ត្រៀម CV ឲ្យហើយទៅ! ក្រុមហ៊ុនធំៗចំនួន១០ ប្រកាសរើសបុគ្គលិក ជិត១ពាន់នាក់

940 Views
April 20, 2018

(ភ្នំពេញ)៖ តាមរយៈការរក្សាបាននូវស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ការវិនិយោគថ្មីៗទាំងក្នុងប្រទេស និងពី​បរទេស ចេះតែបន្ត​កើនឡើង ដែលនាំដល់ការបង្កើតឱកាសការងារបន្ថែមទៀត នៅ​ក្នុងទីផ្សារ​ការងារ​ក្នុងស្រុក។

 

 

ជាក់ស្តែងសម្រាប់ចុងខែមេសា ឆ្នាំ២០១៨ នេះ ឱកាសការងារប្រមាណ៩៨២ កន្លែងក្នុងមុខតំណែង​ផ្សេងៗគ្នានឹងត្រូវបានផ្តល់ជូនពីក្រុមហ៊ុនធំៗចំនួន១០ សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកស្វែងរក​ការងារធ្វើទូទៅនៅក្នុងវេទិកាការងារប្រចាំខែរបស់ ទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វេទិកាការងារនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែ មេសា ឆ្នាំ២០១៨ខាងមុខនេះ ចាប់ពីម៉ោង ៨៖០០ ដល់ម៉ោង ៥៖០០ ល្ងាច។ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារទូទៅអាចចូលរួមបានដោយសេរី នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

 

ក្រុមហ៊ុនទាំង១០ ដែលចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, ណាហ្គាវើល, ផាកកាហ្វេ, ក្រុមហ៊ុន Cootel, ក្រុមហ៊ុន Mega Asset Management, ក្រុមហ៊ុន Smile, ក្រុមហ៊ុន CDX, ក្រុមហ៊ុន SHPP, ក្រុមហ៊ុន ICE Electronic និងក្រុមហ៊ុន Rosefood។ ក្រុមហ៊ុនទាំនេះ នឹងទទួលពាក្យស្វែងរកការងារ និងធ្វើការសម្ភាសភ្លាមៗតែម្តង។ ដូច្នេះ បេក្ខជន នឹងដឹងលទ្ធផលជាប់ ឬធ្លាក់ក្នុងថ្ងៃតែមួយ។

 

 

កញ្ញា វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់របស់មីក្រូហិរញ្ញវត្ថុ AMK ដែលប្រកាសរើសបុគ្គលិក​ជាង១០០នាក់នៅក្នុងវេទិកាការងារនេះ លើកឡើងថា «AMK បានសហការជាមួយនឹងទីភ្នាក់ងារជាតិ​មុខរបរ និងការងារជាច្រើនឆ្នាំមកហើយ ហើយក៏ទទួលអ្នកស្វែងរកការងារធ្វើតាមរយៈវេទិកាការងារ និងពិព័ណ៌ការងារជាច្រើនរូបមកហើយផងដែរ។ បច្ចុប្បន្ន AMK មានសាខា​ជាង១០០សាខា និងមាន​បុគ្គលិកប្រមាណ៣,០០០ នាក់។ សម្រាប់ពេលនេះ AMK នឹងជ្រើសរើសបុគ្គលិកបន្ថែមជាង១០០នាក់ ដែលមានមុខតំណែងដូចជា៖ មន្ត្រីឥណទាន មន្ត្រីទំនាក់ទំនងអតិថិជន និងមុខតំណែងដទៃទៀត​ជាច្រើន»

 

 

ជាមួយគ្នានោះដែរ កញ្ញា វណ្ណារី ក៏បានជំរុញដល់បេក្ខជនទាំងអស់ដែលមានបំណងស្វែងរកការងារ ឬចូល​រួមសម្ភាសការងារនៅថ្ងៃទី២៦ខាងមុខនេះ ត្រូវរៀបចំ​ប្រវត្តិរូបសង្ខេបឲ្យបានត្រឹមត្រូវ, រៀបចំខ្លួន​ឲ្យបានល្អ, ស្វែងរកព័ត៌មានអំពីក្រុមហ៊ុន និងមុខតំណែង​ដែលខ្លួនជ្រើសរើស និង ត្រូវគោរពពេលវេលា​ជាដើម។ ការធ្វើបែបនេះ អាចនឹងជួយឲ្យពួកគាត់ទទួលបានឱកាសជាប់ខ្ពស់។

 

គួរបញ្ជាក់ផងដែរថា វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ​នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំ​ដោយឱកាស ការងារ និងព័ត៌មានជ្រើស​រើសបុគ្គលិកដ៏ទូលំទូលាយតាមរយៈកំណើននៃក្រុមហ៊ុន/​សហគ្រាសនានា​ដែលមកប្រើប្រាស់សេវាជ្រើស​រើសបុគ្គលិករបស់រដ្ឋមួយនេះ។

 

 

ជាក់ស្តែងក្នុង​រយៈពេល៣ខែដើមឆ្នាំ​២០១៨ នេះ NEA​ បានជួយសម្របសម្រួល និងជ្រើសរើស បុគ្គលិក កម្មករ និយោជិតចំនួនជាង​២,០០០នាក់ឲ្យទៅ​ក្រុមហ៊ុន​/សហគ្រាសនានានៅក្នុងវេទិកាការងារទាំង៥លើក​របស់ខ្លួន។ វេទិកាការងារ គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់​ឱកាស​ដល់​សាធារណៈជន​ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបាន​ការងារកាន់​តែងាយ​ស្រួលចំណេញពេលវេលានិងនៅមួយកន្លែង។

 

 

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានី​ភ្នំពេញ​តាមរយៈលេខទូរស័ព្ទ៖ 016 78 66 55/077 23 23 78 ឬគេហទំព័រ​របស់​ទីភ្នាក់ងារជាតិ​មុខរបរ​ និង ការងារ www.nea.gov.kh និងទំព័រ facebook/neakhmer (អិនអ៊ីអេ ខ្មែរ) ដោយ​ងាយ​ស្រួល៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84535-2018-04-19-11-51-38.html

 

Facebook Comment

Related Articles