សិវលិង្គនៅភ្នំគូលែន ត្រូវបានជនល្ងង់ខ្លៅកាប់បំផ្លាញអស់៦អង្គ, ក្រោយកើតហេតុ អាជ្ញាធរជាតិអប្សរាចាប់ពង្រឹងការការពារឡើងវិញ

897 Views
March 30, 2018

(សៀមរាប)៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមគ្នា៣នាក់ ដែលត្រូវមន្ត្រីនគរបាលខេត្តសៀមរាបស៊ើបអង្កេតដឹងថា ជាអ្នកវាយបំផ្លាញចម្លាក់សិវលិង្គអស់ចំនួន ៦អង្គ នៅបាតស្ទឹងលិង្គមួយពាន់ នៃរមណីយដ្ឋានភ្នំគូលែន កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ ត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតីវិធីច្បាប់។

 

 

 

 

ការបញ្ជូនឡើងតុលាការនេះ ត្រូវបានធ្វើនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្នុងនោះជនសង្ស័យទី១ ឈ្មោះ សារឿន យ៉ុត និងជនសង្ស័យទី២ ឈ្មោះ ព្រីង ម៉ៅ រីឯជនសង្ស័យទី៣ ឈ្មោះ រុន រស់នៅស្រុកជាមួយគ្នា តែបានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់យកមកផ្តន្ទាទោសដូចគ្នា ចំពោះទង្វើបំផ្លាញបេតិកភណ្ឌឥតស្គាល់ពីតម្លៃនៃសម្បត្តិវប្បធម៌ដូនតា។ បើតាមចម្លើយសារភាពពីជនសង្ស័យល្ងង់ខ្លៅទាំងនេះ ពួកគេបានប្រើដាវសាម៉ូរ៉ៃដាប់បំផ្លាញសិវលង្គទាំង៦ ពិតប្រាកដមែន ក្នុងនោះដែរសមត្ថកិច្ចដកហូតដាវបានចំនួន ៣ដើម ដើម្បីរក្សាទុកធ្វើជាភស្តុតាង។

 

 

 

 

តាមការបញ្ជាក់ពីលោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្រុមការងារបានឃើញភាពខុសប្រក្រតីនៃសិវលិង្គពេលដើរល្បាត នៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០១៨ ហើយក៏បានរៀបចំដាក់ពាក្យបណ្តឹងទៅតាមនីតិវិធី ដើម្បីស្វែងរកអ្នកប្រព្រឹត្តយកមកផ្តន្ទាទោសទៅតាមច្បាប់។

 

 

 

 

អាជ្ញាធរជាតិអប្សរា នឹងពង្រឹងសមត្ថកិច្ចការពាររបស់ខ្លួន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗឱ្យបានល្អជាងមុន ព្រមទាំងបញ្ជ្រាបចំណេះដឹងស្តីពី តម្លៃនៃបេតិកភណ្ឌដល់ប្រជាជនក្នុងតំបន់ ពិសេសគឺយុវជនជំនាន់ក្រោយដែលជាសរសរទ្រូងដ៏សំខាន់សម្រាប់ការពារថែរក្សា អភិរក្សមរតកវប្បធម៌បន្តពីអ្នកជំនាន់មុន។ ប្រជាជនទាំងអស់ក៏ជ្រួតជ្រាប ហើយសន្យាចូលរួម និងអប់រំកូនចៅខ្លួនឱ្យយកចិត្តទុកដាក់ ថែរក្សាសម្បត្តិដូនតាឱ្យបានគង់វង្ស។

 

 

 

 

អាជ្ញាធរជាតិអប្សរា មានការសោកស្តាយជាខ្លាំងចំពោះការបាត់បង់នូវសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃនៅលើភ្នំគូលែន។ មិនតែប៉ុណ្ណោះ ទីតាំងសិវលិង្គនេះ ក៏ជាទីសក្ការដ៏សក្តិសិទ្ធិក្នុងជំនឿសុំទឹកមន្តរបស់ប្រជាជនខ្មែរផងដែរ និងបានថ្កោលទោសយ៉ាងដាច់ខាត ចំពោះជនឥតស្គាល់អត្តសញ្ញាណជាតិ ដែលដាច់ចិត្តលើកដៃបំផ្លាញសម្បត្តិពាន់ឆ្នាំទាំងនេះ ឱ្យខូចខាត និងបាត់បង់រូបភាពដើម៕

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82710-2018-03-30-03-38-29.html

 

Facebook Comment

Related Articles