រដ្ឋាភិបាល​គ្រោង​ពង្រាយ​កម្លាំង​សន្តិសុខ​១០​ម៉ឺន​នាក់​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ

545 Views
April 20, 2018

កង​កម្លាំង​សន្តិសុខ​ដល់​ទៅ ១០​ម៉ឺន​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្ដិសុខ និង​សណ្ដាប់​អំឡុង​ពេល​បោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​នេះ ដែល​ជំរុញ​ឲ្យ​មាន​​ក្ដី​បារម្ភ​អំពី​កំណើន​ទំហំ​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ការបោះ​ឆ្នោត​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់។

គេហ​ទំព័រ​នគរបាល​ជាតិ បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ដែលបានថ្លែង​ក្នុងវគ្គបណ្តុះបណ្តាលមួយកាលពីម្សិលមិញ​ថា រដ្ឋាភិបាល​នឹង​ដាក់​ពង្រាយ​កម្លាំងនគរបាលជាតិ កម្លាំង​កងយោធពល​ខេមរភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថ សរុ​ប​រហូត​ដល់ ​៨ម៉ឺននាក់ ​រួមទាំងមា​នកម្លាំងប្រជាការពារ​ប្រមាណ ២ម៉ឺន​នាក់បន្ថែម​ទៀត ដើម្បី​ការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ។

គម្រោង​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ដ៏​ច្រើន​បែប​នេះ ត្រូវ​បាន​ក្រុម​អ្នក​តាម​ដាន​ការ​បោះ​ឆ្នោត​មើល​ឃើញ​ថា ខុស​ទៅ​នឹង​ច្បាប់​បោះឆ្នោត ហើយ​ជំរុញ​ឲ្យ​ការ​ចំណាយ​ថវិកា​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ កាន់​តែ​រីក​ធំ​ឡើង។

 

 

រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

 

 

នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី  បានពន្យល់ថា ច្បាប់​បោះឆ្នោត បាន​កំណត់​ឲ្យ​ប្រើ​ប្រាស់​កម្លាំង​ការពារ​ត្រឹម​តែ ៣​នាក់​ប៉ុណ្ណោះ សម្រាប់​ការិយាល័យ​បោះ​ឆ្នោត​មួយ ដោយ​ក្នុង​នោះ កម្លាំង​ប្រដាប់​អាវុធ​មួយ​រូប បោះ​ទីតាំង​ការពារ​នៅ​ខាង​ក្រៅ​បរិវេណ​ការិយាល័យ និង ២​នាក់​ទៀត ត្រូវ​ការពារ​ខាង​ក្នុង​បរិវេណ​ការិយាល័យ​បោះ​ឆ្នោត​ដោយ​ពុំ​តម្រូវ​ឲ្យ​កាន់​អាវុធ​នោះ​ឡើយ។

ករណីនេះ លោក គន្ធាមី បញ្ជាក់ថា ការប្រើកម្លាំង​ការពារ​សុវត្ថិភាព​អ្នកបោះឆ្នោតរហូតដល់​ ១០ម៉ឺននាក់ នៅ​ទូទាំង​ប្រទេស អាចធ្វើឲ្យ​ប៉ះពាល់​​ដល់​​អារម្មណ៍​អ្នកបោះឆ្នោត និងខាតថវិកាជាតិទៅវិញ​។

លោក​បញ្ជាក់ថា៖ «ការដែលដាក់កម្លាំងសន្តិសុខច្រើនលើសលុបនេះ ក៏មិនមែនជាចំណុចល្អទេ… ជាចំណុចដែលប៉ះពាល់អារម្មណ៍អ្នកបោះឆ្នោ ហើយការងារហ្នឹងដែលគាត់ចុះទៅធ្វើការមួយថ្ងៃ ថ្ងៃបោះឆ្នោត ថ្ងៃរាប់សន្លឹកឆ្នោត ត្រូវចំណាយថវិកា លុយបេសកម្ម លុយមានរបបរបស់គាត់»

ចំនួន​កងកម្លាំង១០ម៉ឺននាក់ ដែលរដ្ឋាភិបាល​គ្រោងដាក់​​ការពារប្រជាពលរដ្ឋអំឡុង​ពេលបោះឆ្នោតថ្នាក់ជាតិនេះ មានការកើនឡើង​ពាក់កណ្តាល បើធៀបនឹងកម្លាំងដាក់ការពារប្រជាពលរដ្ឋបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧​។

អ្នក​ស្រា​វជ្រាវ​ផ្នែក​អភិវឌ្ឍន៍សង្គម​ លោក មាស នី វិភាគថា ការ​សម្រេច​បែប​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា រដ្ឋាភិបាលព្រួយបារម្ភពីសុវត្ថិភាពនៅអំឡុង​ពេល និងក្រោយពេលបោះឆ្នោត បន្ទាប់ពីគណបក្សសង្រ្គោះជាតិ​ត្រូវបានរំលាយកាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំមុន​។

លោក​វិភាគថា៖ «ការបង្កើននូវចំនួនកងសន្តិសុខ គឺជាការបង្ហាញនូវការកើនឡើង​ នូវការព្រួយបារម្ភផ្នែកសន្តិសុខ ឬក៏ភាពអសន្តិសុខទាំងឡាយដែលអាចកើតមានឡើងនៅក្នុងអំឡុងពេលបោះឆ្នោត កាលណាមានការព្រួយបារម្ភកាន់តែខ្លាំង ការដាក់កម្លាំងសន្តិសុខក៏កាន់​តែ​ច្រើនដែរ»

ទោះជាយ៉ាងណា VOD បាន​ព្យាយាមសុំការបំភ្លឺបន្ថែមជុំវិញករណីនេះ​ពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដែរ ប៉ុន្តែ ទូរសព្ទចូលច្រើនដងមិនមានអ្នកទទួល។

ការបោះឆ្នោតថ្នាក់ជាតិ​កាលពីឆ្នាំ២០១៣ ​ក្រុមបាតុករបាន​ដុត​រថយន្ត​កង​រាជអាវុធហត្ថ​ចំនួន​ ២​​គ្រឿង​​កម្ទេច​ទាំងស្រុងនៅមុខ​វត្តស្ទឹងមានជ័យ ក្រោយពីពួកគេរកឃើញភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោត​នោះ​៕

 

 

ប្រភព៖ http://vodhotnews.com/19/04/2018/police-commissioner-plans-to-put-around-100000-security-guards-during-national-elections/

 

Facebook Comment

Related Articles