គយកម្ពុជា និងវៀតណាម ព្រមព្រៀងគ្នាលើ៨ចំណុច សម្រួលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

424 Views
March 23, 2018

រដ្ឋបាលគយកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាលើការងារគយចំនួន ៨ចំណុច ជួយបង្កភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋបាលគយកម្ពុជា និងវៀតណាមនៅក្នុងសប្តាហ៍នេះ នាទីក្រុងហូជីមិញ ប្រទេសវៀតណាម។

កិច្ចប្រជុំនេះភាគីកម្ពុជាដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងភាគីវៀតណាមដឹកនាំដោយលោក Nguyen Van Can អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម។

 

 

 

 

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបប្រជុំទ្វេភាគីរវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយវៀតណាម បានផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មនៅក្នុងរដ្ឋបាលគយនៃប្រទេសទាំងពីរ និងបានឯកភាពគ្នាលើចំណុចសំខាន់ៗចំនួន៨ ដូចខាងក្រោម៖

 

 

 

១៖ ប្រគល់ភារកិច្ចជូននាយកដ្ឋានកិច្ចការអន្តរជាតិ ដើម្បីបញ្ចប់សេចក្តីព្រាង «អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម» ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច

២៖ ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម វិនិយោគ និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ ជាពិសេសជំរុញការផ្សព្វផ្សាយជូនពាណិជ្ជករនៅពេលដែលមានបទប្បញ្ញត្តិគយថ្មីៗ

៣៖ បង្កើតចំណុចទំនាក់ទំនងសម្រាប់ផ្លាស់ប្តូរសិ្ថតិពាណិជ្ជកម្ម និងព័ត៌មានអំពីទំនិញឆ្លងកាត់ឲ្យបានជាប្រចាំ

៤៖ រៀបចំកិច្ចប្រជុំជាប្រចាំរវាងថ្នាក់អគ្គនាយដ្ឋាន នាយកដ្ឋានគន្លឹះ និងថ្នាក់ខេត្ត

៥៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ បង្ក្រាប អំពើរត់គេចពន្ធ និងបទល្មើសគយ

៦៖ ជំរុញការរៀបចំអនុវត្តយន្តការត្រួតពិនិត្យតែមួយដង (Single Stop Inspection) នៅច្រកអន្តរជាតិបាវិត-ម៉ុកប៉ៃ

៧៖ ជួយសម្រួលនិងពង្រឹងការគ្រប់គ្រងទំនិញឆ្លងកាត់ពីប្រទេសទី៣មកកម្ពុជាដោយប្រើប្រាស់កំពង់ផែ Cat Lai។ រដ្ឋបាលគយកម្ពុជាបានស្នើកុំឲ្យមានការកាត់សៀលនិងរើទំនិញចេញពីកុងតេន័រនៅក្នុងទឹកដីវៀតណាម ដើម្បីរក្សាយថាប្រភេទ និងបរិមាណទំនិញ និងចំនួនកុងតេន័រ ដែលត្រូវប្រកាសដើម្បីបង់ពន្ធអាករនាំចូលឲ្យបានត្រឹមត្រូវ ។
៨៖ បន្តពង្រឹងកិច្ចសហការនិងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិដូចជា ក្នុងអាស៊ាន អង្គការគយពិភពលោក អង្គការពាណិជ្ជកម្មពិភពលោក មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំអាស៊ី-អឺរ៉ុប។ល។

 

 

 

 

ក្នុងកិច្ចប្រជុំនោះថ្នាក់ដឹកនាំនៃរដ្ឋបាលគយទាំងពីរ បានវាយតម្លៃខ្ពស់ និងចាត់ទុកថា កិច្ចប្រជុំទ្វេភាគីនេះមានសារៈសំខាន់ ដែលបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋបាលគយនៃប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី និងឆ្លើយតបទៅនឹងកំណើនទីផ្សារនិងកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

 

 

 

 

ក្រៅពីកិច្ចប្រជុំទ្វេភាគី គណៈប្រតិភូគយកម្ពុជាក៏បានទៅទស្សនកិច្ចសិក្សានៅកំពង់ផែ Cat Lai ទីក្រុងហូជីមិញ ដើម្បីស្វែងយល់ពីលំហូរទំនិញឆ្លងកាត់វៀតណាមពីប្រទេសទី៣នាំចូលមកកម្ពុជា, សាខាគយវៀតណាមនៅតំបន់សួនឧស្សាហកម្មនៅខេត្ត Binh Doung ដែលកំពុងគ្រប់គ្រងនីតិវិធីសម្រួលពាណិជ្ជកម្ម និងវិនិយោគរបស់រោងចក្ររហូតដល់ ២៥០ និង ក្រុមហ៊ុន KOLAO GROUPនៅទីក្រុងហូជីមិញ ដែលបច្ចុប្បន្នកំពុងដំឡើងរថយន្ត និងចុងបញ្ចប់នៅក្រុមហ៊ុន DAEHAN MOTORS នៅទីក្រុងបាវិត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KOLAO GROUP ដែលមានទំហំផ្ទៃដីរហូតដល់ ១១៤ហិកតា៕

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/81987-2018-03-22-13-17-22.html

 

Facebook Comment

Related Articles