សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសូត្រមន្តក្រុងពាលី សូមពរជ័យសិរីសួស្តី ការចាប់ផ្តើមដាក់រូបចម្លាក់ដំរីក្បាលបី គ្រុឌ​ ហង្ស និងសសរពេជ្រនៅវិមានឈ្នះឈ្នះ

923 Views
March 6, 2018

(ភ្នំពេញ)៖ បន្ទាប់ពីបានដំណើរការសាងសង់វិមានឈ្នះឈ្នះ អស់រយៈពេល២ឆ្នាំរួចមក នៅថ្ងៃទី0៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពពិធីសូត្រមន្ត ក្រុងពាលី សូមពរជ័យសិរីសួស្តី ការចាប់ផ្តើមដាក់រូបចម្លាក់ដំរីក្បាលបី គ្រុឌ​ ហង្ស និងសសរពេជ្រ នៅវិមានឈ្នះឈ្នះ។

 

 

 

 

 

បើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា ដោយមានការណែនាំពីសម្តេចពិជ័យសេនា ទៀ បាញ់ ក្រុម​ការងារសាងសង់វិមានឈ្នះឈ្នះ បានចុះមករៀបចំ វាយ​តម្លៃ​ការសាងសង់សំណង់វិមាន​ឈ្នះឈ្នះ​បង្ហើយ ក្នុងដំណាក់កាលទី២ និងបន្តការងារសាងសង់​ដំណាក់​​កាលទី​៣ ការចាក់ដីបំពេញទីធ្លារ ការបំពាក់រូបចម្លាក់ដំរីក្បាលបី រូបគ្រុឌ និងរូបហង្ស នៅតាមចែង​នៃខឿន​សំណង់​​​វិមានឈ្នះឈ្នះ ព្រមទាំងសសរពេជ្រនៅក្លោងទ្វារ បន្ទាប់ពីក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានបំពាក់សិលាចារឹក និងផ្តែរលើក្លោងទ្វាររួចមក ដើម្បីដាក់ឆ្លង​កិច្ចប្រជុំគណៈកម្មការសាងសង់វិមាន​ឈ្នះឈ្នះ ដែល​នឹង​ប្រារព្ធធ្វើនៅថ្ងៃទី០៦ ​ខែមីនា ​ឆ្នាំ២០១៨ ក្រោមអធិបតី​ភាព​​សម្តេចពិជ័យសេនា ទៀ បាញ់។

 

 

 

 

លោក ណឹម សុវត្ថិ បាន​បញ្ជាក់ថា ការបំពាក់រូបចម្លាក់លើសំណង់​វិមានឈ្នះឈ្នះ​នាពេលនេះ ​បាន​មកពីកា​រខិតខំ​សិក្សាស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ អំពីប្រវត្តិសាស្ត្រ និងរចនាបទនៅតាមប្រាង្គ​ប្រាសាទ​បុរាណនានា​ នៅតាមសម័យកាលនីមួយៗ ឲ្យសមស្របទៅ​នឹង​ទស្សន​វិស័យ​នៃ​សន្តិភាព។ ​

 

 

 

 

 

ចំពោះខ្លឹមសារនៃរូបចម្លាក់ ដែលបានបំពាក់នៅលើវិមានឈ្នះឈ្នះ នាពេលនេះ រូប​ហង្ស ​គឺជាស្តេចនៃបក្សីសួគ៌ និងជានិមិត្តរូបនៃសេចក្តីចម្រុងចម្រើន ឬភាពសម្បូរខាងទ្រព្យធនធាន។ រូបគ្រុឌ ជានិមិត្ត​រូបនៃកម្លាំងដ៏មហិមា ល្បឿនលឿនឆ្ពោះទៅមុខ រីឯដំរីក្បាលបី ជា​យានជំនិះ​របស់​​​ព្រះឥន្ទ​ ដែលជាស្តេចនៃឋានសួគ៌ ជាទេពនៃ​ទិសខាងកើត។ ​ដំរីក្បាលបី មាន​ឈ្មោះថា​ Ariravata ដែល​ជាវត្ថុ​ពិសិដ្ឋមួយ កើត​ចេញមកពី​ការកូរសមុទ្រទឹកដោះ រវាងពួកយក្ស និងពួក​ទេព។

 

 

 

 

លើសពីនេះទៅទៀត គឺដំរីក្បាលបី​មាននាទីជាអ្នកយាមទ្វារព្រះរាជវាំងរបស់ព្រះឥន្ទ។ ការផ្តុំ​រូប​​ទាំងបី​នេះ ក៏ជានិមិត្តរូប ដី អាកាស​ និង​ឋានសួគ៌ផងដែរ។ ការបំពាក់រូបចម្លាក់ដំរីក្បាល​បី ដែលមានរូបគ្រុឌ និងរូបហង្សនៅពីលើ នាពេលនោះ​ មានការចាប់អារម្មណណ៍ ​និង​ការចូលរួមទស្សនាពីភ្ញៀវទេសចរ ​និង​និស្សិត បញ្ញាវ័ន្ត ដែលបាន​ស្វ័យចូលរួមដោយស្ម័គ្រ និងមានការចូលរួមពីអ្នកសារព័ត៌មានអន្តរជាតិទៀតផង។

 

 

 

 

 

សូមបញ្ជាក់ថា ការសាងសង់វិមានឈ្នះឈ្នះ បានចាប់ផ្តើមក្រោមគំនិតផ្តួចផ្តើម ប្រកបដោយ​គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការចង្អុលបង្ហាញណែនាំដោយផ្ទាល់ របស់សម្តេចពិជ័យសេនា ទៀ បាញ់ តាមការប្រគល់ភារកិច្ច ជាក់ស្តែងរបស់រាជរដ្ឋាភិបាល។

 

 

 

 

វិមានឈ្នះឈ្នះ ដែលបានសាងសង់ឡើងនាពេលនេះ មានអត្ថន័យធំធេងណាស់ ហើយគ្របដណ្តប់ទូទៅទៀតផង ដែលមានគោលបំណងដើម្បីរំឭកដល់ជ័យជំនះ នៃការបញ្ចប់សង្គ្រាមបានទទួលនូវការឯកភាព និងទទួលបានសន្តិភាព ដោយសន្តិវិធីបានផ្តល់សិទ្ធិមនុស្ស សុខសន្តិភាពផ្លូវច្បាប់ ដែលជាកេរ្តិ៍ដំណែលនៃប្រវត្តិសាស្រ្ត សម្រាប់អ្នកជំនាន់ក្រោយមកទស្សនា បានយល់ដឹងពីតម្លៃនៃសុខសន្តិភាព ដែលកម្ពុជាកំពុងទទួលបានរហូតដល់សព្វថ្ងៃនេះ។

 

 

 

 

 

សំណង់​វិមានឈ្នះឈ្នះ មានទីតាំងស្ថិតនៅសង្កាត់​បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ទល់មុខ​ពហុកីឡដ្ឋានជាតិ «មរតកតេជោ» ក្នុង​តំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់៕

 

 

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles