តុលាការខេត្តរតនគិរី សម្រេចឲ្យឧកញ៉ា សា លាង សងថ្លៃសំរាម និងជំងឺចិត្តជាង ៤ម៉ឺនដុល្លារទៅក្រុមហ៊ុនប្រមូលសំរាមរបស់លោក ជា គួង

650 Views
April 9, 2018

(រតនគិរី)៖ វិវាទមិនបង់លុយថ្លៃសំរាមរវាងឧកញ៉ា សា លាង នាយកក្រុមហ៊ុន «ហេង តារា» ដែលជាអ្នកវិនិយោគនៅផ្សារបានលុងជាមួយលោក ជា គួង ប្រធានក្រុមហ៊ុន «គីម ជ្រា» ជាអ្នកប្រមូលសំរាមនៅទូទាំងក្រុងបានលុង ដែលអូសបន្លាយអស់ជាច្រើនឆ្នាំមកនោះ ទីបំផុតត្រូវបានចៅក្រមសាលាដំបូងខេត្តរតនគិរីសម្រេចឲ្យឧកញ៉ា សា លាង សងប្រាក់ថ្លៃសំរាម និងសងជំងឺចិត្តទៅលោក ជា គួង សរុប ៨៩លានរៀល ស្មើនឹងជាង ៤ម៉ឺនដុល្លារអាមេរិក។

វិវាទនៃការបង់ថ្លៃសម្រាប់ការដឹកជញ្ជូនសំរាមនៅផ្សារបានលុងរវាងឧកញ៉ា សា លាង និងក្រុមហ៊ុនរបស់លោក ជា គួង បានកើតមានយូរឆ្នាំមកហើយ ដោយមិនអាចរកការសម្របសម្រួលណាមួយពីអាជ្ញាធរបាននោះឡើយ ព្រោះភាគីវិវាទសុទ្ធតែបានអាងលើឥទ្ធិពល និងអំណាចរបស់ខ្លួនរៀងៗខ្លួន។ ពេលខ្លះបានធ្វើឲ្យសំរាមនៅផ្សារបានលុងត្រូវបានគរចោលស្អុយពេញផ្សារថែមទៀតផង។

លោក ជា គួង ដែលជាដើមបណ្តឹងបានរៀបរាប់ក្នុងសាលក្រមរបស់សាលាដំបូងខេត្តរតនគិរីថា កាលពីខែមេសា ឆ្នាំ២០១០ ក្រុមហ៊ុនរបស់ឧកញ៉ា សា លាង និងក្រុមហ៊ុន គឹម ជ្រា របស់លោក រួមជាមួយអាជ្ញាធរខេត្តរតនគិរីផង បានចុះកិច្ចព្រមព្រៀងគ្នាមួយស្តីពីការដឹកជញ្ជូនសំរាមនៅផ្សារបានលុង។ ក្នុងកិច្ចព្រមព្រៀងបានកំណត់ឲ្យឧកញ៉ា សា លាង អនុវត្តន៍តាមសៀវភៅបន្ទុកដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង់ថ្លៃប្រមូលសំរាមប្រមាណ ៣លាន ៥សែនរៀលក្នុងមួយខែ។

 

 

 

 

លោកឧកញ៉ា សា លាង មិនបានអនុវត្តន៍តាមកិច្ចព្រមព្រៀង ក៏ដូចជាសៀវភៅបន្ទុកនោះឡើយក្នុងបង់ថ្លៃសេវាដឹកជញ្ជូនសំរាមនេះ គឺលោកឧកញ៉ា បានបង់តែ ៣លានរៀលប៉ុណ្ណោះក្នុងមួយខែ រីឯ ៥សែនរៀលទៀតមិនបានបង់នោះឡើយចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១០មក។ លើសពីនេះទៀតចាប់តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧មក ដែលមានរយៈពេល ១៣ខែមកហើយនោះ ឧកញ៉ារូបនេះ មិនបានបង់ថ្លៃដឹកជញ្ជូនសំរាម ៣,៥០០,០០០រៀលក្នុងមួយខែផងដែរ។

ក្នុងសាលក្រមលោកឧកញ៉ា សា លាង ដែលជាចុងចោទ បានលើកឡើងថា មូលហេតុដែលខ្លួនមិនព្រមបង់ថ្លៃសំរាម ៥សែនរៀលជារៀងរាល់ខែ ក៏ព្រោះតែក្រុមហ៊ុនប្រមូលសំរាមមិនបានចូលទៅប្រមូលសំរាមដល់ក្នុងផ្សារ ដូច្នេះខ្លួនយកលុយនេះជួលកម្មករដើរប្រមូលសំរាមពីក្នុងផ្សារមកគរនៅខាងមុខផ្សារ។

ត្រង់ចំណុចនេះ លោក ជា គួង បានអះអាងថា ក្នុងកិច្ចព្រមព្រៀង គឺកំណត់ឲ្យក្រុមហ៊ុនលោកប្រមូលសំរាមត្រឹមមុខផ្សារប៉ុណ្ណោះ មិនកំណត់ឲ្យទៅចូលយកសំរាមក្នុងផ្សារទៀតនោះឡើយ ហើយគ្រប់ក្រុមហ៊ុនប្រមូលសំរាមនៅកម្ពុជានាពេលបច្ចុប្បន្ន គ្មានក្រុមហ៊ុនណាតម្រូវឲ្យចូលយកសំរាមតាំងពីក្នុងផ្សារ ឬ តាមផ្ទះប្រជាពលរដ្ឋនោះឡើយ។

លោក ជា គួង បានប្តឹងតុលាការឲ្យឧកញ៉ា សា លាង សងថ្លៃសំរាមដែលបង់មិនគ្រប់ (ខ្វះ ៥សែនរៀល) រយៈពេល ៨៧ខែ និងប្រាក់ជំពាក់មិនទាន់បង់ទាំងស្រុងរយៈពេល ១៣ខែផងដែរ។

យោងតាមសាលក្រមសម្រេចរបស់សាលាដំបូងខេត្តរតនគិរីនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាន បានគូសបញ្ជាក់ថា យោងតាមការសន្និដ្ឋានដោយផ្អែកលើភស្តុតាង និងចម្លើយសាក្សី ក៏ដូចជាចម្លើយរបស់គូភាគីបញ្ជាក់យ៉ាងច្បាស់ថា ឧកញ៉ា សា លាង ពិតជាមិនបានអនុវត្តន៍តាមកាតព្វកិច្ចបង់ប្រាក់ឲ្យដើមចោទបានគ្រប់ចំនួនរាងរាល់ខែប្រាកដមែន។

បន្ទាប់ពីបានពិនិត្យឃើញថា ឧកញ៉ា សា លាង បានអនុវត្តន៍ផ្ទុយពីកាតព្វកិច្ច និងកិច្ចព្រមព្រៀងនេះ ចៅក្រមជំនុំជម្រះលោក ឈុន ច័ន្ទសីហា បានសម្រេចបញ្ចប់រឿងក្តីនេះដោយបង្គាប់ឲ្យឧកញ៉ា សា លាង សងប្រាក់ទៅដើមចោទ គឺលោក ជា គួង ចំនួន ៤៣,៥០០,០០០លានរៀល សម្រាប់ថ្លៃសំរាមដែលបង់ខ្វះជាងរៀងរាល់ខែ ៥សែនរៀល រយៈពេល ៨៧ខែ ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១០ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។ សងប្រាក់ដែលខកខានបង់ជារៀងរាល់ខែចំនួន ៣,៥០០,០០០រៀល ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទូទាត់ចប់។

បើតាមលោក ជា គួង បានឲ្យដឹងថា ឧកញ៉ា សា លាង បានខកខានបង់ថ្លៃប្រមូលសំរាមជូនក្រុមហ៊ុនរបស់លោកអស់រយៈពេលប្រមាណ ១៣ខែមកហើយ ដែលប្រាក់ជំពាក់មានរហូតដល់ប្រមាណ ៤៥លាន ៥សែនរៀល។ តែទោះបីមិនមានការបង់ប្រាក់យ៉ាងណាក្តី ក្រុមហ៊ុននៅតែបន្តប្រមូលសំរាមនេះដែរ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងក្នុងរយៈពេល ១៣ខែមកនេះ។

 

 

 

 

លោកចៅក្រម ឈុន ច័ន្ទសីហា ក៏បានបង្គាប់ឲ្យឧកញ៉ា សា លាង សងប្រាក់ជំងឺចិត្ត និងសេវាកម្មមេធាវីចំនួន ២ម៉ឺនដុល្លារទៅឲ្យលោក ជា គួង ផងដែរ។

លោក ជា គួង បានសាទរចំពោះការសម្រេចរបស់តុលាការខេត្តរតនគិរី ដោយលោកចាត់ទុកជាការផ្តល់នូវយុត្តិធម៌សម្រាប់រូបលោកជាអ្នករកស៊ីប្រមូលសំរាមជាចំណែកមួយដ៏សំខាន់សម្រាប់លើកកម្ពស់សោភ័ណភាពក្រុង។ បើតាមលោក ជា គួង ទោះបីមានសាកក្រមសម្រេចបញ្ចប់វិវាទ និងបង្គាប់ឲ្យបង់ប្រាក់ថ្លៃសំរាមយ៉ាងនេះក្តី តែរហូតមកដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ដែលមានរយៈពេល ៤ថ្ងៃមកហើយនោះ លោកឧកញ៉ា សា លាង មិនទាន់អនុវត្តន៍តាមអំណាចសាលក្រមរបស់សាលាដំបូងខេត្តនៅឡើយនោះឡើយ។

លោក ជា គួង បានសម្តែងជំនឿចិត្តយ៉ាងមុតមាំថា អំណាចសាលក្រមរបស់សាលាដំបូងខេត្តរតនគិរីមិនត្រូវបានបំពារពំពាន ឬជាន់ឈ្លីដោយឧកញ៉ា សា លាង នោះឡើយ។ លោក ជា គួង ក៏បានអំពាវនាវផងដែរ ដល់ឧកញ៉ា សា លាង ឲ្យអនុវត្តន៍តាមសាលក្រមសាលាដំបូងខេត្ត និងចូលរួមបំពេញការតព្វកិច្ចតាមកិច្ចព្រមព្រៀងក្នុងបង់ថ្លៃប្រមូលសំរាមនេះ ព្រោះវាជាការរួមចំណែកលើកសោភ័ណ និងអនាម័យក្រុង ដែលបញ្ហានេះរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំងបំផុតដែរនោះ។

លោក ជា គួង ក៏បានទទូចសុំអាជ្ញាធរក្រុងបានលុង និងប្រជាពលរដ្ឋចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាពនៅក្នុងក្រុងតាមរយៈការទុកដាក់សំរាមនេះឲ្យបានត្រឹមត្រូវផងដែរ។ ជាពិសេសចូលរួមបំពេញការតព្វកិច្ចក្នុងការបង់ថ្លៃសេវាដឹកជញ្ជូនសំរាមប្រចាំខែ៕

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/83563-2018-04-08-06-22-13.html

 

Facebook Comment

Related Articles