រឿងហួសចិត្ត! រូបភាពសង្គ្រោះ អាចក្លាយជាការបង្កគ្រោះ ដល់ជនរងគ្រោះវិញបាន

1140 Views
April 23, 2018

(ភ្នំពេញ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ខណៈនោះផងដែរ មានប្រជាជន មហាជនអ្នកឃើញ ហេតុការណ៍ជាច្រើននាក់ មានការឈឺឆ្អាល ជួយផ្សាយផ្ទាល់ក្នុងបណ្តាញហ្វេសប៊ុក ដើម្បីប្រកាសរកសាច់ញាតិ ដោយពួកគាត់មិនហ៊ានប៉ះពាល់ជួយដល់ជនរងគ្រោះ ព្រោះពួកគាត់គ្មានជំនាញ។ ក្រោយពេលកើតហេតុ មិនយូរប៉ុន្មាន ស្រាប់តែមានរថយន្តគិលានសង្គ្រោះពណ៌ក្រហមលាយស ០១គ្រឿង មកលើកជនរងគ្រោះ ដាក់លើហ្វ្រង់កាសែងចូលរថយន្ត ដោយមិនមានការពិនិត្យឬសង្គ្រោះបឋម និងគ្មានការប្រុងប្រយ័ត្ន ហើយដឹកចេញទៅបាត់ ដោយមិនមានផ្តល់ដំណឹងដល់អ្នកជុំវិញ ថានឹងយកជនរងគ្រោះទៅកាន់ទីណា។

 

 

ដំណឹងជនរងគ្រោះ ត្រូវបានដឹងដល់មិត្តភក្តិ ដែលជាក្រុមអតីតមិត្តរួមជំនាន់ទសវត្សទី៨០ នៃសាលាបាក់ទូក។ មិត្តភក្តិ ម្នាក់ៗបានទំនាក់ទំនងគ្នា ក្នុងក្រុមវ៉តស្អាប់ (WhatsApp) ស្វែងរកការជួយសង្គ្រោះគ្រប់មធ្យោបាយ ដោយយកចិត្តទុកដាក់ និងមានមិត្តមួយចំនួន មានទាំងវេជ្ជបណ្ឌិតជំនាញ បានខ្នះខ្នែង ចេញស្វែងរកជនរងគ្រោះ តាមគ្លីនិក ទាំងការព្រួយបារម្ភ ស្រាប់តែបានលឺដំណឹងថា ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះពណ៌ស ផ្សេងមួយទៀត ដឹកយកមកដាក់កន្លែង កើតហេតុវិញ ព្រោះតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។

 

 

ទីបំផុតជនរងគ្រោះឈ្មោះ តាំង សេងលី ពិតជាបានបាត់បង់ជីវិតពិតប្រាកដមែន ហើយក្នុងហេតុការនោះ ជនងរងគ្រោះ ថែមទាំងបាត់បង់កាបូបដាក់ប្រាក់ធំមួយផងដែរ ព្រោះជនរងគ្រោះជាចុងភៅ ទើបតែមកពីទទួលថ្លៃឈ្នួលធ្វើម្ហូបការពីភ្ញៀវ។ ដំណឹងនេះ ធ្វើឲ្យសាច់ញាតិបងប្អូន ជាពិសេសមិត្តរួមជំនាន់និងអតីតលោកគ្រូអ្នកគ្រូ ជិត៣០០នាក់ មានក្តីសោកស្តាយ ដោយមិនអស់ចិត្តគ្រប់ៗគ្នា ព្រោះតែមិនអាចជួយជនរងគ្រោះបានទាន់ពេលវេលា។

 

 

ព្រមជាមួយគ្នានោះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយក៏ជាមិត្តម្នាក់ក្នុងចំណោមមិត្តភក្តិ រួមជំនាន់ទសវត្សទី៨០ នៃសាលាបាក់ទូក បានសហការជាមួយមន្ទីរជំនាញសុខាភិបាលរាជធានី បើកការស៊ើបអង្កេត លើករណីជួយសង្គ្រោះរបស់រថគិលានសង្គ្រោះ ដែលបានដឹកជនរងគ្រោះទៅបាត់ ហើយដឹកត្រឡប់មកវិញ។ ការស៊ើបអង្កេតបានរកឃើញថា រថយន្តគិលានសង្គ្រោះ ដែលដឹកជនរងគ្រោះចេញទៅ និងដឹកមកវិញ គឺជារថយន្តពីរផ្សេងគ្នា តែមានថៅកែតែមួយ ហើយពួកគេមិនមែនជាគ្រូពេទ្យជំនាញ និងពុំមែនជាអង្គភាពពេទ្យ ឬគ្លីនិកឯកជនណាមួយទេ គឺថៅកែពួកគេឈ្មោះ ងួន ប្រាក់ធី ហៅឌី បានទិញរថយន្តមកចាប់សឺរ៉ែនសង្គ្រោះចំនួន ០៤គ្រឿង សម្រាប់ស៊ីឈ្នួល ដឹកសពនិងអ្នកជម្ងឺ និងប្រចាំការតាមដងផ្លូវនាពេលយប់ ដើម្បីចាំដឹកអ្នករបួស គ្រោះថ្នាក់ផ្សេងៗយកទៅដាក់តាមគ្លីនិក ទទួលថ្លៃសេវាដឹក។

 

 

នៅក្នុងរថយន្តពួកគេ ក្រៅពីពុំមានគ្រូពេទ្យជំនាញហើយនោះ ថែមទាំងពុំមានឧបករណ៍សម្ភារៈ បច្ចេកទេសពេទ្យ សម្រាប់ជួយសង្គ្រោះជនរងគ្រោះផងដែរ។ ករណីនេះអាវុធហត្ថរាជធានីភ្នំពេញ នឹងសហការណ៍ជាមួយ មន្ទីរជំនាញផ្នែកសុខាភិបាល ដើម្បីស្រាវជ្រាវបោសសំអាត គ្រប់រថយន្តសង្គ្រោះ ដែលគ្មានច្បាប់អនុញ្ញាត ទាំងអស់ក្នុង រាជធានីភ្នំពេញ ចាប់ពីពេលនេះតទៅ ដើម្បីការពារដល់អាយុជីវិតជនរងគ្រោះផ្សេងៗទៀតកុំឲ្យជួបរឿងអកុសល ។

 

 

ថ្លែងពីសពជនរងគ្រោះ ដែលស្លាប់ទៅទាំងមិនអស់ចិត្ត ត្រូវបានអតីតលោកគ្រូអ្នកគ្រូនិងក្រុមមិត្តរួមជំនាន់នាទសវត្សទី៨០ ជួយជ្រោមជ្រែងគ្នាជាមួយក្រុមគ្រួសារធ្វើបុណ្យសព តាំងពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃបញ្ចប់។ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ជំនួសមុខឲ្យអតីតលោកគ្រូអ្នកគ្រូ និងក្រុមមិត្តរួមជំនាន់នាទសវត្សទី៨០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថវិកាដែលបានមកពីការកៀងគរបរិច្ចាគថវិកាផ្ទាល់របស់អតីតលោកគ្រូអ្នកគ្រូនិងក្រុមមិត្តរួមជំនាន់ នាទសវត្ស៨០ សរុបចំនួន ៥,១៥០ $ (ប្រាំពាន់មួយរយហាសិបដុល្លារ) ទៅប្រគល់ជូនគ្រួសារសពលោក តាំង សេងលី ទុកជាការចែករំលែកជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក ស្របតាមពាក្យស្លោរបស់ក្រុមមិត្តរួម ជំនាន់ទសវត្ស៨០នេះ បានបង្កើតឡើងថា «សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក»៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84831-2018-04-22-15-11-04.html

Facebook Comment

Related Articles