រប់គ្រងវិញ ក្នុង​ចំណោម​ដី​ជាង​២លាន​ហិកតា​ដែលរដ្ឋាភិបាលបានផ្ដល់ទៅឲ្យក្រុមហ៊ុនដែល​មាន​ជាង​១០០​ក្រុម​ហ៊ុន៕

 

 

ប្រភព៖ vodhotnews

Facebook Comment

Related Articles