មេធាវីលោក កឹម សុខា ចំនួន៤នាក់ បានដាក់ពាក្យលាឈប់មិនការពារក្តីឱ្យ លោក​កឹម​ សុខា

604 Views
April 25, 2018

(ភ្នំពេញ)៖ មេធាវីលោក កឹម សុខា ចំនួន៤នាក់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីលាឈប់ការពារក្តីឱ្យ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ តទៅទៀត។

មេធាវីទាំង៤នាក់នោះ រួមមាន លោក សំ​ សុគង់​, លោក ហែម​ សុជាតិ​, លោក កែត​ ឃី​ និង​ លោក ជូង​ ជូងី​ ដែលពួកគាត់កន្លងទៅ គឺជាអ្នកការពារក្តីដ៏សកម្មជូន លោក សម រង្ស៊ី និងអតីតសកម្មជនផ្សេងទៀតរបស់អតីតបក្សប្រឆាំង។

 

 

លោក ហែម សុជាតិ មេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំង៤នាក់ ដែលបានដាក់ពាក្យលាឈប់ពីការការពារក្តីជូន លោក កឹម សុខានេះ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការលាឈប់របស់មេធាវីទាំង៤នាក់ គឺធ្វើឡើងតាមការស្នើសុំ និងសេចក្តីចង់បានរបស់លោក កឹម សុខា កាលពីប៉ុន្មានថ្ងៃមុន។ ប៉ុន្តែទោះជាយ៉ាងណា លោកមិនដឹងអំពីមូលហេតុ ដែលនាំឱ្យលោក កឹម សុខា សម្រេចចិត្តបែបនេះទេ។

លោកបានអះអាងទៀតថា បន្ទាប់ពីលោកទាំង៤នាក់ លាឈប់ហើយនោះ លោក កឹម សុខា ក៏នៅមានមេធាវីការពារក្តីជូនចំនួន៤នាក់ផ្សេងទៀត ក្នុងនោះមាន លោក ផែង ហេង, លោកស្រី ម៉េង សុភារី និងលោក ចាន់ ចេងជាដើម។

 

 

ការសម្រេច ឱ្យមេធាវីទាំង៤នាក់ដែលធ្លាប់ស្និទ្ធនឹងសម រង្ស៊ី លាឈប់ពីការការពារក្តីឱ្យលោក កឹម សុខា ពេលនេះ ក៏ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីទាំងនោះ បង្ហាញអំពីការអស់លទ្ធភាព ក្នុងការតតាំងផ្លូវច្បាប់ ហើយជំរុញឱ្យមានការចរចានយោបាយ ស្របតាមគំនិតរបស់លោក សម រង្ស៊ី នាពេលកន្លងមក ដែលក្រុមរបស់ លោក កឹម សុខា ពុំគាំទ្រឱ្យមានការចរចានយោបាយនេះឡើយ។

លោក ហែម សុជាតិ ធ្លាប់បានលើកឡើងដោយស្នើឲ្យ​អ្នក​នយោបាយខ្មែរ​វិល​មក​រក​តុ​ចរចា​ឡើង​វិញ នៅ​អំឡុង​ពេល​មុន ឬ​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ លោកជឿថា ការ​ចរចា​ផ្នែក​នយោបាយ​ គឺ​ជា​ជម្រើស​មួយ​ល្អ​ជាង​ការ​តតាំង​ផ្នែក​ច្បាប់​ទៅ​ទៀត។

 

 

ទោះជាយ៉ាងនេះក្តី នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានបញ្ជាក់ជំហរថា សម្តេចមិនចរចានយោបាយណាមួយជាមួយជនក្បត់ជាតិសម រង្ស៊ីនោះទេ។ ជាមួយគ្នានេះ សម្តេចក៏បានប្រកាសដែរថា នៅកម្ពុជាគ្មានវិបត្តិនយោបាយណាមួយកើតឡើងឡើយ៕

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/85041-2018-04-24-11-11-32.html

 

Facebook Comment

Related Articles