ធនាគារពិភពលោករក​ឃើញ​ថា សិស្សថ្នាក់ទី២ ម្នាក់​ក្នុង​ចំណោម​៣​នាក់​ មិនទាន់ចេះអានអក្សរ

597 Views
March 16, 2018

 

ធនាគារពិភពលោក បានរកឃើញថា យ៉ាងហោច​សិស្សថ្នាក់ទី២កម្ពុជា ម្នាក់ក្នុងចំណោមបីនាក់ មិនចេះអានអក្សរសូម្បីមួយពាក្យ។

ក្នុងសេចក្តីប្រកាសព័ត៌មាន ពីទីក្រុងហ្សាការតានៅថ្ងៃនេះ ធនាគារ​ពិភព​លោក បាន​បង្ហាញ​របាយការណ៍​ស្ដី​ពី «ភាព​ឈ្លាស​វៃ​កាន់​តែ​ប្រសើរ​ឡើង៖ ការ​រៀន និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»។

ធនាគារ​ពិភព​លោក​ បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ថា មួយភាគបី ឬច្រើនជាងនេះនៃសិស្សថ្នាក់ទី២ នៅប្រទេសកម្ពុជា និងទីម័រខាងកើត នៅតែមិនអាចអានដាច់សូម្បីតែមួយពាក្យ ក្នុងការធ្វើតេស្តអំណាន។

របាយការណ៍នេះបន្តរកឃើញថា ចំណូលគ្រួសារមិនបានកំណត់ថា ជាកត្តាជោគជ័យនៃការសិក្សាអប់រំរបស់កុមារឡើយ។

 

 

 

 

របាយការណ៍ដដែល ក៏និយាយផងដែរថា ក្នុងចំណោមប្រព័ន្ធសាលារៀនដែលដំណើរការល្អចំនួន ១០លើពិភពលោក មាន​ប្រាំ​ពីរ​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ីបូព៌ា ដោយថា ប្រទេសចិន និងវៀតណាមជាអ្នកនាំមុខគេ។

របាយការណ៍ដដែលនេះបញ្ជាក់ថា យ៉ាងណាក៏ដោយមួយផ្នែកធំនៃតំបន់នេះ នៅមានសិស្ស ៦០ភាគរយកំពុងរៀននៅសាលាខ្វះគុណភាព។

VOD មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យ និងរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានទេនៅថ្ងៃនេះ ដោយ​ទូរសព្ទ​ចូល​មិន​មាន​អ្នក​ទទួល។

សម្រាប់នាយកប្រតិបត្តិអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល លោក ជិន ចាន់វាសនា មានប្រសាសន៍ថា លោក​មិន​ជឿ​ថា កូន​សិស្ស​ខ្មែរថ្នាក់ទី២ មិនអាចអានបានសូម្បីមួយពាក្យនោះទេ ប៉ុន្តែ លោកថា លោក​សុំ​ពេល​មើល​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​នេះ​សិន ដើម្បី​ដឹងពីវិធីសាស្ត្រស្រាវជ្រាវរបស់គេ។

របាយការណ៍ក៏រកឃើញដែរថា ប្រព័ន្ធអប់រំដែលមានដំណើរការល្អ គឺចាយថវិកាប្រកបដោយប្រសិទ្ធិផលទៅលើហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងទៅលើគ្រូ ដោយមាននីតិវិធីជ្រើសរើសគ្រូល្អបំផុតមកបង្រៀន និងមានការផ្តល់រង្វាន់លើកទឹកចិត្តដល់គ្រូដែលបំពេញការងារបានល្អ។

លើសពីនេះ ប្រព័ន្ធសាលារៀនបានបង្កើនលទ្ធភាពចូលរៀន​កម្រិតមត្តេយ្យរួមទាំងគ្រួសារក្រីក្រ និង​ដាក់​បញ្ចូល​ការ​វាយ​តម្លៃ​ការ​រៀន​សូត្រ​របស់​សិស្សក្នុងគោលនយោ​បាយ​អប់រំ៕

 

 

ប្រភព៖ http://vodhotnews.com/15/03/2018/world-bank-found-that-at-least-one-in-three-cambodian-students-grade-2-could-not-read-a-word/

 

Facebook Comment

Related Articles