ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់

756 Views
April 20, 2018

(ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបណ្ដាលឲ្យម៉ូតូ មួយគ្រឿងទៀតជិះមកបុកពេញមួយទំហឹង បណ្ដាលស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យ។

 

 

 

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវ​៣០ម៉ែត្រ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

 

 

បុរសរងគ្រោះដែលស្លាប់មានឈ្មោះ សៀង មករា អាយុ​២៨ឆ្នាំ មុខរបរ​សិស្សសាលាកសិកម្មព្រែកលៀប ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិទី១ ឃុំរកាខ្នោ ស្រុកក្រូចឆ្មា ខេត្ដត្បូងឃ្មុំ។ ចំណែកឯជនរងគ្រោះម្ខាងទៀត មិនត្រូវបានស្គាល់អត្តសញ្ញានោះឡើយ។

 

 

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូ មួយគ្រឿង ម៉ាក Honda Dream C125 ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ​កំពង់ចាម​1J-5893 បើកបរតែម្នាក់ឯង ដោយជិះក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូជនរងគ្រោះបានបត់ឆ្វេងដៃ ភ្លាមៗនោះ​ស្រាប់មានម៉ូតូ មួយគ្រឿងទៀតម៉ាក Honda Dream C125 ​ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​1AV-5693 បើកបរតែម្នាក់ឯងដូចគ្នា ដោយជិះក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿនជាន់ហ្វាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងបត់ឆ្លងផ្លូវ ពេញ​ទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ រឺឯភាគីម្ខាងទៀតត្រូវរថយន្ដសាម៉ុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។​

 

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំង​២គ្រឿង ទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយ។ ចំណែក​សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84574-2018-04-20-01-45-11.html

 

Facebook Comment

Related Articles