ផលិតផលក្លែងក្លាយខុសច្បាប់ ប្រមាណជាង៦០តោន ត្រូវបានកិនកម្ទេចចោល

(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំ ពិធីកំទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួនប្រមាណជាង ៦០តោន នៅបរិវេណជាប់នឹងសាលាសង្កាត់បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ តំណាងទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងតំណាងក្រុមហ៊ុនឯកជន ជាតិ-អន្ដរជាតិ ជាច្រើនរូប។
បើតាមនាយឧត្ដមសេនីយ៍ មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានឲ្យដឹងថា ពិធីកិនកំទេច ចោលនាពេលនេះ មានផលិតផលគ្រឿងសម្អាងក្លែងក្លាយ ខុសច្បាប់ចម្រុះជាច្រើនមុខ រួមមាន៖ ថ្នាំលាបសក់, ថ្នាំអប់សក់, សាប៊ូលាងមុខ, សាប៊ូកក់សក់, ម្សៅលាបមុខ, ឡេលាបស្បែក, ក្រេមលាបមាត់, ស្រៃ្បយ៍បាញ់សក់, ទឹកអប់ -ល-។
ផលិតផលក្លែងក្លាយខុសច្បាប់ ប្រមាណជាង៦០តោននេះ គឺត្រូវបានសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្ក្រាប និងរឹបអូស ពីជនល្មើស ដែលចរាចរ ស្ដុកទុក ផលិត និងចែកចាយខុសច្បាប់ នាពេលកន្លងមក។
សូមបញ្ជាក់ផងដែរថា ពិធីកំទេចចោល ផលិតផលក្លែងក្លាយ ខុសច្បាប់ទាំងនេះ ត្រូវបានអនុវត្ដតាមការបង្គាប់ របស់តុលាការ ដែលគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ បានបង្គាប់ រឹបអូស ពីជនល្មើសបានចរាចរ ស្ដុកទុក និងចែកចាយ ចំនួន០៣ទីតាំង ក្នុងនោះមាន ក្នុងរាជធានីភ្នំពេញ០១ទីតាំង និងខេត្ដកណ្ដាលចំនួន០២ទីតាំង កាលពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០១៧កន្លងមក៕
ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/83042-2018-04-03-04-39-05.ht