បក្សកាន់អំណាច ចាត់ទុកថា ការអំពាវនាវសុំព្រះរាជអន្តរាគមន៍ ដោយខុសទំនង គឺជាការរំខានដល់ ព្រះរាជតួនាទីព្រះមហាក្សត្រ

562 Views
April 3, 2018

(ភ្នំពេញ)៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានចាត់ទុកថា ការអំពាវនាវសុំព្រះរាជអន្តរាគមន៍ ដោយខុសទំនងពី ព្រះមហាក្សត្រ គឺជាការរំខានដល់ ព្រះរាជតួនាទីរបស់ព្រះអង្គទៅវិញទេ។

ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលកំពុងមានរឿងអាស្រូវធ្លាយការសម្ងាត់អនុប្រធានខ្លួនសន្ទនាជាមួយនាយទាហានកម្ពុជានោះ បានផ្សព្វផ្សាយជំរុញឱ្យមាន ព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីឱ្យមានការចរចានយោបាយនៅកម្ពុជា តាមរយៈការដកស្រង់សម្តីរបស់ អ្នកវិភាគវ័យក្មេងម្នាក់ដែលគេមិនដែលស្គាល់ ក្រោយពេលព្រះមហាក្សត្រយាងត្រឡប់ពីពិនិត្យព្រះរាជសុខភាពពីទីក្រុងប៉េកាំងវិញ។

លោក ហង្ស វិទូ ដែលវិទ្យុអាស៊ីសេរី ដាក់ងារថាជា «ប្រធានក្រុមវិភាគវ័យក្មេង»នោះ បានថ្លែង​ថា វត្តមាន​របស់​អង្គ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ គឺជា​ការចាំបាច់​ដើម្បី​ឱ្យ​អ្នកនយោបាយ​គូបដិបក្ខ គឺ​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះជាតិ វិល​មក​រក​តុ​ចរចា​សាជាថ្មី។ លោក​ថា នៅ​ក្នុង​កាលៈទេសៈ​នយោបាយ​ជាប់​គាំង​បែបនេះ ព្រះមហាក្សត្រ​ទ្រង់​ គួរ​កោះហៅ​អ្នកនយោបាយ​ឱ្យ​មក​ជួប​ជជែក​គ្នា ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​ទំនាស់​នយោបាយ​ដែល​រ៉ាំរ៉ៃ​មក​ហើយ​នោះ ឱ្យ​ផុត​រលត់​ត្រឹមនេះ។

 

 

 

 

ពាក់ព័ន្ធនឹងករណីនេះ លោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅក្នុងពេលមានព្រះវត្តមានរបស់ព្រះមហាក្សត្រនៅក្នុងប្រទេស បែរជាលេចចេញនូវមតិមួយចំនួន មកធ្វេីការអំពាវនាវ សុំព្រះរាជអន្តរាគមន៍ពីព្រះរាជតួនាទីរបស់ព្រះអង្គ ទៅលេីរបស់ដែលពួកគេហៅថា ការជាប់គាំងខាងនយោបាយនៅកម្ពុជា។ ប៉ុន្តែការអំពាវនាវ សុំព្រះរាជអន្តរាគមន៏ពីព្រះមហាក្សត្រនេះ ត្រូវបានប្រជាជនកម្ពុជាទូទៅវាយតម្លៃថា មិនត្រឹមត្រូវ និងមិនស្របតាមស្ថានការណ៍ពិត នៃប្រទេសជាតិឡេីយ»

លោកបានបន្តថា ការសុំព្រះរាជអន្តរាគមន៍ដើម្បីឱ្យជួយចរចានយោបាយនេះ គឺមិនស្របតាមស្ថានភាពដោយសារ៖

១៖ កម្ពុជាមិនមានវិបត្តិនយោបាយទេ។ ប្រទេសស្ថិតនៅក្នុងសន្តិភាព ស្ថិរភាពនយោបាយ និងមានសុខសុវត្ថិភាពល្អប្រសេីរ ប្រជាជនរស់នៅក្នុងសភាពសប្បាយរីករាយ នៅក្នុងសង្គមមានការអភិវឌ្ឈរីកចម្រេីន គួរជាទីកក់ក្តៅឆ្ពោះទៅរកភាពរីកចម្រេីនរុងរឿង នាពេលអនាគត។

២៖ អតីតបក្សប្រឆាំង ដែលត្រូវរំលាយដោយតុលាការកំពូល ដោយសារតែទង្វេី និងអំពេីប្រព្រឹត្តល្មេីសច្បាប់ដោយខ្លួនឯង ។

៣៖ អតីតមេបក្សប្រឆាំង បានប្រព្រឹត្តអំពេីសន្និដ្ឋិភាពជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលជាទោសក្បត់ជាតិ ត្រូវទទួលខុសត្រូវដោយខ្លួនឯង។

៤៖ ការរំលាយអតីតបក្សប្រឆាំង និងចាប់មេដឹកនាំបក្សប្រឆាំង គឺជាការអនុវត្តច្បាប់ ដេីម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតរដ្ឋនៅកម្ពុជា ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ៩១។

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីជំហរដាច់ណាត់ថា សម្តេចនឹងមិនចរចាជាមួយទណ្ឌិត សម រង្ស៊ី ដើម្បីបន្តដង្ហើមអតីតបក្សសង្គ្រោះជាតិ និងបន្តជីវិតនយោបាយរបស់អតីតមេដឹកនាំបក្សប្រឆាំង ១១៨រូប ដែលតុលការកាត់សិទ្ធិនយោបាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធភាពនៃការចរចាជាមួយទណ្ឌិត សម រង្ស៊ី មិនអាចកើតមាននោះឡើយ។ លទ្ធភាពនៃការចរចា មិនអាចធ្វើទៅបាន ដោយសារតែទណ្ឌិត សម រង្ស៊ី តែងបានធ្វើសកម្មភាពវាយប្រហារសម្តេច ដូចជាការដុតរូបនៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនានា និងសារឲ្យកងទ័ពបង្វែរចុងអាវុធ រករាជរដ្ឋាភិបាលជាដើម៕

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/83036-2018-04-03-04-26-12.html

 

Facebook Comment

Related Articles