នាយឧត្តមសេនីយ៍ នេត សាវឿន៖ ស្នងការរង (បងប្រុសលោក ឡាយ វណ្ណៈ) និងនគរបាលសរុប៨នាក់ កំពុងបន្ដការសួរនាំនៅឡើយ ពាក់ព័ន្ធស្ដ្រីម្នាក់ចងកសម្លាប់ខ្លួន នៅក្រុងដូនកែវ

1188 Views
March 30, 2018

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះថា រហូតមកដល់ព្រឹកនេះ ​មន្ដ្រីនគរបាលខេត្តតាកែវ ចំនួន៨នាក់ក្នុងនោះ មានទាំងស្នងការរងម្នាក់ កំពុងបន្ដសួរនាំនៅឡើយ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ​ពាក់ព័ន្ធករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំមួយរូប ឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញ ដោយចងកសម្លាប់ខ្លួន កាលពីចុងខែមករាកន្លងទៅ នៅក្នុងផ្ទះជួលស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ។

 

 

 

 

 

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកដល់ព្រឹកនេះ កម្លាំងនគរបាលជំនាញ កំពុងបន្ដការសួរនាំមន្ដ្រីនគរបាលទាំង០៨នាក់នោះនៅឡើយ ​មិនទាន់ចប់នៅឡើយទេ»

 

 

 

 

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែមីនាម្សិលមិញនេះថា មន្ដ្រីនគរបាលខេត្តតាកែវ ចំនួន៨នាក់ ក្នុងនោះមានទាំងស្នងការរងម្នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ហៅមកសួរនាំករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំមួយរូប ឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញដោយចងកសម្លាប់ខ្លួន កាលពីចុងខែមករាកន្លងទៅ នៅក្នុងផ្ទះជួលស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ។

 

 

 

 

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «គេហៅមកសួរនាំដើម្បីពិនិត្យពាក់ព័ន្ធនឹងកន្លែងកើតហេតុឡើងវិញ ទាំងអស់៨នាក់ មានទាំងស្នងការរងម្នាក់ផងដែរ»

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ឲ្យដឹងថា ស្នងការរងដែលត្រូវបានសមត្ថកិច្ចហៅមកសួរនាំផងដែរនោះ គឺលោក ឡាយ ណារិទ្ធ ដែលត្រូវបងបង្កើតរបស់លោក ឡាយ វណ្ណៈ​ អភិបាលខេត្តតាកែវ ដែលត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង កាលពីប៉ុន្មានថ្ងៃមុននេះ។

 

 

 

 

ការកោះហៅមន្ដ្រីនគរបាលខេត្តតាកែវ ទាំង៨នាក់ខាងលើនេះ បានកើតមានឡើងភ្លាមៗ បន្ទាប់ពីលោក ឡាយ វណ្ណៈ ត្រូវបានបញ្ចប់មុខតំណែងពីអភិបាលខេត្ត។

សូមបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិ​ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។ ប៉ុន្ដែប្រភពព័ត៌មាន សេចក្ដីរាយការណ៍ និងមជ្ឈដ្ឋានមួយចំនួន ដែលអង្គភាពព័ត៌មាន Fresh News ប្រមូលបានករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដីរងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ៕

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82712-2018-03-30-03-49-06.html

 

Facebook Comment

Related Articles