រថយន្តឈ្នួលនៅតែបន្តដំឡើងថ្លៃពេលជិតចូលឆ្នាំខ្មែរ

198 Views
April 12, 2018

ក្រុមអ្នកធ្វើដំណើរមួយចំនួន បានត្អូញត្អែរពីការដំឡើងថ្លៃសេវា​រថយន្តឈ្នួល​ខុសប្រក្រតី ឬខុស​ពីថ្ងៃធម្មតាប្រមាណ១៥០០០ រៀល​ ​នៅមុន​បុណ្យ​​​​​ចូលឆ្នាំប្រពៃណីយខ្មែរ បើទោះជារដ្ឋាភិបាលអំពាវនាវកុំឲ្យឡើងថ្លៃក៏ដោយ។

ដើរចេញពីកន្លែងលក់សំបុត្រនៅក្រុមហ៊ុនដឹកអ្នកដំណើរ ខេ.អេស.អូ នៅម្តុំផ្សារដើមគ លោក អ៊ុល ថាន បានរៀប​រាប់ប្រាប់អ្នក​សារព័ត៌​មាននៅថ្ងៃទី១១ ខែ​មេសានេះ​ថា ​គាត់ជិះរថយ​ន្តឈ្នួល​ពីភ្នំពេញ​ទៅ​ខេត្តសៀមរាប​ មួយនាក់​តម្លៃ៤០ ០០០​រៀល ខណៈថ្ងៃ​ធម្មតា៣០០០០រៀល​តែ​ប៉ុណ្ណោះ​។ លោក​​អះអាងថា ដើមចមដែលនាំឲ្យគាត់សម្រេចចិត្ត​ជិះទៅ​ស្រុក​      កំ​ណើត ​​ដោយ​សារ​គ្មាន​ជម្រើស​។ ​

លោកអះអាងថា៖ «ពីរបីថ្ងៃមុនជិះតែ៣ម៉ឺនរៀលឥឡូវ៤ម៉ឺនរៀល យើងត្រូវតែទិញ​ ឡើងថ្លៃក៏យើងត្រូវតែទិញដែរ​ ត្រូវតែទៅស្រុកកំណើត»

អ្នក​ធ្វើដំណើរតាមក្រុមហ៊ុន កាពីតូល កញ្ញា ជិន ស្រីស្រស់ បាននិយាយ​ទាំងទឹកមុខ​មុតមាំថា ថ្ងៃធម្មតា​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ ទៅសៀមរាប ថ្ងៃធម្មតា៣០០០០រៀល ប៉ុន្តែកញ្ញាថានៅថ្ងៃនេះ ក្រុមហ៊ុនដំឡើងថ្លៃសំបុត្រ​មួយ​លើស​៥០០​០  រៀ​​ល ករណីនេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​និងខាត​ពេល​វេលា​ពួកគាត់​។

 

 

សេវា​រថយន្តឈ្នួល

 

 

កញ្ញាអះអាងថា«ពួកខ្ញុំកក់សំបុត្រ៣ មកទិញដាក់លុយតម្រូវ៣០០០០រៀល ពួកខ្ញុំអត់បានយកលុយមកលើសទេពេលទិញ៣០០០០រៀល យកលុយតែ៩០០០០រៀលមកទេ តារាងលើហ្នឹងគេដាក់៣០០០០រៀលដដែល នៅពេលចូលទិញ៣៥០០០រៀល ខ្វះ១៥០០០រៀល ពួកខ្ញុំត្រូវជិះទៅមួយបកទៀត ទៅយកលុយទៀត ដាក់ចឹងទៅបានប្រយោជន៍អី បើគាត់ដាក់មួយដងឲ្យអស់ទៅ ដាក់តែមួយដងទៅរួចហើយ»

អ្នក​ធ្វើដំណើរតាមក្រុមហ៊ុន សូរិយា អ្នកនាង ភាន់ សិលា បាន​អះអាងថា សំបុត្រធ្វើដំណើរមុនចូលឆ្នាំខ្មែរនេះ​ក្នុងមួយ​នាក់​​៤០០០០រៀល ខណៈថ្ងៃធម្មតា២៥០០០រៀល ពោលលើស១៥០០០រៀល។ ករណីនេះ​អ្នកនាង​អំពាវ​នាវ​ទៅ​ម្ចាស់​ក្រុម​​ហ៊ុនឲ្យ​ឈប់ដំឡើងថ្លៃ ដោយថាប៉ះពាល់ដល់ជីវភាពអ្នកក្រីក្រ។

អ្នកនាងអំពាវនាវថា«ចង់ឲ្យយកតម្លៃដូចដើម ដើម្បីឲ្យខ្ញុំសល់លុយខ្លះ​​ ព្រោះអីធ្វើការអត់ហើយ មកដល់លុយអស់ហើយ ទៅដល់ផ្ទះទៀតយ៉ាប់​»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបកម្មករកាលពីថ្ងៃទី២៨មីនា ដោយអំពាវនាវ ដូចឆ្នាំមុនៗដែរ កុំឲ្យម្ចាស់​រថយន្ត​ដំឡើងថ្លៃ សំបុត្រ នៅ​រដូវចូលឆ្នាំដែលជិតមកដល់នេះ ដោយថាដើ​ម្បីជួយកាត់បន្ថយការចំណាយ ដល់អ្នក​ដែល​ទៅ​លេងស្រុកកំណើត ដើម្បីអ​ប​អ​រ​​​​ពិ​ធីបុណ្យជាតិមួយនេះ។

ទោះជាបែបនះក្តី ភ្លាមៗ​ VOD មិនអាចសុំការបំភ្លឺពីបុគ្គលិក​នៅក្រុមហ៊ុនសូរិយាដឹកអ្នកដំណើរ កាពីតូល ក្រុមហ៊ុន ក្រុមហ៊ុនពន្លឺអង្គរខ្មែរ​បានទេ ដោយនេះជាបញ្ជារបស់អ្នកថ្នាក់លើ។

ដោយឡែក បុគ្គលិកនៅក្រុមហ៊ុន ខេ.អេស.អូ លោក ពេជ្យ អេមឈាង បាន​អះអាងថា ការឡើងថ្លៃពេលចូលឆ្នាំបន្តិចបន្តួចនេះសមរម្យហើយ។​

លោកលើកឡើ​ថា«ធម្មតាទេ ខែហ្នឹងវាឡើង៤០០០រៀលទៅ៥០០០រៀលវាសមរម្យហើយ យើងមិនអាចហ៊ានឲ្យឡើងច្រើនទេ វាឡើងតែ៥០០០រៀល វាសមរម្យហើយ»

លោក សន ជ័យ​ ផ្តល់ជាអនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហា​នេះ ឲ្យមានប្រសិទ្ធិភាពរដ្ឋាភិ​បាលត្រូវ​បញ្ចេញរថយន្ត​ក្រុងឲ្យ​​បាន​ច្រើនមុននិងក្រោយចូលឆ្នាំដើម្បីដឹកអ្នកដំណើរទៅតាមខេត្តនានា ទើបទទួលបាន​ផល​វិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «»

នៅឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឲ្យដាក់រថយន្តក្រុងរបស់រដ្ឋចំនួន៦០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋក្នុងឱកាសចូលឆ្នាំដោយឥតបង់ថ្លៃ​​ ហើយលោកថា បើក្រុមហ៊ុននៅតែបន្តដំឡើងថ្លៃទៀតលោកនឹងពិចារណាដាក់រថយន្តរបស់រដ្ឋកាន់តែច្រើនទៀត នៅឆ្នាំក្រោយៗ៕

 

 

ប្រភព៖ http://vodhotnews.com/11/04/2018/people-complain-about-ahead-of-khmer-new-year/

 

Facebook Comment